ខេត្តសៀមរាប ៖ លោកតុប ផាណារិន ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្នលោក ឧត្ដមសេនីយ៍ត្រី សម្បត្តិ កុសល ដាក់ពន្ធនាគារខេត្តសៀមរាប ក្រោមបទចោទប្រកាន់៣បទល្មើស គឺពីបទ ប៉ុនប៉ងសូកប៉ាន់, ពីបទ ប្តឹងបរិហារដោយភូតកុហកនិងពីបទ សូកប៉ាន់។
បានឃើញ ដីកាសម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្នលេខ ៥៤៥ ផសព/ឍ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៥ របស់សាលាដំបូងខេត្តសៀមរាប ដែលបានសម្រេច
ឃុំខ្លួនឈ្មោះសម្បត្តិ កុសល ភេទប្រុស អាយុ៤១ឆ្នាំ កើតថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៤ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីកន្លែងកំណើតសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្រិតវប្បធម៌ បរិញ្ញាបត្រផ្នែកគ្រប់គ្រង មុខរបរ មន្ត្រីនគរបាល នៃនាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឪពុកឈ្មោះ ឯក សម្បត្តិ រស់/ជាស្លាប់ ម្តាយឈ្មោះ ទូច សុហ៊ាន រស់ ស្លាប់ ប្រពន្ធឈ្មោះ វាំង ភិរម្យ នារស់ ស្លាប់ (លែងលះ) មានកូន០១នាក់ ប្រវត្តិនៃការផ្តន្ទាទោសដោយតុលាការ-គ្មាន ពីបទ ប៉ុនប៉ងសូកប៉ាន់ ប្រព្រឹត្តនៅខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌ ដែលចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ២៧ និង មាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ, ពីបទ ប្តឹងបរិហារដោយភូតកុហក ប្រព្រឹត្តនៅខេត្តសៀមរាប កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤១ នៃច្បាប់ស្តីពីការ ប្រឆាំងអំពើពុករលួយ និងពីបទ សូកប៉ាន់ ប្រព្រឹត្តនៅហាងកាហ្វេ Brown Riverside (សាខាមាត់ទន្លេ) រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ ជាបណ្តោះអាសន្ន។
លោកចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាបបង្គាប់ឱ្យប្រធានពន្ធនាគារខេត្តសៀមរាប ឃុំខ្លួនជនត្រូវចោទជាបណ្តោះអាសន្នឱ្យបានសម្រេចតាម ដីកាបង្គាប់នេះ។រក្សាសិទ្ធដោយ៖សុទ្ធលី



