Monday, May 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមមន្ត្រីប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតហុងគ្រី បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលកំពុងរីកចម្រើន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួល ជំនួបសម្តែងការគួរសមរបស់ ឯកឧត្តមបណ្ឌិត Tibor BALOGHDI ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ។

ក្នុងឱកាសនៃជំនួប ឯកឧត្តមឧបនាយករដ្ឋមមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលកំពុងរីកចម្រើន និងបានផ្លាស់ប្តូរទស្សនៈអំពីមធ្យោបាយក្នុងការជម្រុញទំនាក់ទំនងទ្វេភាគី អោយកាន់តែស៊ីជម្រៅ ដែលរួមមានការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់រវាងប្រទេស​ទាំងពីរ បន្ថែមទៀត។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការរៀបចំប្រារព្វខួប៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងហុងគ្រី នៅឆ្នាំ២០២៦ ផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត Baloghdi ក្នុងការជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ហុងគ្រីលើវិស័យនានា ចាប់តាំងពីដើមឆ្នាំ២០២៣ រួមទាំងកិច្ចសន្ទនានយោបាយ ការផ្លាស់ប្តូរសេដ្ឋកិច្ច និងទំនាក់ទំនង រវាងប្រជាជន និងប្រជាជន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់លើសារសំខាន់នៃទំនាក់ទំនងកម្រិតខ្ពស់ជា ប្រក្រតី និងបានពិភាក្សាអំពីលទ្ធភាពនៃការរៀបចំជំនួបកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំកម្ពុជា និងហុងគ្រី នៅ កំឡុងសន្និសីទមហាសមុទ្រលើកទី៣ របស់អង្គការសហប្រជាជាតិ នៅទីក្រុងនីស នាខែមិថុនានេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏រឹងមាំ និងកំពុងតែរីក ចម្រើនរវាងសភាកម្ពុជា និងហុងគ្រី និងសម្តែងការស្វាគមន៍ចំពោះគម្រោងដំណើរទស្សនកិច្ចផ្លូវការរបស់ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាទៅកាន់ប្រទេសហុងគ្រីនាពេលខាងមុខ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះគម្រោងរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ នៅទីក្រុងBudapestនាពេល ខាងមុខ ហើយបានបញ្ជាក់សាជាថ្មីថា ការបើកស្ថានទូតកម្ពុជាឡើងវិញនៅទីនោះ នៅតែជាអាទិភាព សម្រាប់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកពីបំណងចង់ឱ្យមានការដំឡើង ការិយាល័យតំណាងរបស់ប្រទេសហុងគ្រីនៅភ្នំពេញ ទៅជាស្ថានទូតពេញលេញផងដែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាអំពីសកម្មភាពនានាសម្រាប់ការរំលឹកខួប លើកទី ៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ហុងគ្រីនៅឆ្នាំ ២០២៦។

ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងពីកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចរួម (JEC) ប្រកបដោយជោគជ័យ ដែលកិច្ចប្រជុំទាំងពីរលើកកន្លងមកគឺជាមូលដ្ឋានសម្រាប់ជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគកាន់តែរឹងមាំ។ ទាំងឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត បានស្របទស្សនៈជំរុញឱ្យមានការចុះហត្ថលេខាឱ្យ បានឆាប់លើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការថាមពល ឆ្នាំ២០២៥រួចមកហើយនោះ។ ដែលបានបញ្ចប់ការចរចានៅខែមករា

ចំពោះវិស័យអប់រំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងការកោតសរសើរចំពោះកម្មវិធី អាហារូបករណ៍ដ៏យូរអង្វែងរបស់ប្រទេសហុងគ្រី ដែលបានផ្តល់អត្ថប្រយោជន៍ដល់និស្សិតកម្ពុជា ប្រមាណ ជាង ៣៦០នាក់ ចាប់តាំងពីឆ្នាំ១៩៨០មក៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×