រាជធានីភ្នំពេញ៖ នាថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក បានអញ្ជើញធ្វើដំណើរចាកចេញពីមាតុភូមិកម្ពុជា តាមរយៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ទឹកដីនៃសហរដ្ឋអាម៉េរិក ដើម្បីបំពេញបេសកកម្ម ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជុំវិញការងារចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់នៅរដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាម៉េរិក ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ។
បេសកម្មនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីជំនួបពិភាក្សាការងារតាមរយៈប្រព័ន្ធវីដេអូ(Zoom) ចំនួនពីរលើក រវជាមួយភាគីតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (United States Trade Representative – USTR)។ ជំនួបលើកទី១ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការ ក.អ.ក. ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដោយមានការចូលរួមពី លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានជួបប្រជុំពិភាក្សាតាមប្រព័ន្ធZoom ជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក។ កិច្ចប្រជុំលើកទី១នេះ ជាការឆ្លើយតបទៅនឹងលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន ឯកឧត្តម Donald J. Trump ប្រធានាធិបតី នៃសហរដ្ឋអាម៉េរិក ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដែលបានបង្ហាញពីសុឆន្ទៈសុំបើកការចរចាពាណិជ្ជកម្ម ជាមួយសហរដ្ឋអាម៉េរិក។ ជាកិច្ចបន្ត ជំនួបលើកទី២ត្រូវបានប្រព្រឹត្តទៅកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក.អ.ក. ដោយបានជួបប្រជុំពិភាក្សាតាមប្រព័ន្ធ Zoom ជាមួយ លោកជំទាវ Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក និងបានផ្តោតសំខាន់លើវឌ្ឍនភាពការងារ និងការត្រៀមលក្ខណៈសម្រាប់ការចរចាដោយផ្ទាល់ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិ។
បច្ចុប្បន្នភាគីកម្ពុជា តាមរយៈក្រុមការងារចំពោះកិច្ច បានត្រៀមលក្ខណៈរួចរាល់គ្រប់ជ្រុងជ្រោយ ក្នុងការចូលរួមក្នុងកិច្ចចរចាទ្វេភាគីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការដោយបើកទូលាយ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងន័យស្ថាបនា និងផលិតភាពជាមួយភាគីអាម៉េរិក ដើម្បីឆ្ពោះទៅសម្រេចឱ្យបាននូវទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីដែលមានភាពស៊ីជម្រៅ ប្រកបដោយសមធម៌ និងតុល្យភាព សំដៅលើកកម្ពស់ឧត្តមប្រយោជន៍ទៅវិញទៅមក តាមរយៈទំនាក់ទំនងពាណិជ្ជកម្មដ៏សំខាន់មួយនេះ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងនីតិវិធីបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងជំរុញការអនុវត្តច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ប្រកបដោយតម្លាភាពសម្រាប់ការនាំចេញទំនិញមួយចំនួន ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក តាមរយៈការដាក់ចេញនូវប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយក្រសួងពាណិជ្ជកម្ម និង ប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។
គួររម្លឹកដែរថា៖ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម Donald J. Trump ប្រធានាធិបតី នៃសហរដ្ឋអាម៉េរិក បានប្រកាសចេញនូវការអនុវត្តពន្ធគយបដិការទៅលើជាង ១៨០ប្រទេស នៅទូទាំងពិភពលោក ដោយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ត្រឹមរយៈពេល ២ថ្ងៃប៉ុណ្ណោះ ក្រោយការប្រកាសខាងលើ ពោលគឺនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតផ្លូវការទៅកាន់ ឯកឧត្តមប្រធានាធិបតីអាម៉េរិក បង្ហាញអំពីការប្តេជ្ញាចិត្តលើកកម្ពស់ការនាំចូលផលិតផលរបស់សហរដ្ឋអាម៉េរិក ជាមួយនឹងការកាត់បន្ថយភ្លាមៗនូវពន្ធគយសម្រាប់ផលិតផលចំនួន ១៩ប្រភេទ ពីអត្រាពន្ធចងកាតព្វកិច្ច (Bound Rate) អតិបរមា ៣៥% មកត្រឹមអត្រាពន្ធអនុវត្តន៍ ៥% (Applied Rate) និងការប្តេជ្ញាចិត្តយ៉ាងពេញលេញរបស់កម្ពុជា ក្នុងការចូលរួមកិច្ចសន្ទនាប្រកបដោយការស្ថាបនា និងផលិតភាពជាមួយរដ្ឋាភិបាលអាម៉េរិក។ នៅថ្ងៃដដែល លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានផ្ញើលិខិតផ្លូវការទៅកាន់ ឯកឧត្តមអគ្គរដ្ឋទូតតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក បញ្ជាក់អំពីការប្តេជ្ញាចិត្តនេះម្តងទៀតផងដែរក្នុងនាមស្ថាប័នជំនាញ។
បន្ទាប់មកនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចលេខ ៥២ សសរ ស្តីពី ការបង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ដែលត្រូវបានរៀបចំឡើងក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយការគិតគូរវែងឆ្ងាយច្បាស់លាស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី សំដៅរៀបចំ និងជំរុញការបើកការចរចាជាមួយភាគីពាក់ព័ន្ធរបស់សហរដ្ឋអាម៉េរិក អំពីការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) រវាងប្រទេសទាំងពីរ ពិសេសគឺពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែមានភាពប្រសើរឡើង៕រក្សាសិទ្ធដោយ៖សុទ្ធលី









