ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានដឹងថា កាលពីម៉ោងជិត ១យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន២នាក់ កំពុងដើរផ្សព្វផ្សាយចែកខិតប័ណ្ណ មានរូបអាសអាភាពបង្កប់ន័យបម្រើសេវាផ្លូវភេទ នៅចំណុចឆ្នេរអូរឈើទាល ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ។
ជនសង្ស័យទាំងពីរនាក់មានឈ្មោះ HUANG JI ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន (គ្មានលិខិតឆ្លងដែនជាប់ខ្លួន) និងឈ្មោះ XIA LU ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន (គ្មានលិខិតឆ្លងដែនជាប់ខ្លួន)។
សមត្ថកិច្ចនគរបាលឲ្យដឹងទៀតថា ក្រោយពីបានឃាត់ខ្លួន កម្លាំងជំនាញបានឈានទៅធ្វើការឆែកឆេរកន្លែងស្នាក់នៅ របស់ជន សង្ស័យ នៅហាងម៉ាស្យា យីហោ SPA ស្ថិតក្នុងក្រុមទី២ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ដោយបាននាំខ្លួនស្ត្រីជនជាតិចិនចំនួន១០នាក់ នៅក្នុងហាងម៉ាស្យា មកធ្វើការសាកសួរ និងដកហូតបានវត្ថុតាងរួមមាន៖
- -ខិតប័ណ្ណមានរូបអាសអាភាស ៧២ប្រអប់ (១ប្រអប់ស្មើនឹង៥០០សន្លឹក)
- -សៀវភៅកត់ត្រា ៣ក្បាល
- -ស្រោមអនាម័យមិនទាន់ប្រើចំនួន ៨០ស្រោម
- -ស្រោមអនាម័យប្រើរួចចំនួន ០៥ស្រោម
- -អាយផេត ម៉ាក Dinabook ១គ្រឿង
- -កាបូបដាក់ស្រោមអនាម័យ ចំនួន ៣
- -វិទ្យុទាក់ទងម៉ាក Magaband ចំនួន ៣គ្រឿង
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងស្ត្រីចំនួន ១០នាក់ ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរតាមនីតិវិធី នៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត៕ ដោយ ៖ ដែន សីមា