ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីឃាតកម្ម ក្នុងខណ្ឌព្រែកព្នៅ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ លើក្មេងស្រី ខាងសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបានជនសង្ស័យភ្លាមៗ ចំនួន០៣នាក់។ ប៉ុន្តែដោយមានសារព័ត៌មានមួយបានផ្សព្វផ្សាយថាជាករណីរំលោភបូកដែលបានលទ្ធផលថាចំនួន០៨នាក់នោះ លោកបានបញ្ជាក់ថាជារឿងមិនពិតនោះទេ ដែលធ្វើឱ្យប៉ះពាល់អារម្មណ៍ និងកិត្តិយសដល់គ្រួសារនៃសពជាខ្លាំង ជាពិសេសមហាជនមានការយល់ច្រឡំ ។
លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានដឹកនាំបញ្ជាផ្ទាល់លើករណីនេះ បានអះអាងថា ក្នុងការពិនិត្យធ្វើកោសល្យវិច័យលើសាកសព ដែលមានព្រះរាជអាជ្ញា លោកគ្រូពេទ្យតុលាការ មន្ត្រីនគរបាលជំនាញ និងអង្កការ CPU គឺប្រកបដោយជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ មិនដូចការផ្សាយរបស់បណ្តាញព័ត៌មានមួយចំនួនតូចនោះឡើយ។
នៅរសៀលថ្ងៃទី២២ខែឧសភាឆ្នាំ២០២៥ អធិការនគរបាលខណ្ឌព្រែកព្នៅ បង្ហាញមុខក្រុមជនសង្ស័យ៣នាក់ ពាក់ព័ន្ធបទល្មើសរំលោភស្លាប់ នារីវ័យ១៥ឆ្នាំ ក្នុងសាលារៀន។
អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំបែកសំណុំរឿង
ករណីអំពើឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ (យកថ្នាំងងុយដេកដាក់ក្នុងភេសជ្ជៈឲ្យជនរងគ្រោះផឹក ហើយរំលោភសម្លាប់ ប្លន់ យកទ្រព្យសម្បត្តិ ជនរងគ្រោះ)បង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ នៅចំណុចក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស ស្ថិតនៅក្នុងវត្ដជេសដ្ឋាឧត្តម ហៅវត្តគ្រួស ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០១និង២៧នាទីយប់អធ្រាត្រ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។
ជនរងគ្រោះ១-ឈ្មោះ វុទ្ធី លីណា ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅផ្ទះគ្មានលេខ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ)។
ជនសង្ស័យ ចំនួន០៣នាក់ ១-ឈ្មោះ ទៀន ផារ៉ែត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ “ឃាត់ខ្លួន”(រួមគំនិតសម្លាប់)។ ២-ឈ្មោះ បូ ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ “ឃាត់ខ្លួន”(រួមគំនិតសម្លាប់។ ៣-ឈ្មោះ សុខ ច័ន្ទសុវណ្ណសេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញធ្លាប់ស្គាល់ជនរងគ្រោះតាំងពីក្មេងៗ” ឃាត់ខ្លួន”(ដៃដល់ អ្នករំលោភ និងសម្លាប់)។
សម្ភារៈចាប់យក១-ទូរស័ព្ទដៃម៉ាក TECNO SPARK ពណ៌ស ចំនួន០១គ្រឿង (របស់ជនរងគ្រោះ)។២-ទូរស័ព្ទដៃម៉ាក OPPO ពណ៌ខៀវ ចំនួន០១គ្រឿង ។៣-ខ្សែលីឡុង ពណ៌ស ចំនួន០១ខ្សែ ។៤-ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ខៀវ សេរី២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ 1CL-1190 ចំនួន០១គ្រឿង ។
សម្ភារៈបាត់បង់១-លោហៈធាតុពណ៌ទង់ដែង (ខ្សែកផ្លាកទីន) ចំនួន០១ខ្សែ ។ -ស្លាកស្នាម និងសម្ភារៈបន្សល់ទុក។ ខ្សែក្រណាត់អាវ ពណ៌ខ្មៅ ចំនួន០១ (រឹតកជនរងគ្រោះ) ។
បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញអធិការដ្ឋានកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី







