យុវជនអាយុ ១៦ ឆ្នាំ ម្នាក់បានរងការរលាកគួរឲ្យអាសូរ បន្ទាប់ពីសម្តែង «ព្រួសភ្លើង» ភ្លាត់ស្នៀត ហើយត្រូវភ្លើងឆាបឆេះមុខយ៉ាងសាហាវ ។ ហេតុការណ៍នេះបានកើតឡើងនៅផ្លូវកែងមួយកន្លែង នៅក្នុងស្រុក Gaoyou ខេត្ត Jiangsu ប្រទេសចិន នៅពេលដែលបុរសមិនស្គាល់ឈ្មោះម្នាក់ បានព្យាយាមសម្តែង «ព្រួសភ្លើង» ឲ្យមិត្តៗភក្តិរបស់គាត់មើល ។ នេះបើយោងតាម Shanghaiist ។
វីដេអូពីកន្លែងកើតហេតុ បានបង្ហាញបុរសវ័យក្មេងម្នាក់ បានធ្វើបានជោគជ័យនៅក្នុងការសម្តែងព្រួសភ្លើងលើកដំបូង ប៉ុន្តែ ភ្លាមៗនោះ វាបានប្រែក្លាយជាធ្ងន់ធ្ងរ នៅពេលដុំភ្លើងដែលជាលទ្ធផលបន្ទាប់ពីគាត់ព្រួសសាំងដាក់ ស្រាប់តែត្រឡប់មករកគាត់វិញ ហើយវាបានរុំក្រសាបពេញផ្ទៃមុខរបស់គាត់តែម្តង ។
តាមប្រភពព័ត៌មាននៅក្នុងរបាយការណ៍ បានឲ្យដឹងថា យុវជននោះបានហាត់រៀនអំពីរបៀបសម្តែងព្រួសភ្លើងនេះ ពីឪពុករបស់គាត់ដែលជាបព្វជិតកាន់លទ្ធិតាវម្នាក់ ហើយតែងតែចេញសម្តែងនៅក្នុងឱកាសជាច្រើន កាលពីពេលកន្លងមក ដែលក្នុងនោះរួមមានពិធីមង្គលការជាដើម ។ ប៉ុន្តែ សម្រាប់ហេតុការណ៍នាពេលនេះ គាត់បានធ្វើឲ្យមនុស្សស្លុតរន្ធត់ជាខ្លាំង នៅពេលដែលគាត់បានសម្តែងខុសឆ្គងជួបរឿងអកុសលបែបនេះ ។
ទោះយ៉ាងណា ភ្លាមៗនោះ បុរសវ័យក្មេងរូបនេះ ត្រូវបានគេបញ្ជូនទៅកាន់នៅមន្ទីរ ដើម្បីព្យាបាលរបួសរលាកស្ទើរពាសពេញផ្ទៃមុខរបស់គាត់ ៕ ឧត្តម (nextshark)