ភ្នំពេញ ៖ នៅពេលនេះ លោក តុល ចំរើន កំពុងធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណោមប្រជាពលរដ្ឋក៏ដូចអាជ្ញាធរមូលដ្ឋានស្ថិតនៅក្រុងកំពតខេត្តកំពតដែលពួកគាត់បានដឹងរឿងរ៉ាវច្បាស់អំពីបញ្ហាជម្លោះដីធ្លីរវាងលោក ម៉ែន ណារ៉ុង ជាមួយលោក តុល ចំរើន និងបក្សពួកខ្លួន។ អ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងនោះនៅត្រង់ថា ទាំងប្រជាពលរដ្ឋ និងអាជ្ញាធរខ្លះហាក់នៅតែមានចម្ងល់ជាច្រើនជុំវិញដំណោះស្រាយវិវាទដីធ្លីខាងលើនេះ ដែលនៅបន្តអនុញ្ញាតឱ្យជនរំលោភបំពានទ្រព្យសម្បត្តិអ្នកដទៃនៅតែគេចពីសំណាញ់ច្បាប់បានដដែល។

លោក តុល ចំរើន និងបក្សពួក កំពុងរងការចោទប្រកាន់ថា បានរំលោភកិច្ចសន្យា និងខ្លែងបន្លំឯកសារដើម្បីរំលោភបំពានយកដីរបស់លោក ម៉ែន ណារ៉ុង ជាច្រើនកន្លែងនៅខេត្តកំពត និងមានមួយកន្លែងនៅខេត្តកោះកុងផងដែរ។ តាមការលើកឡើងរបស់លោក ម៉ែន ណារ៉ុង ពី១ថ្ងៃទៅ១ថ្ងៃ សកម្មភាពរំលោភបំពានរបស់លោក តុល ចំរើន កាន់តែមានលក្ខណៈរីកធំឡើងជាលំដាប់ដោយជននោះមិនបានខ្វល់ខ្វាយទៅនឹងការប្រឈមចំពោះមុខច្បាប់នាពេលខាងមុខនោះទេ។ មិនតែប៉ុណ្ណោះ មិនត្រឹមតែមិនញញើតនឹងច្បាប់ លោក តុល ចំរើន ថែមទាំងងាកមកប្តឹងម្ចាស់ដីយ៉ាងគឃ្លើនទៅវិញ ដោយចោទប្រកាន់ម្ចាស់ដីថាជាអ្នកមិនគោរពច្បាប់ បំពានកិច្ចសន្យា ហើយបានទាមទារយកដីពីលោក ម៉ែន ណារ៉ុង ធ្វើជាកម្មសិទ្ធិរបស់ខ្លួនទៀតសោត។

បន្ទាប់ពីធ្វើការស្រាវជ្រាវតាមរយៈការពិនិត្យមើលលើឯកសារផង និងការធ្វើសម្ភាសន៍ម្ចាស់ដី និងភាគីពាក់ព័ន្ធជាច្រើននាក់ផង អង្គភាពសារព័ត៌មាន CEN បានរកឃើញ និងធ្វើការបង្ហាញអំពីដំណើរដើមហេតុដែលបង្កឱ្យកើតបញ្ហាជម្លោះដីធ្លីនេះឡើងដូចតទៅ៖
នៅចន្លោះឆ្នាំ២០០៦ ដល់ ឆ្នាំ២០០៩ លោក ម៉ែន ណារ៉ុង បានទិញដីពីប្រជាពលរដ្ឋនៅទីតាំងមួយចំនួននៅខេត្តកំពត និងកោះកុង។ ដីជាច្រើនកន្លែងត្រូវបានប្រមូលទិញដោយអ្នកតំណាងរបស់លោក ម៉ែន ណារ៉ុង ហើយដំណើរការទិញដីប្រព្រឹត្តទៅយ៉ាងរលូន។ ដើមឡើយ ក្រុមដើរទិញដីឱ្យលោក ម៉ែន ណារ៉ុង គឺភាគច្រើនជាអ្នកខ្សត់ខ្សោយផ្នែកជីវភាព នឹងត្រូវបានមិត្តភក្តិម្នាក់របស់លោក ម៉ែន ណារ៉ុង នែនាំឱ្យស្គាល់ និងស្នើសុំឱ្យលោក ម៉ែន ណារ៉ុង ជួយផ្តល់ឱកាសឱ្យមានការងារធ្វើផង។ ដោយមានការយោគយល់នឹងមិត្តភក្តិដែលធ្លាប់រាប់អានគ្នាជាច្រើនឆ្នាំនោះ លោក មែន ណារ៉ុង ក៏បានផ្តល់ឱកាសដល់មនុស្សប៉ុន្មាននាក់នោះឱ្យមានការងារធ្វើដោយចាំជួយដើរប្រមូលទិញដីជូនលោក ម៉ែន ណារ៉ុង ជាថ្នូរនឹងការផ្តល់ផលប្រយោជន៍ដល់ពួកគេ។ មុនដំបូងពួកគេមានភក្តីភាព និងបានគោរពតាមការចាត់តាំងរបស់លោក ម៉ែន ណារ៉ុង គ្រប់ៗគ្នាមិនបានបង្កបញ្ហាអ្វីដល់លោក ម៉ែន ណារ៉ុង ឡើយ។ ប៉ុន្តែក្រោយមកបន្តិច លោក ម៉ែន ណារ៉ុង បានជួបបញ្ហាផ្ទាល់ខ្លួនមួយដ៏ធំដែលត្រូវដោះស្រាយជាចាំបាច់ ហើយអំឡុងពេលនោះលោកបានចំណាយទាំងប្រាក់កាស និងពេលវេលាស្ទើរតែទាំងស្រុងផ្តោតលើការដោះស្រាយបញ្ហានោះ ដោយទុកការងាររកស៊ីដីធ្លីមួយអន្លើសិន។
ស្របពេលដំណាលគ្នាដែលលោក ម៉ែន ណារ៉ុង កំពុងមមាញឹកដោះស្រាយបញ្ហា លោកក៏ត្រូវការអ្នកចូលរួមជួយសម្របសម្រួលដោះស្រាយបញ្ហា ក្នុងគោលដៅឈានទៅបញ្ចប់បញ្ហាទាំងស្រុងតែម្តង។ ហើយភាពចៃដន្យ មានមិត្តភក្កិលោក ម៉ែន ណារ៉ុង ម្នាក់ទៀតឈ្មោះ អ៊ិម រតនា បាននែនាំឈ្មោះ តុល ចំរើន មកឱ្យលោក ម៉ែន ណារ៉ុង បានស្គាល់ហើយ ឈ្មោះ អ៊ិម រតនា បាននិយាយថា លោក តុល ចំរើន អាចចូលខ្លួនមកជួយសម្របសម្រួលដោះស្រាយបញ្ហាបាន ដោយលោក តុល ចំរើន ដើរតួនាទីជាអ្នកនៅកណ្តាលដើម្បីសម្របសម្រួលភាគីជម្លោះរវាងលោក ម៉ែន ណារ៉ុង នឹងភាគីម្ខាងទៀត។ ដោយទទួលបានការនែនាំពីមិត្តភក្តិ លោក ម៉ែន ណារ៉ុន ក៏បានយល់ព្រមអនុញ្ញាតឱ្យលោក តុល ចំរើន ចូលមកជួយកិច្ចការដោះស្រាយបញ្ហារបស់លោក នឹងឈានទៅធ្វើកិច្ចព្រមព្រៀងផ្ទៃក្នុងមួយរវាងលោក ម៉ែន ណារ៉ុង ជាមួយលោក អ៊ិម រតនា និងលោក តុល ចំរើន នៅដើមឆ្នាំ២០២១។ នៅក្នុងកិច្ចសន្យាជារួមបានឯកភាពឱ្យលោក តុល ចំរើន ឈរឈ្មោះតំណាងឱ្យលោក ម៉ែន ណារ៉ុង ដើម្បីធ្វើការចរចាជាមួយភាគីជម្លោះម្ខាងទៀត និងឈានទៅបញ្ចប់បញ្ហាឱ្យបានឆាប់ និងឱ្យលោក តុល ចំរើន ចូលរួមដោះស្រាយដីធ្លីដែលកំពុងមានវិវាទនៅទីតាំងមួយចំនួនឱ្យចប់សព្វគ្រប់ នៅពេលដោះស្រាយចប់ជាស្ថាពរលោក តុល ចំរើន នឹងទទួលការបែងចែកប្រយោជន៍ចំនួន៣០%នៃលទ្ធផលដែលសម្រេចបាន។
ហើយស្របពេលជាមួយគ្នា លោក ម៉ែន ណារ៉ុង ក៏បានប្រគល់សិទ្ធិឱ្យលោក តុល ចំរើន អាចមានសិទ្ធិចាត់ចែងទៅលើដីធ្លីរបស់លោកមួយចំនួននៅខេត្តកំពតដើម្បីបានប្រាក់កាសយកមកដោះស្រាយបញ្ហា។ ក្នុងនោះលោក ម៉ែន ណារ៉ុង ក៏បានធ្វើកិច្ចសន្យាទិញ-លក់ដីធ្លីរបស់លោកចំនួន២ទីតាំងនៅខេត្តកំពតជាមួយលោក តុល ចំរើន តបតាមការស្នើរបស់លោក អ៊ិម រតនា និងលោក តុល ចំរើន ដោយដីជាច្រើនទីតាំងផ្សេងទៀតមិនត្រូវយកមកធ្វើកិច្ចសន្យាទិញ-លក់ជាមួយលោក តុល ចំរើន នោះទេ។

ក្រោយពីទទួលបានសិទ្ធិ និងអ្វីគ្រប់យ៉ាយដែលលោក ម៉ែន ណារ៉ុង បានផ្តល់ជូនក្នុងកាតព្វកិច្ចឱ្យទៅដោះស្រាយបញ្ហាទាំងឡាយនោះ លោក តុល ចំរើន បានឱកាសក៏ចាប់ផ្តើមប្រព្រឹត្តទង្វើក្បត់តែម្តង ដោយបានទិញទឹកចិត្ត និងបញ្ចុះបញ្ចូលសហការីរបស់លោក ម៉ែន ណារ៉ុង ទាំងអស់ដូចជា លោក យ៉យ សារេត, លោក ស្រី គឹមស្រ៊ុន លោក ឆៃ ហុង និងមនុស្សមួយចំនួនទៀតឱ្យចូលដៃជាមួយដើម្បីរំលោភយកទ្រព្យលោក ម៉ែន ណារ៉ុង។ ពីពេលនោះមកលោក តុល ចំរើន បានចាប់ផ្តើមបំពានកិច្ចសន្យា និងប្រព្រឹត្តអំពើរំលោភយកដីខុសច្បាប់តែម្តង ថែមទាំងទៅចូលដៃ និងធ្វើការសហការជាមួយគូបដិបរបស់លោក ម៉ែន ណារ៉ុង ទៅវិញ។ មិនតែប៉ុណ្ណោះ លោក តុល ចំរើន បានដើរផ្សព្វផ្សាយព័ត៌មានមិនពិតទៅដល់អ្នកដែលស្គាល់លោក ម៉ែន ណារ៉ុង ទៅដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីគ្រប់លំដាប់ថ្នាក់ថា ខ្លួនទទួលបានសិទ្ធិគ្រប់យ៉ាងក្នុងការគ្រប់គ្រង និងចាត់ចែងដីធ្លីរបស់លោក ម៉ែន ណារ៉ុង ទាំងអស់ ប្រហាក់ប្រហែលនឹងអត្ថន័យថា ខ្លួនក្លាយជាម្ចាស់ថ្មីនៃដីធ្លីទាំងនេះទៅវិញ ក្នុងចេតនាបិទបាំងការពិត និងចង់ឱ្យមនុស្សទាំងអស់គ្នាងាកមកគាំទ្រទង្វើអាក្រក់របស់ខ្លួន។ តែតាមពិតអត្ថន័យនៅក្នុងកិច្ចសន្យាផ្ទៃក្នុងបានបញ្ជាក់យ៉ាងច្បាស់ហើយថា លោក ម៉ែន ណារ៉ុង បានប្រើឱ្យលោក តុល ចំរើន ធ្វើកិច្ចការសម្របសម្រួលជម្លោះ និងដោះស្រាយបញ្ហាដីធ្លីឱ្យចប់ជាស្ថាពរ រួចលោក តុល ចំរើន នឹងទទួលបានប្រយោជន៍៣០%នៃលទ្ធផលដែលបានដោះស្រាយជោគជ័យប៉ុណ្ណោះ មិនមែនបំពានកិច្ចសន្យាចង់ស៊ីដាច់ដីរបស់គេទាំងអស់ដូច្នេះទេ។

គ្រាន់តែចុះកិច្ចព្រមព្រៀងប្រគល់ការងារឱ្យធ្វើភា្លម បុគ្គល តុល ចំរើន បានយកគ្រឿងចក្រទៅឈូសឆាយដីមួយកន្លែង និងបានជីកយកអាចម៍ដីទៅលក់តាមទំនើងចិត្ត ធ្វើឱ្យខូចទ្រង់ទ្រាយដី និងខូចសោភណភាពទីតាំងដីជាដើម ដោយមិនខ្វល់អ្វីទាំងអស់។ ជាធម្មតា នៅក្នុងសកម្មភាពចុះមកទីតាំងដីបញ្ជាការ ឈូស ឆាយ និងជីកយកអាចម៍ដី លោក តុល ចំរើន បានប្រើប្រាស់ឈ្មោះទាហាន គឺឈ្មោះ សូ សាវ៉ើត មានឋានន្តរស័ក្តិជាវរសេនីយ៍ទោ ពីមុនមានតួនាទីជាជំនួយការការិយាល័យព្រំដែន ហើយនៅពេលនេះមិនមានតួនាទីអ្វីទេ នេះបើតាមការឱ្យដឹងពីប្រភពព័ត៌មានពីមន្ត្រីយោធានៅក្នុងអង្គភាពជាមួយគ្នា។ ព្រមជាមួយគ្នា លោក តុល ចំរើន ក៏បានប្រើប្រាស់ឯកសណ្ឋានជាទាហាន និងប្រើរថយន្តពាក់ស្លាក់លេខ ខេមរភូមិន្ទ 2-9717 ។ បើតាមការបញ្ជាក់របស់លោក ម៉ែន ណារ៉ុង បុគ្គល តុល ចំរើន មិនមានជំនាញ និងគំនិតជាអ្នកអភិវឌ្ឍន៍គម្រោងអចលនទ្រព្យឡើយ បើជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យមែន មិនមែនដើម្បីចង់បានលុយទ្រង់ទ្រាយដីដើមឡើយនៅស្អាតល្អ បែរជាបុគ្គលនេះទៅឈូសឆាយធ្វើឱ្យខូចសោភណភាពនោះទេ ប៉ុន្តែបុគ្គលនេះតែងតែបង្ហាញអំនួតថា ខ្លួនជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដោយមានគម្រោងជាច្រើននៅក្នុងដៃ តាមពិតមិនមានទេ។
លើសពីនេះទៅទៀតលោក តុល ចំរើន បានសហការជាមួយលោក យ៉យ សារេត និងអាងអ្នកធំនៅពីក្រោយ បានបន្តរំលោភយកដីលោក ម៉ែន ណារ៉ុង ជាច្រើនកន្លែងបន្ថែមទៀតនៅក្នុងខេត្តកំពត ដីខ្លះបានលួចចុះបញ្ជីធ្វើប្លង់រឹងរួច ដីខ្លះបានលួចផ្ទេរកម្មសិទ្ធិត្រៀមនឹងចុះបញ្ជីធ្វើប្លង់រឹង ដីខ្លះទៀតបានយកទៅលក់ទទួលបានលុយកក់មួយចំនួន និងដីខ្លះទៀតបានដាក់បញ្ចាំងបានប្រាក់ចំនួន២៥ម៉ឺនដុល្លារ។ រាល់ការលក់ និងដាក់បញ្ចាំបានប្រាក់រាប់ម៉ឺនដុល្លារនោះ លោក តុល ចំរើន មិនបានរាយការណ៍ប្រាប់ ឬយកមកជូនលោក ម៉ែន ណារ៉ុង នោះទេ ពោលគឺលក់ដីលោក ម៉ែន ណារ៉ុង ហើយយកប្រាក់ដាក់ហោប៉ៅផ្ទាល់ខ្លួនទៅវិញ។

ប្រព្រឹត្តទង្វើបំពានច្បាប់នៅខេត្តកំពតយ៉ាងគឃ្លើនប៉ុណ្ណេះហើយ នៅមិនស្កប់ស្កល់ទៀត លោក តុល ចំរើន ថែមទាំងបានរំលោភយកដីធ្លី ផ្ទះសំបែងដែលជាកម្មសិទ្ធិរបស់លោក ម៉ែន ណារ៉ុង មួយចំនួននៅភ្នំពេញជាពិសេសតំបន់ជ្រោយចង្វារ ហើយបន្តពង្រីកសកម្មភាពរំលោភយកដីលោក ម៉ែន ណារ៉ុង ទៅដល់តំបន់ផ្សេងទៀតក្រៅពីខេត្តកំពតដូចជានៅស្រុកស្រែអំបិលខេត្តកោះកុងដែលលោក តុល ចំរើន បានខ្លែងបន្លំឯកសារបំពានយកដីទំហំជាង២០០ហិចតា ដែលទ្រព្យទាំងអស់នេះខ្លួនមិនដែលបានយកប្រាក់សូម្បីមួយសេនទៅទិញនោះឡើយ។
ក្រៅពីការគប់គិតគ្នាជាមួយបក្សពួកលួចខ្លែងបន្លំឯកសារ ដោយមានការចូលដៃចូលជើងពីមន្ត្រីម្នាក់ពីរនាក់ដើម្បីបន្លំយកដីលោក ម៉ែន ណារ៉ុង នោះ លោក តុល រំរើន ក៏បានធ្វើសកម្មភាពបំពារបំពានមួយចំនួនដោយមិនអៀនខ្មាស និងកោតញញើតច្បាប់នោះឡើយ។ បុគ្គលម្នាក់នេះ ក៏បាននាំគ្នីគ្នាទៅប្រមូលយករបស់របរ សម្ភារៈ ទាំងអស់ចេញពីលំនៅឋានលោក ម៉ែន ណារ៉ុង នៅកំពត ព្រមទាំងយកឡានលោក ម៉ែន ណារ៉ុង ២គ្រឿងទៅលក់ និងបញ្ចាំ ធ្វើដូចរបស់របរ សម្ភារៈ ទាំងអស់ជារបស់ខ្លួនអីចឹង។ ភាពគឃ្លើន មិនត្រឹមតែប៉ុណ្ណេះទេ បុគ្គលរូបនេះ ថែមទាំងបានធ្វើសកម្មភាពចូលមកគ្រប់គ្រងទីតាំងទីស្នាក់ការរបស់លោក ម៉ែន ណារ៉ុង នៅភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ក្នុងគោលបំណងចង់គ្រប់គ្រង និងយកដីលោក ម៉ែន ណារ៉ុង ទាំងអស់នៅភូមិតាដឹប ដែលលោកបានទិញជាច្រើនឆ្នាំកន្លងមក។ ប៉ុន្តែ នៅខណៈពេលដែលលោក តុល ចំរើន មករំលោភទីស្នាក់ការរបស់លោក ម៉ែន ណារ៉ុង ពេលនោះលោក ម៉ែន ណារ៉ុង បានដាក់ពាក្យបណ្តឹងទៅកងរាជអាវុធហត្ថខេត្តកំពតនិងដឹងលឺដល់ថ្នាក់ដឹកនាំខេត្ត ក៏បានបញ្ជាឱ្យសមត្ថកិច្ចចុះចាប់ខ្លួនលោក តុល ចំរើន នៅពេលនោះ ។ តែដោយសារមានអ្នកខ្សឹបប្រាប់ព័ត៌មានដឹងមុន លោក តុល ចំរើន ក៏បានប្រាស់អាយុគេចពីការតាមចាប់ខ្លួននៅពេលនោះមួយរយៈធំ។

សម្រាប់លោក ម៉ែន ណារ៉ុង វិញ ចាប់តាំងពីលោកបានមើលឃើញទង្វើក្បត់ និងរំលោភកិច្ចសន្យារបស់លោក តុល ចំរើន រួចមក លោកក៏បានចាត់វិធានការច្បាប់ដោយដាក់ពាក្យបណ្តឹងជំទាស់ និងទប់ស្កាត់ទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រាប់ចាប់ពីមូលដ្ឋានរហូតដល់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នូវរាល់សកម្មភាពរំលោភបំពានរបស់លោក តុល ចំរើន ក្នុងចេតនាបន្លំយកដីលោក ម៉ែន ណារ៉ុង ក្រោមរូបភាពផ្សេងៗ។
ហើយជាមួយគ្នានោះ លោកក៏បានប្តឹងរំលាយកិច្ចសន្យាដែលបានធ្វើឡើងកាលពីដើមឆ្នាំ២០២១ផងដែរ ប៉ុន្តែលោក តុល ចំរើន បានគេចវេសមិនព្រមផ្តិតមេដៃដោយហេតុថា ខ្លួនមានគោលបំណងបន្តរំលោភយកដី លោកម៉ែន ណារ៉ុង បន្តទៀត។ ចំណែកឯលោក អ៊ិម រតនា ដែលជាមិត្តភក្តិលោកម៉ែន ណារ៉ុង និងជាអ្នកនែនាំលោក តុល ចំរើនមកឱ្យលោក ម៉ែន ណារ៉ុង ស្គាល់ និងឈានដល់ចុះកិច្ចព្រមព្រៀងជាមួយនោះ លោក អ៊ិម រតនា ដោយមើលឃើញទង្វើល្មើសច្បាប់ និងអយុត្តិធម៌ដែលលោក តុល ចំរើនធ្វើមកលើលោក ម៉ែន ណារ៉ុង នោះ លោក អ៊ិម រតនា ក៏បានសម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងជាមួយលោក ម៉ែន ណារ៉ុង កាលពីថ្ងៃទី២៧ ខែមិនា ២០២៣ កន្លងទៅក្នុងនាមលោក អ៊ិម រតនា ជាភាគី “ខ” រួមជាមួយលោក តុល រើន នៅឡើយតែលោក តុល ចំរើន ជាមនុស្សប្រយោលដែលត្រូវបានគេនែនាំឱ្យលោក ម៉ែន ណារ៉ុង សោះ មានចិត្តលោភលន់នៅអង្កៀមចង់បានទ្រព្យរបស់អ្នកដទៃដោយគ្មានការអៀនខ្មាស់អ្វីបន្តិចសោះឡើយ។
ក្រោយគេចពីការតាមចាប់ខ្លួនមួយរយៈធំ បន្ទាប់ពីបានរំលោភចូលទីស្នាក់ការរបស់លោក ម៉ែន ណារ៉ុង ចេតនាចង់គ្រប់គ្រងទីតាំង និងចង់រំលោភយកដីលោក ម៉ែន ណារ៉ុង ទាំងអស់នៅភូមិតាដឹបដោយបំពានច្បាប់កាលពីចុងឆ្នាំ២០២២នោះ ថ្មីៗនេះលោក តុល ចំរើន បានបង្ហាញខ្លួនជាថ្មីនៅខេត្តកំពត និងបានធ្វើសកម្មភាពយ៉ាងងងើលបន្តឈូសឆាយ និងចាក់ដីដោយគ្មានការអនុញ្ញាតនៅលើទីតាំងដែលកំពុងដោះស្រាយមិនទាន់ចប់នៅឡើយ។ ត្រង់ចំនុចនេះទាំងអាជ្ញាធរ និងអ្នកច្បាប់មួយចំនួនបានលើកឡើងថា នេះគឺជាទង្វើបំពានច្បាប់ទាំងស្រុងព្រោះការឈូសឆាយ និងចាក់ដី មិនមានអាជ្ញាធរ ឬសាលក្រមតុលាការជាស្ថាពរណាមួយបានអនុញ្ញាតឱ្យបុគ្គលនោះធ្វើដូច្នេះទេ។
ងាកមកមើលសកម្មភាពរំលោភយកដីរបស់លោក ម៉ែន ណារ៉ុង នៅទីតាំងផ្សេងទៀតក្រៅពីខេត្តកំពត ដែលធ្វើឡើងដោយបុគ្គលឈ្មោះ តុល ចំរើន ត្រូវបានលោក ម៉ែន ណារ៉ុង លើកឡើងថា មួយរយៈពេលដែលបុគ្គលនេះគេចចេញពីការចាប់ខ្លួននៅខេត្តកំពតកាលពីចុងឆ្នាំ២០២២នោះ លោក តុល ចំរើន មិនបានរាងចាល់ និងញញើតច្បាប់នោះទេ បុគ្គលនេះបានងាកទៅលួចធ្វើសកម្មភាពវាទទីរំលោភយកដីលោក ម៉ែន ណារ៉ុង នៅឃុំបឹងព្រាវ ស្រុកស្រែអំបិលខេត្តកោះកុងវិញម្តង ដោយបានលួចធ្វើឯកសាខ្លែងក្លាយបំភាន់ភ្នែកអាជ្ញាធរភូមិឃុំវាទទីយកដីលោក ម៉ែន ណារ៉ុងប្រមាណ២០៤ហិចតា។ ប៉ុន្តែដោយមើលឃើញភាពមិនប្រក្រតី និងការប្តឹងជំទាស់ពីខាងភាគីលោក ម៉ែន ណារ៉ុង នោះសាលាស្រុកស្រែអំបិលមិនទាន់ទទួលស្គាល់ និងអនុញ្ញាតឱ្យឈ្មោះ តុល ចំរើន បន្តនិតិវិធីរុញឯកសារឡើងទៅបន្ទីរដែនដីខេត្តកោះកុងបន្តទៀតទេ គឺទុកឯកសាររងចាំការដោះស្រាយ និងរងចាំការឯកភាពពីលោក ម៉ែន ណារ៉ុង តាមរយៈការផ្តិតមេដៃទទួលស្គាល់ជាមុនសិន។ លោក ម៉ែន ណារ៉ុង បានបន្តថា ចំពោះដីគាត់នៅខេត្តកោះកុងនេះ លោក មិនបានធ្វើកិច្ចសន្យាឱ្យលោក តុល ចំរើន ទៅជួយសម្របសម្រួលដោះស្រាយនោះ ហើយអ្វីៗពាក់ព័ន្ធនឹងលោក តុល ចំរើន លោក ម៉ែន ណារ៉ុង បញ្ជាក់ថា លោកបានប្តឹងរំលាយកិច្ចសន្យាចប់សព្វគ្រប់ហើយ ក្នុងនោះដៃគូលោក តុល ចំរើនដែលមានឈ្មោះនៅក្នុងកិច្ចសន្យាគឺលោក អ៊ិម រតនា ក៏បានយល់ព្រមបញ្ចប់កិច្ចសន្យាជាមួយលោក ម៉ែន ណារ៉ុង រួចជាស្រេចទៅហើយកាលពីដើមឆ្នាំ២០២៣កន្លងទៅ រឿងអីត្រូវលោក តុល ចំរើន មានសិទ្ធិទៅពាក់ព័ន្ធនឹងដីលោក ម៉ែន ណារ៉ុង នៅទីតាំងផ្សេងនាពេលនេះ។ ហើយលើសពីនេះទៀត នៅក្នុងសកម្មភាពរំលោភយកដីទំហំ២០៤ហិចតានៅទីតាំងថ្មីនេះ លោក តុល ចំរើន បានលួចធ្វើឯកសារខ្លែងមួយដែលថា លោក ម៉ែន ណារ៉ុង បានព្រមព្រៀងឱ្យលោក តុល ចំរើន មានសិទ្ធិគ្រប់យ៉ាងក្នុងការចាត់ចែង និងលក់ដីរបស់លោក ម៉ែន ណារ៉ុង នៅទីតាំងខាងលើនេះដោយគ្មានវត្តមានលោក ម៉ែន ណារ៉ុង ។ លោក ម៉ែន ណារ៉ុង លើកឡើងថា លោកមិនអាចធ្វើកិច្ចព្រមព្រៀងរបៀបឆោតល្ងង់ដែលអនុញ្ញាតឱ្យគេមានសិទ្ធិគ្រប់យ៉ាងទាំងការចាត់ចែង និងលក់ដូរដោយគ្មានវត្តមានរបស់លោកនោះទេ លោកថា នេះជាការលួចបន្លំធ្វើឯកសារខ្លែងក្លាយសុទ្ធសាធ។

ពាក់ព័ន្ធនឹងការចោទប្រកាន់លោក តុល ចំរើន ជាច្រើនករណីខាងនេះ CEN មិនអាចសុំការបំភ្លឺពីលោក តុល ចំរើន បានទេ ដោយទូរស័ព្ទលោក តុល ចំរើន ហៅចូលជាច្រើនដងមិនមានអ្នកទទួល។ តែទោះជាយ៉ាងណា លោក តុល ចំរើន នៅតែត្រូវបានចោទប្រកាន់ពីលោក ម៉ែន ណារ៉ុង ថា បុគ្គលកំពុងតែបង្កើនសកម្មភាពរំលោភដីធ្លីលោក ម៉ែន ណារ៉ុង មិនរាថយឡើយ បើតាមការបញ្ជាក់ពៅលោក ម៉ែន ណារ៉ុង នៅពេលនេះលោក តុល ចំរើន កំពុងតែធ្វើការផ្សាព្វផ្សាយព័ត៌មានបំភ្លៃសាធារណជនថា លោក ម៉ែន ណារ៉ុង បានលក់ដីឱ្យលោក តុល ចំរើន អស់ហើយ ហើយនិយាយថា លោក ម៉ែន ណារ៉ុង គ្មានសិទ្ធិលើដីទាំងអស់នោះទៀតទេ។ ចំនុចនេះ ធ្វើឱ្យអតីតសហការីរបស់លោក ម៉ែន ណារ៉ុង មួយចំនួនធំបានជឿ និងត្រូវបានលោក តុល ចំរើន អូសទាញឱ្យងាកមកប្រឆាំងលោក ម៉ែន ណារ៉ុង វិញទាំងងងឹតងងុល តាមរយៈការបំភ្លៃព័ត៌មានផង និងតាមរយៈការទិញទឹកចិត្តដោយប្រាក់កាសផង។ ដោយឡែកលោក ម៉ែន ណារ៉ុង បានអះអាងរួចមកហើយថា លោកបានធ្វើកិច្ចសន្យាទិញ-លក់ដីជាមួយលោក តុល ចំរើន តែចំនួន២ប័ណ្ណនោះទេ ហើយនេះមិនមែនជាការទិញ-លក់ពិតប្រាកដទេ វាជាការផ្ទេរដីឱ្យលោក តុល ចំរើន យកទៅលក់ ឬដាក់បញ្ចាំដើម្បីយកប្រាក់មកប្រើប្រាស់។ តែផ្ទុយទៅវិញលោក តុល ចំរើន មិនគោរពតាមកិច្ចសន្យាទេ គេផ្ទេរសិទ្ធិឱ្យប្រើប្រាស់ដីតែ២ទីតាំងសោះ បែរជាលោភលន់ចង់យកដីលោក ម៉ែន ណារ៉ុង ទាំងអស់ទៅវិញ ដោយខំលួចធ្វើឯកសារខ្លែងក្លាយបន្លំអាជ្ញាធរជាច្រើនករណី។ លោក ម៉ែន ណារ៉ុង បញ្ជាក់ថា ការខ្លែងឯកសារមួយចំនួនរបស់លោក តុល ចំរើន ទំនងជាធ្វើឡើងតាមរយៈអតីតសហការីលោក ម៉ែន ណារ៉ុង ម្នាក់ដែលលោក តុល ចំរើន ទិញទឹកចិតបានឈ្មោះ ឆៃ ហុង ហើយឈ្មោះ ឆៃ ហុង នេះជាអ្នកវាយឯកសារ និងរក្សាទុកឯកសារលោក ម៉ែន ណារ៉ុង ផ្សេងៗក្នុងកុំព្យូទ័រ ។ ដោយអំពើក្បត់ ឈ្មោះ ឆៃ ហុង នេះ បានលួចយកសេចក្តីព្រាង និងឯកសារផ្សេងៗទៅឱ្យ លោក តុល ចំរើន ដែលសម្រួលដល់ការខ្លែងឯកសាររបស់លោក តុល ចំរើន កន្លងមក។

ជារួម ពាក់ព័ន្ធនឹងរឿងរ៉ាវដីធ្លីជាច្រើនករណីរបស់លោក ម៉ែន ណារ៉ុង ជាមួយលោក តុល ចំរើន ទាំងមតិសាធារណជន អាជ្ញាធរ និងអ្នកច្បាប់មួយចំនួនបានលើកឡើងទាំងចម្ងល់ និងផ្តល់គំនិតគួរត្រឹះរឹះពិចារណាមួយចំនួនដូចតទៅនេះ៖
មតិខ្លះលើកឡើងថា រឿងនេះចង់រកខុសរកត្រូវវាមិនពិបាកទេ។ បើលោក តុល ចំរើន ថាដីនោះជាដីរបស់គាត់តាំងពីដើមមក ឱ្យគាត់បង្ហាញឯកសារទិញលក់ និងប្រវត្តិនៃការទិញលក់មក ហើយកុំភ្លេចបង្ហាញពីរបៀបនៃការបង់លុយផង និងបង្ហាញឯកសារភស្តុតាងប្រគល់ និងទទួលប្រាក់ពីការទិញលក់មក។ ត្រង់ចំនុចនេះ ការស្រាវជ្រាវមិនបានរកឃើញឯកសារ ឬ ភស្តុតាងណាមួយបង្ហាញថា លោក តុល ចំរើន ជាម្ចាស់ដីដែលបានចំណាយប្រាក់កាសផ្ទាល់ខ្លួនទៅទិញដីនោះទេ។ បើលោក តុល ចំរើន មិនមែនជាម្ចាស់ដីពីដើមមក ហើយលោក ទើបនឹងទិញពីលោក ម៉ែន ណារ៉ុង ទាំងអស់សូមឱ្យគាត់បង្ហាញពីការបង់ប្រាក់ឱ្យលោក ម៉ែន ណា រ៉ុង មក ព្រោះដីច្រើនកន្លែង និងដីខ្លះទៀតមានទំហំធំបើគិតជាសាច់ប្រាក់មិនរាប់សិបលានដុល្លារឯណោះបើគិតពីទំហំផ្ទៃដី និងតម្លៃលក់។
ចំនុចនេះក៏រកមិនឃើញមានភស្តុតាមណាមកបញ្ជាក់ដែរ។ លើសពីនេះទៅទៀត បើឧបមាថា លោក ម៉ែន ណារ៉ុង មិនប្តឹងរំលាយកិច្ចសន្យាជាមួយលោក តុល ចំរើន ទៅចុះ ស្មារតីកិច្ចសន្យាកំណត់ថា លោក តុល ចំរើន ទទួលបានអត្ថប្រយោជន៍៣០% និងលោក ម៉ែន ណារ៉ុង ទទួលបាន៧០%នៃផ្ទៃដី ឬសាច់ប្រាក់ដែលទទួលបានពីការដោះស្រាយបញ្ហាចប់សព្វគ្រប់។ ប៉ុន្តែចំនុចនេះលោក ម៉ែន ណារ៉ុង អះអាងថា តាំងពីដើមមកលោក តុល ចំ រើន មិនធ្លាប់បានបំពេញលក្ខ័ណ្ឌនេះម្តងណាទេ មានតែគោលដៅមួយប៉ុណ្ណោះ គឺលោក តុល ចំរើន ប្រើគ្រប់វិធីទាំងអស់ឆ្ពោះទៅរកការកាន់កាប់ និងគ្រប់គ្រងអចលនទ្រព្យរបស់លោក ម៉ែន ណារ៉ុង ទាំងអស់ និងទាំងស្រុង។
បើលោក តុល ចំរើន តាំងខ្លួនជាអ្នកគោរពច្បាប់ គោរពកិច្ចសន្យា ហេតុអ្វីបានជារាល់សកម្មភាពមានការលាក់បាំងមិនឱ្យលោក ម៉ែន ណារ៉ុង ដឹង ទាំងការយកដីទៅលក់ ទាំងការយកទៅដាក់បញ្ចាំ។ ហើយបានលុយពីការលក់ដី និងដាក់បញ្ចាំ ហេតុអ្វីមិនមានការបែកចែកមកលោក ម៉ែន ណារ៉ុង។ និយាយទៅមានរឿងរ៉ាវ និងករណីច្រើនណាស់ដែលបញ្ជាក់ពីការក្បត់របស់លោក តុល ចំរើន មកលើលោក ម៉ែន ណារ៉ុង។
បន្ទាប់ពីធ្វើការសម្ភាសន៍ ទាំងមតិសាធារណជន អាជ្ញាធរ និងអ្នកច្បាប់មួយចំនួនបានចោទជាសំនួរដែលមានអត្ថន័យប្រហាក់ប្រហែលគ្នាថា ហេតុអ្វី ជនប្រព្រឹត្តល្មើសក្នុងសកម្មភាពជាច្រើនស្ទើរាប់ភ្លេចដូច្នេះហើយមិនត្រូវបានច្បាប់ដាក់ទោស? ហើយបែរជាមកប្តឹងម្ចាស់ដីដើមដែលជាអ្នកបានផ្តល់ឱកាសដល់ខ្លួនកាលពីដំបូងទៅវិញ?
សូមបញ្ជាក់ថា បន្ទាប់ពីធ្វើការសម្ភាសន៍ភាគីពាក់ព័ន្ធជាច្រើននាក់ និងពិនិត្យមើលលើឯកសារជាច្រើនបានរកឃើញថា មានរឿងរ៉ាវប្រទាក់ក្រឡាគ្នាជាច្រើន និងមានអ្នកចូលរួមគប់គិតប្រព្រឹត្តល្មើសយ៉ាងសកម្មមួយចំនួនទៀត ដែលអង្គភាពសារព័ត៌មាន CEN នឹងយកមកធ្វើការផ្សព្វផ្សាយម្តងៗមួយៗជាបន្តបន្ទាប់ ជូនសាធារណជនបានដឹងកាន់តែច្បាស់ថែមទៀត ៕ រក្សាសិទ្ធដោយ៖CEN

