Wednesday, May 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ.ជ.ប ពង្រឹងសមត្ថភាពមន្ត្រីបោះឆ្នោត អំពីនីតិវិធីពាក់ព័ន្ធនឹងពាក្យបណ្តឹង ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥

សៀមរាប ៖ នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលខេត្តសៀមរាប គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបិទវគ្គបណ្តុះបណ្តាលប្រមូលផ្តុំតាមតំបន់ស្តីពី “ការពង្រឹង សមត្ថភាពមន្ត្រីបោះឆ្នោតអំពីនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុង ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥” ជូនដល់លេខាធិការដ្ឋាន ខេត្តរៀបចំការបោះឆ្នោត (ល.ខ.ប) និងក្រុមប្រឹក្សាសង្កាត់ទាំងអស់នៃក្រុងសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប។

នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ឯកឧត្តម ទេព នីថា បានថ្លែងថា កាលពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ គ.ជ.ប បានរៀបចំវគ្គបណ្តុះបណ្តាលជូនដល់ប្រធាន អនុប្រធាន និងអ្នក-បច្ចេកទេសនៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) តំណាងគណបក្ស នយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅទីស្តីការ គ.ជ.ប ស្តីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត” លើការងារទូទៅគ្រប់ជំនាញ ប៉ុន្តែវត្តបណ្តុះបណ្តាលនៅពេលនេះ មានលក្ខណៈពិសេស ដោយផ្តោតជាសំខាន់តែលើការងារជំនាញពាក់ព័ន្ធនឹងនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង ដែលរួមមាន ក្របខណ្ឌច្បាប់ បទបញ្ជា និងនីតិវិធី ព្រមទាំងវិធីសាស្ត្រក្នុងការធ្វើកំណត់ហេតុ ការចុះស៊ើបអង្កេតស្រាវជ្រាវ វិធីសាស្ត្រក្នុងការតាក់តែង សេចក្តីសម្រេច របៀបរបបនៃការប្រជុំសម្រេច និងរបៀបនៃការប្រើប្រាស់កម្មវិធីគ្រប់គ្រងសំណុំរឿង និងរបាយការណ៍ពាក់ព័ន្ធនឹងពាក្យបណ្តឹងក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ដោយផ្អែកតាមបទពិសោធន៍ និងករណីជាក់ស្តែងនាពេលកន្លងមក។

ឯកឧត្តមបានមានប្រសាសន៍ទៀតថា កាលពីឆ្នាំ២០២៤ គ.ជ.ប បានរៀបចំវគ្គបណ្តុះបណ្តាល ប្រមូលផ្តុំលើការងារជំនាញនេះចំនួន ២វត្តរួចមកហើយ គឺនៅខេត្តតាកែវ និង គ.ជ.ប ពិនិត្យឃើញថា វគ្គបណ្តុះបណ្តាលប្រមូលផ្តុំនេះ ពិតជាបានរួមចំណែកយ៉ាងខ្លាំងក្នុង ពង្រឹងចំណេះដឹង និងសមត្ថភាពរបស់មន្ត្រីបោះឆ្នោតថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនិងនីតិវិធីនៃការទទួល និងការដោះស្រាយពាក្យបណ្តឹង សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការ ដោះស្រាយពាក្យបណ្តឹងបានទាន់ពេលវេលា និងត្រឹមត្រូវតាមច្បាប់ កាត់បន្ថយជម្លោះ និងបង្កើន ការជឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធលើដំណើរការនៃការបោះឆ្នោត។ ឯកឧត្តមបានបន្តថា យោងតាម បទពិសោធជោគជ័យនេះ និងក្នុងគោលបំណងកសាង និងពង្រឹងសមត្ថភាពមន្ត្រីលេខាធិការដ្ឋាន រាជធានី ខេត្តរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាឃុំ សង្កាត់ ដែលទទួលការធ្វើប្រតិភូកម្មអំណាចពី គ.ជ.ប និងជាយន្តការថ្នាក់ដំបូងក្នុងការអនុវត្តនីតិវីធីទទួល និងដោះស្រាយពាក្យបណ្តឹងក្នុងដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ក្នុងឆ្នាំ២០២៥ នេះ ឯកឧត្តមប្រធាន គ.ជ.ប បានអនុញ្ញាតឱ្យអគ្គលេខាធិការដ្ឋាន គ.ជ.ប រៀបចំវគ្គបណ្តុះបណ្តាលប្រមូលផ្តុំចំនួន ២វគ្គ បន្តទៀត សំដៅលើកកម្ពស់គុណភាពបញ្ជីបោះឆ្នោតដែលជាឯកសារសំខាន់មិនអាចខ្វះបានក្នុងការ បោះឆ្នោត។

ឯកឧត្តមអគ្គលេខាធិការ គ.ជ.ប មានជំនឿយ៉ាងមុតមាំថា បន្ទាប់ពីទទួលបានការបណ្តុះបណ្តាល នេះហើយ ល.ខ.ប នីមួយៗ មានការយល់ដឹងកាន់តែច្បាស់អំពីច្បាប់ បទបញ្ជា និងនីតិវិធី បច្ចេកទេស ព្រមទាំងវិធីសាស្ត្រល្អៗពាក់ព័ន្ធនឹងនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹង សម្រាប់យកទៅអនុវត្តក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ និងឆ្នាំខាងមុខ ដើម្បីផ្សព្វផ្សាយ និងផ្តល់ការបណ្តុះបណ្តាលបន្តដល់មន្ត្រីក្រោមឱវាទ និងក្រុមប្រឹក្សាឃុំ សង្កាត់នៃខេត្តរបស់ខ្លួន សំដៅរួមចំណែកបង្កើនសមត្ថភាពមន្ត្រី និងបង្កើនការជឿទុកចិត្តពីគ្រប់ ភាគីពាក់ព័ន្ធ មកលើគុណភាពបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ និងឆ្នាំ២០២៦ ដែលនឹងត្រូវប្រើប្រាស់ សម្រាប់ការបោះឆ្នោតជាសកល ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបន្តធ្វើបច្ចុប្បន្នភាពតាមរយៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៧ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ ឆ្នាំ២០២៨ តាមការ កំណត់នៃច្បាប់។

វគ្គបណ្តុះបណ្តាលប្រមូលផ្តុំតាមតំបន់ដែលធ្វើឡើងរយៈពេល ១ថ្ងៃ នៅទីរួមខេត្តសៀមរាបនេះ មានការអញ្ជើញចូលរួមពីសិក្ខាកាមដែលជាប្រធាន ល.ខ.ប ប្រធានផ្នែកសេវាកម្មច្បាប់ និងបច្ចេកទេស ប្រធានផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ ជំនួយការសេវាកម្មច្បាប់ និងវិវាទកម្ម គ្រូបង្ហាត់ទ្រឹស្តីនៃ ល.ខ.ប បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ សៀមរាប ប៉ៃលិន ឧត្តរមានជ័យ និងក្រុមប្រឹក្សាសង្កាត់ទាំងអស់នៃក្រុងសៀមរាប សរុបប្រមាណ ១១៥នាក់ ហើយ គ.ជ.ប នឹងរៀបចំវគ្គបណ្តុះបណ្តាលដូចគ្នានេះនៅទីរួមខេត្តស្ទឹងត្រែង នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×