ភ្នំពេញ ៖ ឯកឧត្តមអគ្គិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសារលិខិតជូនពរ
ផ្ញើជូនកងកម្លាំងនគរបាលជាតិក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ ក្រោមស្នាព្រះហស្តដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” អង្គប្រតិបត្តិច្បាប់មួយបានចាប់បដិសន្ធិ និងត្រូវ បានប្រសិទ្ធនាមថា “នគរបាលជាតិ” ដែលមានតួនាទីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ដែលគិតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ កងកម្លាំងដែលពោរពេញដោយសក្តានុពល និងឧត្តមភាពនេះ មានអាយុកាលគម្រប់ ៨០ឆ្នាំហើយ។
ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងថា តាងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមចូលរួមអបអរសាទរដោយក្តី ស្មោះស្ម័គ្រចំពោះទិវាជាប្រវត្តិសាស្ត្រនេះ និងសូមសម្តែងនូវមនោសញ្ចេតនាស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅ ផ្តាំផ្ញើនូវការសាកសួរសុខទុក្ខជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស ព្រមទាំង និវត្តន៍ជននគរបាលជាតិទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុសុខសន្តិភាព សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម។ ទន្ទឹមនេះខ្ញុំក៏សូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខដល់មន្ត្រីនគរបាលជាតិ ដែលមានជំងឺ ឬរបួស កំពុងសម្រាកព្យាបាលនៅតាមគេហដ្ឋាន មណ្ឌលសុខភាព និងមន្ទីរពេទ្យ សូមឆាប់ ជាសះស្បើយ បានវិលត្រឡប់មករួមរស់ជួបជុំក្រុមគ្រួសារ មិត្តភក្តិ សហការី និងបានចូលបម្រើការងារនៅ តាមអង្គភាពវិញ។
ឯកឧត្តម បានបន្តទៀតថា រហូតមកដល់បច្ចុប្បន្ននេះ ស្ថានការណ៍ជារួមនៃសកលលោក ពុំទាន់មានសញ្ញាវិជ្ជមានច្បាស់លាស់ ណាមួយ ដែលអាចបង្ហាញអំពីភាពធូរស្រាលនៃការឈានទៅរកស្ថិរភាព និងសណ្តាប់ធ្នាប់ជាសកលនៅឡើយ។ ប៉ុន្តែក្នុងបរិបទបែបនេះ ព្រះរាជាណាចក្រកម្ពុជានៅតែបន្តរក្សាបានយ៉ាងរឹងមាំនូវសុខសន្តិភាព ខឿនឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងស្ថិរភាពសន្តិសុខផ្ទៃក្នុង បណ្តាគោលដៅនយោបាយ ការទូត វប្បធម៌សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ ក៏ដូចជាព្រះរាជបេសកកម្មរបស់ព្រះមហាក្សត្រ បេសកកម្មរបស់ឥស្សរជន ជាន់ខ្ពស់ គណៈប្រតិភូជាតិ-អន្តរជាតិ ព្រឹត្តិការណ៍សំខាន់ៗជាប្រវត្តិសាស្ត្រ ព្រមទាំងសកម្មភាពជីវភាពសង្គម ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព។ សមិទ្ធផលដ៏ធំធេងទាំងនេះ បានកើតឡើងពីការរួមចំណែកធ្វើពលិកម្ម មិនអាចខ្វះបានរបស់កងកម្លាំងនគរបាលជាតិ ដែលជាផ្នែកយ៉ាងសំខាន់ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាមាន មូលដ្ឋានកាន់តែរឹងមាំថែមទៀត ក្នុងដំណើរការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព ដែលជាការលើក ស្ទួយកិត្តិយស និងកិត្យានុភាពជាតិឱ្យខ្ពស់ត្រដែតលើផ្ទៃរាបអន្តរជាតិ និងបានឆ្លុះបញ្ចាំងអំពីភាពម្ចាស់ការ ប្រកបដោយថាមពលក្នុងការពង្រឹងវិស័យសន្តិសុខ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ខ្ញុំសូមសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះកិច្ច ខិតខំប្រឹងប្រែងមិនចេះនឿយហត់ ប្រកបដោយឆន្ទៈ និងមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តមរបស់កងកម្លាំង នគរបាលជាតិ ក្នុងការចាត់តាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវច្បាប់ បទដ្ឋានគតិយុត្ត ក៏ដូចជាគោល នយោបាយ យុទ្ធសាស្ត្រសំខាន់ៗ គោលការណ៍ បទបញ្ជា និងវិធានការនានា ដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។
ឆ្នាំ២០២៥ ក៏ដូចជាបណ្តាឆ្នាំខាងមុខ សភាពការណ៍សកលលោកនៅតែបន្តស្ថិតក្នុងស្ថានភាព ស្មុគស្មាញ ប្រែប្រួលមិនអាចប៉ាន់ស្មានបាន អាស្រ័យដោយកត្តាសកម្មភាពប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងឧត្តមភាពយោធារបស់មហាអំណាច ការធ្វើសង្គ្រាម ជម្លោះជនជាតិ សាសនានៅតាមតំបន់ជាច្រើន ទន្ទឹម នឹងការកើនឡើងនូវសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសបច្ចេកវិទ្យា ពិតជាបង្ក ផលប៉ះពាល់ ទោះតិច ឬច្រើនដល់ព្រះរាជាណាចក្រកម្ពុជា។
ដោយឡែកនៅក្នុងប្រទេស យើងមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មាតុភូមិកម្ពុជានឹងបន្តបោះជំហានរីកចម្រើន យ៉ាងរឹងមាំ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ ស្ថានភាពសង្គមនឹងមានការ ប្រសើរថែមទៀតលើគ្រប់វិស័យ។ ក៏ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងនៅមានបញ្ហាសេសសល់ និងបញ្ហាប្រឈម មួយចំនួនដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ខឿនសន្តិសុខជាតិ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ជាពិសេសឧបាយកលពិសពុលរបស់មជ្ឈដ្ឋានប្រឆាំង ដែលនៅតែចិញ្ចឹមមហិច្ឆតាផ្តួលរំលំ រាជរដ្ឋាភិបាលតាមរបៀបបដិវត្តពណ៌ សកម្មភាពបទល្មើសលួច ឆក់ ប្លន់ ការចរាចរ ជួញដូរគ្រឿងញៀន ខុសច្បាប់ ការជួញដូរមនុស្ស ពិសេសការលេចឡើងនូវសកម្មភាពឆបោកតាមប្រព័ន្ធអ៊ីនធើណេត។ល។ ដែលបញ្ហាទាំងនេះទាក់ទងសំខាន់ចំពោះតួនាទីភារកិច្ចរបស់កងកម្លាំងនគរបាលជាតិ។ ដូចនេះកងកម្លាំង នគរបាលជាតិគ្រប់ជាន់ថ្នាក់
ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចក្នុងការបំពេញភារកិច្ច ប្រកបដោយ មនសិការវិជ្ជាជីវៈ ដើម្បីរួមគ្នាការពារសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការពារសមិទ្ធផលជាតិ លើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ ព្រមទាំងបម្រើប្រជាពលរដ្ឋដោយភក្ដីភាព។ ខ្ញុំមានសេចក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា កងកម្លាំង នគរបាលជាតិទាំងអស់នឹងបន្តអភិវឌ្ឍខ្លួន អភិវឌ្ឍអង្គភាព និងពង្រឹងការដឹកនាំ គ្រប់គ្រងឱ្យកាន់តែមាន ប្រសិទ្ធភាពថែមទៀត ពិសេសការបន្តអនុវត្តកំណែទម្រង់ និងការលើកកម្ពស់គុណធម៌ សីលធម៌ សមត្ថភាព ប្រតិបត្តិការ ដើម្បីសម្រេចនូវបេសកកម្មដ៏ថ្លៃថ្លាជាប្រវត្តិសាស្ត្ររបស់ខ្លួន ក្នុងនាមជាសេវាករបម្រើប្រជាពលរដ្ឋ និងជាបង្អែកយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងគ្រប់កាលៈទេសៈ។
ឆ្លៀតឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម បានឧទ្ទិសនូវកតញ្ញូកតវេទី ជូនចំពោះវិញ្ញាណក្ខន្ធបុព្វបុរស នៃកងកម្លាំងនគរបាលជាតិគ្រប់ជំនាន់ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ ប្រជាពលរដ្ឋ និងសង្គមជាតិ ព្រមទាំងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានអនុញ្ញាតឱ្យកូនចៅ ស្វាមី ភរិយា សាច់ញាតិ ចូលបម្រើក្នុងជួរកងកម្លាំងនគរបាលជាតិ និងបាន ជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់បេសកកម្មភាពរបស់នគរបាលជាតិ តាំងពីដើមរហូតមក៕ រក្សាសិទ្ធដោយ៖សុទ្ធលី



