Wednesday, May 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចបវធិបតី ៖ កំណែទម្រង់គ្រូបង្រៀនផ្តោតលេីកត្តាសំខាន់ចំនួន​ ៤​

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ទី២១ ឧសភា ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម សម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់សញ្ញាបត្រជូនដល់ និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កំណែទម្រង់គ្រូបង្រៀនផ្តោតលេីកត្តាសំខាន់ចំនួន​ ៤​ គឺ៖​ ១/​ កែលម្អកម្មវិធីបណ្តុះបណ្តាល,​ ២/​ ការបង្កេីនគុណវុឌ្ឍិគ្រូបង្រៀន,​ ៣/​ ការអភិវឌ្ឍវិជ្ជាជីវ:ជាប្រចាំ​ ដោយផ្តល់ឱកាសឱ្យគ្រូមានលទ្ធភាពបណ្តុះបណ្តាលសមត្ថភាពពេញមួយជីវិត។ និង​ ៤/​ កំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ។

វិទ្យាស្ថានជាតិអប់រំ គឺជាគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ដែលមានអាយុកាល ១១១ ឆ្នាំ និងបានដើរតួនាទីជាប្រវត្តិសាស្ត្រក្នុងការបណ្តុះបណ្តាលគ្រូបង្រៀននៅក្នុងប្រទេសកម្ពុជា។ ស្ថិតក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់ការបណ្តុះបណ្តាលដំបូង និងការបណ្តុះបណ្តាលបន្តដល់គ្រូបង្រៀន កម្រិតមធ្យមសិក្សា និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់គ្រូបង្រៀន អ្នកដឹកនាំសាលារៀន អធិការអប់រំ និងមន្ត្រីអប់រំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ វិទ្យាស្ថាននេះត្រូវបាន ផ្លាស់ប្ដូរឈ្មោះ និងភារកិច្ចជាបន្តបន្ទាប់ទៅតាមការវិវត្តនៃដំណាក់កាលសង្គម និងនយោបាយ របស់កម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះការប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់ របស់ក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រង, សាស្ត្រាចារ្យ និង បុគ្គលិក នៃវិទ្យាស្ថានជាតិអប់រំ ក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រកែទម្រង់ និងផែនការសកម្មភាព ដែលមានលក្ខណៈជាក់ស្តែង សម្រាប់កែលម្អកម្មវិធី និងវិធីសាស្ត្របណ្តុះបណ្តាល, អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការសិក្សា, ការស្រាវជ្រាវ និងពង្រឹងអភិបាលកិច្ច និង សមត្ថភាពស្ថាប័នរបស់វិទ្យាស្ថាន- ជាតិអប់រំ សំដៅលើកកម្ពស់គុណតម្លៃរបស់និស្សិត, គរុនិស្សិត និង គរុសិស្ស ស្របតាម ស្ដង់ដាជាតិ, តំបន់ និងសកល។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានសម្រេចប្រែក្លាយវិទ្យាស្ថានជាតិអប់រំ ទៅជាគ្រឹះស្ថានឧត្តមសិក្សាពេញ​លេញ ក្នុងឆ្នាំ២០២២ និងបានប្រគល់ពានសាលាគរុកោសល្យគំរូ ដល់​វិទ្យា​ស្ថានជាតិអប់រំ ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ។ ទន្ទឹមនេះ, គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំកម្ពុជា ក៏បានអនុញ្ញាតឱ្យដំឡើងកម្រិត បណ្តុះបណ្តាលរបស់វិទ្យាស្ថានជាតិអប់រំ ពីកម្រិតបរិញ្ញាបត្រ+១ ទៅកម្រិតបរិញ្ញាបត្រ+២, និង បានផ្ដល់ការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិ ដល់កម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់អប់រំ វិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ដល់វិទ្យាស្ថានជាតិអប់រំ ដែលបាន បំពេញតាមលក្ខខណ្ឌតម្រូវនៃស្តង់ដាជាតិ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមត្ថភាពគ្រូសំខាន់ណាស់ សម្រាប់ការបណ្តុះបណ្តាល។ រៀនក្រោមដើមឈើអាចនឹងមានលទ្ធផលល្អ បើមានគ្រូពូកែ តែបើមានសាលាថ្ម តែបើសមត្ថភាពគ្រូមានកម្រិត ការទទួលរបស់សិស្សក៏មានកម្រិត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បន្ទាប់ពីបានធ្វើការ​កែលម្អ​ជាបន្តបន្ទាប់, វិទ្យាស្ថានជាតិអប់រំ មានហេដ្ឋារចនាសម្ព័ន្ធ កាន់តែ​សម្បូរបែប និងទំនើប, ព្រមទាំងអាចឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវ ការនៃការសិក្សា និងការបណ្ដុះបណ្តាលក្នុងសតវត្សរ៍ទី២១។ ការធ្វើទំនើប​កម្ម និងបរិវត្តកម្មឌីជីថលនេះ គឺជាសមិទ្ធផលដ៏លេចធ្លោបំផុតរបស់​វិទ្យាស្ថានជាតិអប់រំក្នុងរយៈពេល១១៤ឆ្នាំនៃប្រវត្តិសាស្ត្រវិទ្យាស្ថាន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចទើបនឹងចុះហត្ថលេខា​លើអនុក្រឹត្យជ្រើសអ្នកមានគុណវុឌ្ឍមកបំពេញការនៅមូលដ្ឋានលើការអប់រំ និងសុខាភិបាល តាមរយៈកិច្ចសន្យាបច្ចេកទេស។ សម្រាប់អប់រំ គឺជ្រើសអ្នកបង្រៀនពីមត្តេយ្យ ដល់ថ្នាក់ទី១២។ រីឯសុខាភិបាលចាប់ពីឲប៉ុស្តិ៍សុខភាព ដល់ពេទ្យបង្អែកស្រុក។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីត្រូវបំពេញបរិមាណ តែមិនអាចបោះបង់និយាមគុណភាពនោះឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រង, សាស្ត្រាចារ្យ, បុគ្គលិក, ព្រមទាំងប្អូនៗ និស្សិតគរុនិស្សិត និងគរុសិស្ស នៃវិទ្យាស្ថានជាតិអប់រំ បន្តថែរក្សាកេរដំណែលនេះឱ្យបានឋិតថេរគង់វង្ស ដើម្បីជាប្រយោជន៍ដល់កូនចៅខ្មែរគ្រប់ជំនាន់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារអភិវឌ្ឍអាស៊ី (ADB) ដែលបានចូលរួម និង គាំទ្រដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចកម្ពុជា និយាយជារួម, និងក្រសួងអប់រំ យុវជន និង កីឡា ក្នុងការកែ​ទម្រង់​វិស័យអប់រំ នៅកម្ពុជា និយាយដោយឡែក, ជាពិសេសការកែលម្អវិទ្យាស្ថានជាតិអប់រំ ដោយបានវិនិយោគលើសំណង់បណ្ណាល័យ «សម្តេច​ព្រះសង្ឃរាជ ជួន ណាត» ថ្មី, ការជួសជុលកែលម្អអគារបេតិកភណ្ឌចំនួន ៨, ការបំពាក់សម្ភារការិយាល័យ, សម្ភារពិសោធន៍, សម្ភារបច្ចេកវិទ្យា​ឌីជី​ថល និងសៀវភៅ សម្រាប់ដាក់ក្នុងបណ្ណាល័យ, ព្រមទាំងការគាំទ្រ​ផ្នែកទន់ជាច្រើនផ្សេងទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×