ក្រចេះ ៖ មនុស្សជិត ២០នាក់ ដែលភាគច្រើនជាស្ត្រីមេផ្ទះ ត្រូវកម្លាំង អាវុធហត្ថក្រុងក្រចេះ ហៅមកអប់រំ ណែនាំ ពេលកំពុងប្រមូលផ្តុំគ្នា លេងល្បែងស៊ីសង (បៀ) កាលពីល្ងាច ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ នៅផ្ទះឈើ មួយកន្លែង ក្នុងសង្កាត់ក្រគរ ក្រុងក្រចេះ។
លោក ផាត សុភក្រ័វាសនា មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ បានឲ្យដឹងថា កម្លាំងរបស់លោក បាននាំខ្លួន ស្ត្រីវ័យចំណាស់ ចំនួន ១៣នាក់ សុទ្ធតែអ្នករស់នៅ ក្រុងក្រចេះ មកអប់រំណែនាំ ដោយប្រមូល វត្ថុតាង ម៉ូតូចំនួន ៣គ្រឿង និងសម្ភារៈ ល្បែងស៊ីសង។
កម្លាំងអាវុធហត្ថក្រុង-ខេត្តក្រចេះ ក្រោមការសម្របសម្រួលដោយលោក ជា សុភ័ក្រ ព្រះអាជអាជ្ញារងសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបអ្នកញៀនល្បែង (បៀ) ដោយឃាត់មនុស្សជិត២០នាក់នេះ មកអប់រំណែនាំ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន។
បច្ចុប្បន្នស្ត្រីវ័យចំណាស់ ទាំង ១៣នាក់នោះ ត្រូវបានលោក កែវ សុជាតិ ព្រះរាជអាជ្ញាសាលាដំបូងខេត្តក្រចេះ ឲ្យវិលត្រឡប់ ទៅផ្ទះរៀងៗខ្លួនវិញហើយ បន្ទាប់ពីធ្វើកិច្ចសន្យា ឈប់លេងល្បែងស៊ីសង។
ប្រជាពលរដ្ឋក្រុងក្រចេះ បានលើកឡើងថា ល្បែងស៊ីសងនៅក្រុងក្រចេះ មិនមែនមានតែល្បែងបៀរនោះទេ នៅមានល្បែងភ្នាល់បាល់ និងល្បែងផ្សេងៗជាច្រើនទៀត ហើយពួកគាត់សំណូមពរឲ្យអាជ្ញាធរ និងសមត្ថកិច្ចគួតែមានវិធានការបង្ក្រាបបន្តទៀត៕ ដោយ ៖ បញ្ញាស័ក្តិ