Wednesday, May 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិសចរាចរណ៍ និងមន្ត្រីកិច្ចសន្យា៤នាក់ ត្រូវបានហៅមកសួរនាំ ក្រោយឃាត់ម៉ូតូមួយគ្រឿងបានល្មើសផ្លាកសញ្ញាបត់ត្រឡប់ក្រោយ

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ថា: បន្ទាប់ពីមានការផ្សព្វផ្សាយបង្ហោះវីដេអូតាមបណ្តាញសង្គម ជុំវិញករណីមន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យាមួយក្រុមនៅគោលដៅស្តុបផ្សារដេប៉ូ បានចេញឃាត់ម៉ូតូ០១គ្រឿង បើកបរដោយស្ត្រីម្នាក់បានល្មើសផ្លាកសញ្ញាចរាចរណ៍បត់ត្រឡប់ក្រោយ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។

ពាក់ព័ន្ធករណីនេះ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានអញ្ជើញមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន០៤រូប នៅគោលដៅស្តុបផ្សារដេប៉ូ មកសួរនាំចំពោះការបង្ហោះករណីឃាត់ម៉ូតូ០១គ្រឿង ម៉ាក HONDA SCOOPY ពណ៌ស មិនចាំផ្លាកលេខ ខាងលើ។ តាមរយៈការបំភ្លឺមន្ត្រីទាំង០៤នាក់ ពិតជាបានចេញឃាត់ម៉ូតូប្រាកដមែន ដោយអ្នកបើករបរម៉ូតូខាងលើ បានល្មើសផ្លាកសញ្ញាបត់ត្រឡប់ក្រោយ។ ករណីនេះមន្ត្រីចរាចរណ៍មិនផាកពិន័យស្ត្រីដែលបើកបរម៉ូតូនោះទេ ដោយមន្ត្រីបានធ្វើការអប់រំណែនាំឱ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក។

គួរបញ្ជាក់ថា: តាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កន្លងមកគឺមិនអនុញ្ញាតឱ្យមន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីនគរបាលចរាចរណ៍ ពួនស្ទាក់ចាប់ឃាត់យានយន្តល្មើសច្បាប់ចរាចរណ៍នោះទេ ក្នុងករណីដែលមន្ត្រីអនុវត្តច្បាប់ចរាចរណ៍មិនអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមស្នងការ គឺនឹងរងទទួលការអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ។

ចំពោះមន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យា ទាំង០៤នាក់ខាងលើ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងធ្វើរបាយការណ៍រាយការណ៍ជូន ឯកឧត្តមស្នងការ ដើម្បីពិនិត្យ និងសម្រេច៕រក្សាសិទ្ធដោយ៖សុទ្ធលី

×