ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះ គណៈប្រតិភូក្រសួងសន្តិសុខសាធារណៈ របស់ប្រទេសចិន ដឹកនាំដោយ លោក Hu Binchen អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការ អន្តរជាតិ នៃសាធារណៈរដ្ឋប្រជាមានិតចិន បានមកបំពេញទស្សនកិច្ចផ្លូវការ នៅខេត្តព្រះសីហនុ។
ទស្សនៈកិច្ចនេះ គណៈប្រតិភូចិន បានចូលជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំ នៃគណៈស្នងការនគរបាលខេត្តព្រះសីហនុ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។
សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កិច្ចពិភាក្សាបានផ្តោតការយកចិត្តទុកដាក់ លើការងារសំខាន់ៗមួយចំនួន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាដើម្បីបង្កើនការយោគយល់ ផ្លាស់ប្ដូរព័ត៌មាន រវាងនគរបាលខេត្តជាំងស៊ូ និង នគរបាលខេត្តព្រះសីហនុ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តខេត្តព្រះសីហនុ បានរស្វាគមន៍ រីករាយ និងជម្រាបជូនប្រតិភូ អំពីសភាពការណ៍ទូទៅមួយចំនួន ក្នុងខេត្តព្រះសីហនុ ទាំងការងារអភិវឌ្ឍន៍និងសន្តិសុខជាដើម..។
លោក ជួន ណារិន្ទ បញ្ជាក់ថា ចំពោះបញ្ហាជនជាតិចិន មកវិនិយោគប្រកបរបររកស៊ី និងធ្វេីទេសចរណ៍ នៅខេត្តព្រះសីហនុ លោកស្នងការបានជំរាបជូនប្រតិភូថា ថ្នាក់ដឹកនាំ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជាគោលនយោបាយ របស់រាជរដ្ឋាភិបាល រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មិនឲ្យមានការរេីសអេីង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឡើយ ជនណាប្រព្រឹត្តខុសច្បាប់ ត្រូវទទួលទោសតាមច្បាប់ដូចៗគ្នា។
ចំណែក លោក Hu Binchen ប្រធានគណប្រតិភូ មានប្រសាសន៍ កោតសរសើរ ចំពោះការរីកចម្រើន របស់ខេត្តព្រះសីហនុ និង កោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលខេត្តព្រះសីហនុ ក្នុងការការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមកន្លងមកបានល្អប្រសើរ។
ជាមួយគ្នានេះ លោកHu Binchen សូមអញ្ជើញថ្នាក់ដឹកនាំនគរបាលខេត្តព្រះសីហនុ ទៅធ្វេីទស្សនកិច្ចនៅខេត្តជាំងស៊ូ ប្រទេសចិន នៅពេលឆាប់ៗខាងមុខនេះ ដើម្បីបន្តកិច្ចសហប្រតិបត្តិការ និង បង្កើនការយោគយល់ ផ្លាស់ប្ដូរចែករំលែកបទពិសោធន៍ទៅវិញទៅមកផងដែរ៕ ដោយ ៖ ដែន សីមា