ខេត្តព្រះសីហនុ ៖ (ដំណឹងបឋម) លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងជំនាញ របស់លោកបានស្រាវជ្រាវឈានដល់ការចាប់ខ្លួនជនសង្សយ័ជាជនជាតិចិនចំនួន ២នាក់ ដែលជាជនដៃដល់ធ្វើសកម្មភាពប្រើប្រាស់អាវុធបាញ់ជនជាតិចិនដូចគ្នា បណ្តាលឲ្យរងរបួសចំនួន៤នាក់ នៅក្រុងព្រះ សីហនុ កាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។
លោក ជួន ណារិន្ទ បន្តថា យុទ្ធនាការនោះ កម្លាំងនគរបាល បានដកបានកាំភ្លើងខ្លីចំនួន២ដើម។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បន្តថា ជនសង្ស័យទាំង២រូបខាងលើ នគរបាលនឹងបង្ហាញខ្លួន និង អត្តសញ្ញាណជាមួយវត្ថុតាងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨។
គួររំលឹកថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ជនសង្ស័យទាំង ២នាក់ខាងលើ បានបាញ់ប្រហារទៅលើជនជាតិចិន៤នាក់ ពេលកំពុងផឹកស៊ីនៅក្នុងហាង «ស៊ី ហ៊ូ»ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ បណ្តាលឲ្យរបួស៤នាក់ គឺរបួសលើដងខ្លួន និងជើង រួចបានគេចខ្លួនបាត់ ប៉ុន្តែពេលនេះត្រូវសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការផ្តន្ទាទោសតាមច្បាប់៕ ដោយ៖ ដែន សីមា