រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៨ សីហា ២០២៥ ដោយមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ។
មុនឈានចូលដល់កិច្ចពិភាក្សា អង្គភាពជំនាញបានរាយការណ៍ជូនអង្គប្រជុំទាំងមូល អំពីវឌ្ឍនភាពនៃការងារត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៨ សីហា ២០២៥ ដែលក្នុងនោះរួមមាន ៖ (១). ការកំណត់សម័យប្រឡងនិងប្រតិទិនសំខាន់ៗ (២).ការរៀបចំផែនការសកម្មភាពឆ្ពោះទៅកាន់ការប្រឡង៖ គោលការណ៍ប្រឡង និងនីតិវិធីប្រឡង, ការផលិតបញ្ជីឈ្មោះបេក្ខជន និងសលាកបត្រឯកត្តជន, ការកំណត់មណ្ឌលប្រឡង និងទីតាំងសម្រាប់បំពេញការងារប្រឡង, ការរៀបចំ ការផលិត និងគ្រប់គ្រងប្រធានវិញ្ញាសាប្រឡង , ការរៀបចំគណៈមេប្រយោគ និងគណៈកម្មការនានា, ការទំនាក់ទំនងអន្តរក្រសួង ស្ថាប័ន, សម្ភារៈបរិក្ខារ និងថវិកាប្រឡង,ការរៀបចំយន្តការធានាសុខសុវត្ថិភាពសុខភាពពេលប្រឡង និងការរៀបចំកន្លែងសម្រាប់ដំណេីរការប្រឡង (៣).ការត្រៀមរៀបចំយន្តការកំណែ។
ដើម្បីជំរុញប្រសិទ្ធភាពការងារ និងធានាឱ្យបាននូវដំណើរការប្រឡងប្រកបដោយភាពរលូន សុក្រឹតភាព យុត្តិធម៌ និងតម្លាភាព ស្របតាមគោលការណ៍ “អ្នកចេះ គឺជាប់” ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួនជូនក្រុមការងារជំនាញដើម្បីអនុវត្តបន្តដូចជា ការពង្រឹងយន្តការ និងសម្របសម្រួលដល់ការបន្ថែមបេក្ខភាពបេក្ខជនក្នុងការប្រឡងនិង ប្រុងប្រៀបជានិច្ចចៀសវាងទឹកជន់លិចនៅរដូវវស្សា ដោយសារជំនន់ទឹកភ្លៀងនាពេលខាងមុខ។ យ៉ាងណាមិញ គប្បីពង្រឹងយន្តការត្រួតពិនិត្យដំណាក់កាលកំណែទាំងការបែងចែកសន្លឹកកិច្ចការ កាត់ក្បាលសន្លឹកកិច្ចការ និងពេលកំណែ ត្រូវមានភាពច្បាស់លាស់ ដោយប្រធានក្រុមមុខវិជ្ជាត្រូវណែនាំលម្អិតពីដំណេីរការ។ រីឯដំណេីរការនៃការបូកស្រង់ពិន្ទុ នាយកដ្ឋានជំនាញត្រូវមានកម្រងភារកិច្ច និងបែងចែកនូវលំហូរនៃសកម្មភាពឱ្យបានច្បាស់លាស់។
សាជាថ្មីម្ដងទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារទាំងអស់ដែលបានខិតខំក្នុងការបំពេញភារកិច្ចតាមតួនាទី និងឆ្ពោះទៅកាន់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខប្រកបដោយភាពជោគជ័យ និងក្រោមស្មារតី”អ្នកចេះ គឺជាប់”៕ រក្សាសិទ្ធដោយ៖សុទ្ធលី





