ទីតាំងប្រាសាទភ្នំដា និងអង្គរបុរី ត្រូវបានក្រសួងវប្បធម្ម និងវិចិត្រសិល្បៈ ចាប់ផ្ដើមចេញដំណើរសន្សឹមៗក្នុងការឆ្ពោះទៅចុះបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូហើយ ដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចត្រិសិល្បៈ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងលើកទី១ ស្ដីពីការរៀបចំឯកសារសម្រាប់ដាក់បញ្ចូល កាលពីរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង។
កិច្ចប្រជុំ មានការចូលរួមពីសមាភាពនៃក្រសួង និងស្ថាប័នចំនួន១១ ដែលមាន រដ្ឋលេខាធិការតំណាងក្រសួងពាក់ព័ន្ធ និងការចូលរួមពីអភិបាលខេត្តតាកែវ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីណែនាំសមាសភាពក្រុមកាងារ និងស្តាប់របាយការណ៍បច្ចុប្បន្នភាពនៃការដាក់បញ្ចូលស្ថានីយភ្នំដា និងអង្គរបុរី ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូនាពេលខាងមុខ។
លោក ស៊ុ ម៉ាប់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ បានឲ្យដឹងថា ដំណើរការស្នើនៃការរៀបចំឯកសារដាក់បញ្ចូល ភ្នំដា និងអង្គរបុរី ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ ត្រូវចំណាយពេលបន្តទៀត ជាពិសេសការកំណត់ទីតាំង ដែលត្រូវការពារ។
សូមជ្រាបថា ប្រាសាទភ្នំដា ស្ថិតក្នុងខេត្តតាកែវ គឺជាប្រាសាទមួយ ស្ថិតក្នុងបញ្ជីត្រៀមរបស់កម្ពុជា សម្រាប់ដាក់ស្នើជាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក ក្នុងចំណោមស្ថានីយ៍សំខាន់ៗចំនួន៧ ដូចជា : សារមន្ទីរទួលស្លែង (ដាក់ជាកញ្ចប់ជាមួយបឹងជើងឯក និងមន្ទីរម១៣) ប្រាសាទបន្ទាយឆ្មារ ភ្នំឧត្តុង្គ ភ្នំគូលែន ព្រះខ័នស្រុកកំពង់ស្វាយ និងប្រាសាទបេងមាលា ជាដើម។
តាមការស្រាវជ្រាវ និងពិនិត្យមើលជាក់ស្ដែង ប្រាសាទភ្នំដា មានរូបរាងល្អ និងសាងសង់ឡើងរាង៤ជ្រុង សង់ពីថ្មបាយក្រៀម និងថ្មភក់ បែរមុខទៅទិសខាងជើង, ក្នុងអំឡុងសតវត្សទី១១ សម័យអង្គរ បានសង់ពីលើប្រាសាទដ៏ចំណាស់មួយ ដែលមានអាយុកាលពីសម័យហ្វ៊ូណនមកម៉្លេះ។ ម្យ៉ាងវិញទៀត ក្នុងចំណោមរចនាប័ទ្មខ្មែរទាំង១៣ រចនាប័ទ្មប្រាសាទភ្នំដា គឺជារចនាប័ទ្មដំបូងរបស់ខ្មែរ ពោលគឺ ជារចនាប័ទ្ម ដែលត្រូវបានបង្កើតឡើងក្នុងសម័យអាណាចក្រភ្នំ ឬហ្វ៊ូណន ដែលគេរាប់ចាប់ពីសតវត្សទី១ ដល់សតវត្សទី៦៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN









