លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានរំលេចឱ្យសាធារណជនដឹងថា គ្រោះថ្នាក់ចរាចរណ៍បុករះនៅលើកំណាត់ផ្លូវព្រះនរោត្តម ស្ថិតក្នុងទឹកដីសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបណ្តាលឱ្យជនរងគ្រោះម្នាក់ស្លាប់ និងរងរបួសធ្ងន់-ស្រាល ៥នាក់នោះ អ្នកបើករថយន្តដែលជាមន្ត្រីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។
អ្នកបើកឡានបុករះនៅមុខក្រសួងមហាផ្ទៃនេះ ត្រូវបានគេដឹងថា ជាប៉ូលិសស័ក្តិ៥ មានតួនាទី ជាប្រធានការិយាល័យភស្តុភារនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វរៈសេនីយ៍ឯក ហ៊ុន ហេង (បម្រើការងារចំកន្លែងប្រអប់សម្បូរលុយចាយ)។ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៣:៥៧នាទី ប៉ូលិសស័ក្តិ៥រូបនេះ បានបើករថយន្តរបស់ខ្លួនយ៉ាងលឿន ក្នុងស្ថានភាពស្រវឹងជោកជាំ ទៅបង្កគ្រោះថ្នាក់ចរាចរណ៍បុករះ នៅត្រង់ចំណុច ស្តុបក្រសួងមហាផ្ទៃ កែ្បរក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកំណត់ផ្លូវព្រះនរោត្តម ស្ថិតក្នុងទឹកដីសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា លោកវរៈសេនីយ៍ឯក ហ៊ុន ហេង បានបើកបររថយន្តម៉ាក LEXUS RX400H ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AO.2188 ក្នុងស្ថានភាពស្រវឹងជោកជាំ បានបុករះ ម៉ូតូកង់បីចំនួន ០៣គ្រឿង ម៉ូតូ ០១គ្រឿង និងរថយន្ត០១គ្រឿងទៀត ទើបទៅមុខលែងរួច, (ក្នុងព្រឹត្តិការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មានគេព្យាយាមលាក់ឈ្មោះ និងតួនាទី មុខងារ ជនបង្កពេកណាស់, គេគ្រាន់តែឱ្យដឹងថា ជាមន្ត្រីនគរបាលតែប៉ុណ្ណោះ ប៉ុន្តែដោយសារអ្នកកាសែតជាច្រើនអង្គភាព តែងតែជជីកឈ្លីកសួរអំពីឈ្មោះ និងតួនាទី ទើបបានគេព្យាយាមលាក់មិនឈ្នះ ក៏ត្រូវបានគេរំលេចឈ្មោះឱ្យដឹងតែម្ដងទៅ។
លោកវរៈសេនីយ៍ឯក ហ៊ុន ហេង បាទបញ្ជារថយន្តរបស់លោកប្រកបដោយសេរីភាពពេញទំហឹងនៅលើដងផ្លូវ ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងទិសដៅ ពីត្បូងទៅជើង លុះបើកមកដល់ចំណុចកន្លែងកើតហេតុខាងលើ បានបុករះពីក្រោយយានជាច្រើនគ្រឿង ដូចបានរៀបរាប់ខាងលើ ដែលធ្វើដំណើរស្របទិសគ្នា។ ហេតុការណ៍នេះ បង្កឱ្យមានមនុស្សស្លាប់ ០១នាក់ , រងរបួសធ្ងន់០២នាក់ និងរងរបួសស្រាល០៣ស្រាល។
មូលហេតុនៃគ្រោះថ្នាក់ គឺអ្នកបើកបររថយន្ត លោកវរៈសេនីយ៍ឯក ហ៊ុន ហេង បើកបរក្នុងល្បឿនលឿន និងស្ថានភាពស្រវឹងជោកជាំ ខ្វះការប្រុងប្រយ័ត្ន , ដំបូងត្រូវបានសមត្ថកិច្ចត្រួតពិនិត្យជាតិអាល់កុល មានជាតិស្រវឹង ០.៤៥ មីលីក្រាមក្នុង១លីត្រខ្យល់ (០.៤៥mg/L) ប៉ុន្តែក្រោយកសាងសំណុំរឿង និងក្រោយពេលសាកសួរនៅឯការិយាល័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួច ស្រាប់តែជាតិស្រវឹងរបស់ លោកវរៈសេនីយ៍ឯក ហ៊ុន ហេង ត្រឡប់មកនៅត្រឹម អត្រាជាតិអាល់កុល ០.៣៥mg/L ទៅវិញ… ធ្វើឱ្យមតិសាធារណជនឆ្ងល់ថា យី… ថា តម្លៃមាសទៅ មានឡើងចុះរាងលឿនបន្តិច តែនេះតម្លៃអាល់កុលសោះ ស្រាប់តែមកចុះតម្លៃលឿនបែបនេះ សូមសមត្ថកិច្ចពិនិត្យមើលទីផ្សារ និងតម្លៃទំនិញអាល់កុលឱ្យបានច្បាស់ផង។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បើតាមក្រុមអ្នកច្បាប់ដែលយល់ដឹងលើវិស័យច្បាប់ បានធ្វើការវិភាគលើបទល្មើសនេះថា បទល្មើស បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកដទៃ ស្លាប់ និងរបួស, តាមបទប្បញ្ញត្តិមាត្រា ៨៣ និងមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជនល្មើសប្រឈមនឹងការជាប់ពន្ធនាគារចន្លោះពី ៣ ទៅ ៥ ឆ្នាំ និងនៅមានសំណងជំងឺចិត្តផ្សេងទៀតប៉ុណ្ណោះ ព្រមទាំងប្រាក់សំណងជំងឺចិត្តផ្សេងៗទៀត ព្រោះថា ចៅក្រមនឹងធ្វើបុរេវិនិច្ឆ័យទៅលើភាពសាហាវនៃបទល្មើស ដូចជា អ្នកបើកបរបំពានច្បាប់តម្រូវឱ្យ , បើកបរខ្ជីខ្ជា មិនទ្រង់ប្រយ័ត្ន , ផឹកស្រាស្រវឹងជោកជាំ បំពានលើស្ថានភាពសន្តិសុខនៃការបើកបរ , ព្យ:នកម្មទៅដល់ជីវិតមនុស្ស និងវត្ថុផ្សេងៗ ហើយសម្រេចទោសដល់ជនបង្កបែបនេះ យ៉ាងច្រើនប៉ុណ្ណឹង គឺដាក់ពន្ធនាគារ ចន្លោះពីពី ៣ ទៅ ៥ឆ្នាំ និងប្រាក់សំណងជំងឺចិត្តផ្សេងៗទៀត។
ទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍ដូចរូបភាពខាងលើនេះដែរ ពលរដ្ឋភាគច្រើន បានលើកសំណូមពរទៅដល់ក្រុមអ្នកច្បាប់ តុលាការ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម មេត្តាពិនិត្យធ្វើវិសោធនកម្ម ឬបន្ថែមច្បាប់ ទៅលើបទល្មើស បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកដទៃ ស្លាប់ និងរបួស តាមបទប្បញ្ញត្តិមាត្រា ៨៣ និងមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យទៅជាបទល្មើសមួយមានស្ថានទម្ងន់ទោស ស្មើ ឬប្រហាក់ប្រហែល បទល្មើសឃាតកម្មដោយចេតនា មានចែងក្នុងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជាផង ប្រឈមនឹងការជាប់ពន្ធនាគារពី ១០ ទៅ ១៥ឆ្នាំ, ព្រោះថា អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ក្នុងរូបភាពខាងលើនេះ គេបានបំពានច្បាប់តម្រូវឲ្យរួចទៅហើយ, (ដឹងហើយថា ស្រវឹងត្រូវបានហាមបើកបរ, ចុះទម្រាំខ្លួនឯងជាមន្ត្រីប៉ូលីសទៀត យល់ដឹងពីច្បាប់ទម្លាប់ច្បាស់ណាស់ ហេតុម្ដេច ក៏នៅតែបើកបរបំពាន បុករះបណ្ដាលឱ្យមនុស្សស្លាប់ និងរងរបួសបែបនេះ) មានន័យថា
បើគេបានបំពានច្បាប់តម្រូវឱ្យរួចទៅហើយនោះ ក៏ស្មើនឹងការប្រព្រឹត្តបទល្មើសឃាតកម្មដោយចេតនាផងដែរ, ធ្វើបែបនេះ ដើម្បីពង្រឹងនីតិរដ្ឋសមធម៌សង្គម , កាត់បន្ថយការបើកបរខ្ជីខ្ជា , គ្រោះថ្នាក់ចរាចរណ៍ , កាត់បន្ថយការស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ និងធ្វើឱ្យអ្នកបើកបរមានការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងរាងចាលក្នុងការបណ្ដោយឱ្យខ្លួនប្រព្រឹត្តបទល្មើសក្នុងគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕ ពិសិដ្ឋ CEN




















