Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ដើម្បីទប់ស្កាត់អំពើឆបោក កេងប្រវ័ញ្ច តាមប្រព័ន្ធបច្ចេកវិទ្យា យើងត្រូវប្រើយន្ដការ ច្បាប់បទដ្ឋានគតិយុត្ត និងការអប់រំផ្លូវចិត្តក្នុងតម្លៃខ្លួនជាមនុស្សសុចរិត 

ក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានលើកឡើងថា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារីកចម្រើនវិវឌ្ឍន៍ទៅមុខលឿនរហ័ស មិនអាចរាំងខ្ទប់បានឡើយ ដូច្នេះដើម្បីការពារភាពឆបោក កេងប្រវ័ញ្ច ដោយការប្រើបច្ចេកវិទ្យាជាមធ្យោបាយ គឺយើងត្រូវប្រើច្បាប់រដ្ឋ និងការគ្រប់គ្រងផ្លូវចិត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាប, មានន័យថា យើងប្រើច្បាប់បទដ្ឋានគតិយុត្ត នៃព្រហ្មទណ្ឌផ្នែកអាណាចក្រ , និងការអប់រំផ្លូវចិត្តក្នុងតម្លៃខ្លួនជាមនុស្សសុចរិត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលឹករឿងមួយថ្មីៗនេះថា ថ្ងៃមុនខ្ញុំបានចូលរួមសំណេះសំណាល អាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន ក្នុងទិវាសេរីភាពសារព័ត៌មាន គេបានលើកពីកង្វល់ថា ត្រូវធ្វើបែបណា ដើម្បីគ្រប់គ្រងការវិវត្តន៍ជឿនលឿននៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារីក  AI ព្រោះការជឿនលឿននេះ ជាការបើកច្រកនៃការកេងប្រវ័ញ្ច ពីជនមួយចំនួនតាមបច្ចេកវិទ្យា។ ដោយមានអ្នកខ្លះបង្កើតរូបភាពដើរបោកប្រាស់លុយ, អ្នកខ្លះទៀតបង្កើតរូបភាពកាត់.ត អសីលធម៌ផ្សេងៗ បង្កបង្កើតឲ្យមានភាពយល់ច្រឡំ ច្របូកច្របូល ក្នុងនោះ សូម្បីថ្នាក់ដឹកនាំពិភពលោកមួយចំនួន ក៏បានចាញ់បោកបច្ចេកវិទ្យា AI នេះដែរ ។

សម្តេចមហាបវរធិបតី បន្ដថា តើត្រូវយ៉ាងណា ដើម្បីគ្រប់គ្រងបញ្ហានេះ ដែលបង្កឡើងកាន់តែគ្រោះថ្នាក់នេះ ព្រោះមនុស្សនៅសហរដ្ឋអាមេរិក មនុស្សនៅអាហ្វ្រិច អាចមកបំផ្លាញមនុស្សនៅភ្នំពេញ ឬសិង្ហបុរីបានត្រឹមរយៈពេលមួយភ្លែតប៉ុណ្ណោះ ដោយសារតែការបោកបញ្ឆោតតាមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានេះ,  បច្ចេកវិទ្យាកាន់តែជឿនលឿន AI កាន់តែដូចពិតៗ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាការពិត ការវិវត្តន៍ជឿនលឿនអាចនឹងមានគ្រោះថ្នាក់  ប៉ុន្ដែ តើដើម្បីជៀសវាងគ្រោះថ្នាក់ យើងបិទចោលឬទេ ? ចម្លើយ គឺអត់ទេ យើងមិនអាចបិទវិទ្យាសាស្រ្ដមិនឲ្យដើរទៅមុខបាននោះទេ ប៉ុន្ដែអ្វីដែលសំខាន់នោះ គឺមានកត្តាសំខាន់ ២យ៉ាង ក្នុងការទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់ធំៗ រួមមាន : ១. ច្បាប់បទដ្ឋានគតិយុត្ត ក្នុងផ្នែកអាណាចក្រ , ២. កត្តាសំខាន់ដែលមានឥទ្ធិពលបំផុតគឺ ការអប់រំ ការទទួលខុសត្រូវ និងតម្លៃក្នុងខ្លួនរបស់មនុស្ស ដែលប្រកាន់យកសុចរិតភាព៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN

×