Friday, January 9, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងអារ៉ាប៊ីសាអូឌីត គូសបញ្ជាក់ពីការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរជូនចំពោះឯកឧត្តមឯកអគ្គរាជទូត ដែលបានបញ្ចប់អាណត្តិបេសកកម្មការទូតដោយជោគជ័យ និងបានសរសើរចំពោះការរួមចំណែកដ៏មានតម្លៃរបស់ឯកឧត្តម ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត។

ភាគីទាំងពីរបានស្វាគមន៍ចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី ដោយបានគូសបញ្ជាក់ពីការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ និងទំនាក់ទំនង រវាងប្រជាជន និងប្រជាជន។ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងអាណត្តិរបស់ឯកឧត្តម។ ជាមួយគ្នានេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរាជទូតថ្មីអារ៉ាប៊ីសាអូឌីត ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×