នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់កោះដាច់ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធឆ្លងអគារសិក្សា នៃសាលាបឋមសិក្សារនះ ស្ថិតនៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នៅក្នុងការប្រារព្វពិធីបុណ្យឆ្លង និងសម្ពោធនូវសមិទ្ធផលឆ្លងអគារសិក្សានេះ មានការចូលរួមផងដែរពី លោកប៉ិច ចាម ចៅសង្កាត់កោះដាច់ ក្រុមប្រឹក្សាសង្កាត់ មេភូមិ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស សរុបប្រមាណ៣០០នាក់។
សូមបញ្ជាក់ថា ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កោះដាច់ ឯកឧត្តម ខាត់ សុធី បានកៀរគរសប្បុរសជននានា និងដោយមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋានសង្កាត់កោះដាច់ បានសាងសង់អគារសិក្សា១ខ្នង មាន២បន្ទប់នៅសាលាបឋមសិក្សារនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។
ទន្ទឹមនឹងនោះដែរ ប្រជាពលរដ្ឋនៅមូលដ្ឋាន លោកគ្រូ អ្នកគ្រូ បានសម្តែងការសាទរ ដែលទទួលបាននូវសមិទ្ធផលថ្មីនេះ សម្រេចឡើងតាមរយៈការចូលរួមគ្នា នេះបង្ហាញនូវកម្លាំងសាមគ្គីដ៏ធំមួយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ពីព្រោះកន្លងមក សាលារៀននេះ មានតែ៥បន្ទប់សិក្សា ខណ:កម្រិតសិក្សាពីមត្តេយ្យសិក្សា ដល់ថ្នាក់ទី៦ តម្រូវឱ្យមាន៧បន្ទប់ទើបគ្រប់គ្រាន់៕













