ភ្នំពេញ ៖ អន្តរគណៈកម្មការ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធាន ទឹកនិងឧតុនិយម នៃរដ្ឋសភា “គណៈកម្មការទី៣” បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ និងសហការី ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី “ការអនុម័តយល់ព្រមលើ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ” របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅអគាររដ្ឋបាលនៃវិមានរដ្ឋសភា។
ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានមានប្រសាសន៍ជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីនិងអង្គប្រជុំទាំងមូលថា សេចក្តីព្រាងច្បាប់ស្តីពី “ការអនុម័តយល់ព្រមលើ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ” របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ត្រូវបានគណ:កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រគល់តួនាទីភារកិច្ចជូនគណៈកម្មការទី៣នៃរដ្ឋសភាពិនិត្យសិក្សា ដែលគណៈកម្មការទី៣ នៃរដ្ឋសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងគណ:កម្មការ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នេះ ដោយមានការរួមយោបល់ពីទីប្រឹក្សាអ្នកច្បាប់អមគណៈកម្មការ ដោយពិនិត្យលើទម្រង់ច្បាប់ និងគតិច្បាប់ព្រមទាំងខ្លឹមសារសំខាន់ៗ ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះ មានភាពត្រឹមត្រូវពេញលេញតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។
ឯកឧត្តម ប៊ិន ត្រឈៃ បានជម្រាបជូនអង្គប្រជុំថា សេចក្តីព្រាង “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ” របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ត្រូវបានរៀបចំឡើងបន្ត “ពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣” កន្លងមក។
សេចក្តីព្រាង “ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ” (ដែលតទៅនេះហៅកាត់ថា “ផ.យ.អ.ជ” របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺផ្អែកទាំងស្រុងទៅលើការចង្អុលបង្ហាញ និងមគ្គុទ្ទេសក៍របស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
សេចក្តីព្រាង “ផ.យ.អ.ជ” របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានឋានានុក្រមទី៣ នៅក្នុងឯកសារក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍន៍ជាតិ។ បន្ទាប់ពីកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺជាផែនការចង្អុលបង្ហាញរយៈពេលមធ្យមក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចទីផ្សារ និងជាឧបករណ៍ គោលនយោបាយចម្បងក្នុងការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្ររួមរបស់រាជរដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដូចបានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
សេចក្តីព្រាង “ផ.យ.អ.ជ” នេះបានគិតគូរពីការប្រែក្លាយការតម្រង់ទិសគោលនយោបាយយុទ្ធសាស្ត្រធំៗ ដែលមានចែងនៅក្នុងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ឱ្យទៅជាសកម្មភាព ដែលអាចអនុវត្តបាន និងមានចរិតជាការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលបន្តវេន នីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តម ប៊ិន ត្រឈៃ បានបន្តថា សេចក្តីព្រាង “ផ.យ.អ.ជ” របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ត្រូវបានរៀបចំឡើងក្នុង គោលបំណងសំខាន់ចំនួនបីគឺ ទី១- ដើម្បីវាយតម្លៃអំពីលទ្ធផលរួមនិងបញ្ហាប្រឈមចម្បងៗ ដែលបាន កើតមានឡើងនៅក្នុងការអនុវត្តផែន – ការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ កន្លងមកនោះ។ ទី២- ដើម្បីដាក់ចេញនូវ វិធានការ សកម្មភាព និងកម្មវិធីអាទិភាពទាំង – ឡាយជាលក្ខណៈវិស័យ និងអន្តរវិស័យ ដែលជាមគ្គុទ្ទេសក៍សម្រាប់ ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើជាមូលដ្ឋានក្នុងការរៀបចំផែនការយុទ្ធសាស្ត្ររបស់ខ្លួន។ ដោយតម្រឹមតម្រង់ ជាមួយនឹងគោលដៅយុទ្ធសាស្ត្ររួមនៃការអភិវឌ្ឍជាតិ និងធានានូវបាវចនាទាំង៥របស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១គឺ: កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងទី៣- ដើម្បីដាក់ចេញជាយន្តការមួយ សម្រាប់តាមដានត្រួតពិនិត្យនិងវាយតម្លៃ សំដៅធានាការអនុវត្ត “ផ.យ.អ.ជ” របស់រាជរដ្ឋាភិបាលបន្តវេននីតិកាលទី៧នៃរដ្ឋសភា ប្រកបដោយជោគជ័យ។
ក្រោយពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងស្ដាប់ការបកស្រាយរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងផែនការ ទៅលើចំណុចនានាដែលគណៈកម្មការជំនាញនៃរដ្ឋសភា បានសាកសួររួចមក ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាលបន្តវេន ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ប៉ិនប្រសប់ ជាពិសេសមានឯកឧត្តមរដ្ឋមន្ត្រីជាសេនាធិការក្នុងការតាក់តែងនូវសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះឡើង ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន និងសង្គមជាតិ។
គណៈកម្មការជំនាញនៃរដ្ឋសភា ក៏បានសម្រេចថា នឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យទៅ តាមនីតិវិធីបន្តទៀតរបស់រដ្ឋសភា។
សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពី “ការអនុម័តយល់ព្រមលើ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ” របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាមាន ៣មាត្រា ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដើម្បីបញ្ជូនមកសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី









