Sunday, May 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលព្រហ្មទណ្ឌ បង្ក្រាបមុខសញ្ញាចោរកាច់កម៉ូតូពលរដ្ឋ នៅខណ្ឌមានជ័យ

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ វេលម៉ោង ០៣:០០នាទីទៀបភ្លឺ មានជនសង្ស័យចំនួន០៣នាក់ បានចូលធ្វើសកម្មភាពលួចម៉ូតូ ម៉ាកហុងដា សង់សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1GO-5560 ដែលកំពុងចតទុកនៅមុខបន្ទប់ជួលបានសម្រេច ដែលស្ថិតនៅបន្ទប់ជួល ផ្លូវលេខ១៦BT សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៣:០០នាទីទៀបភ្លឺ មានជនសង្ស័យចំនួន០៣នាក់ បានធ្វើសកម្មភាពលួចម៉ូតូម៉ាក ហុងដា ហ្ស៊ូមមើ (ZOOMER) ពណ៌ខ្មៅ ដែលកំពុងចតនៅមុខហាងម៉ាស្សា ១១៩ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានបើកការស្រាវជ្រាវតាមជំនាញ រហូតកំណត់បានអត្តសញ្ញាណ របស់ជនសង្ស័យខាងលើ ។

រហូតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៤៖០០នាទីទៀបភ្លឺ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ដឹកនាំកម្លាំងជំនាញនាយកដ្ឋាន ធ្វេីការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ នៅចំណុចផ្លូវទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង០២នាក់ខាងលើមានឈ្មោះ៖១.ឈ្មោះ ប៊ុន ណារ័ត្ន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ។ ២.ឈ្មោះ អេង ពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សម្ភារៈដកហូតមាន៖១. ម៉ូតូម៉ាក បាចា ភូលសា (BAJAJ PULSAR) ពណ៌ស-ខ្មៅ គ្មានស្លាកលេខ ។ ២. សោរទីបលេខ៨ និងដែកសំប៉ែតមុខស្រួច (សម្រាប់កាច់បំបែកសោរម៉ូតូ)។

បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×