ភ្នំពេញ ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយលោក ចាវ ជានជីន (Zhao Jianjun) អភិបាលក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលលោកអភិបាលក្រុងអ៊ូស៊ី បានដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់។ ឯកឧត្តមអគ្គលេខាធិការក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងប្រជាជននៃទីក្រុងអ៊ូស៊ីដែលតែងតែខិតខំជំរុញ និងគាំទ្រវិនិយោគិនមកពីទីក្រុងអ៊ូស៊ីដើម្បីមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ជាកិច្ចបន្ទាប់ ឯកឧត្តមអគ្គលេខាធិការបានលើកទ្បើងពីភាពល្អប្រសើរនៃស្ថានភាពវិនិយោគនៅកម្ពុជាដែលឆ្លុះបញ្ចាំងតាមរយៈកំណើនវិនិយោគដ៏គំហុកក្នុងឆ្នាំ២០២៤ និងកំណើនវិនិយោគក្នុងរយៈពេល៤ខែនៃឆ្នាំ២០២៥, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា, ពិសេសភាពរីកចម្រើនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបច្ចុប្បន្នបានទាក់ទាញការវិនិយោគមកក្នុងតំបន់បានប្រមាណ ២០០ក្រុមហ៊ុន ហើយទំហំនៃការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេសនេះ មានប្រមាណ ៣០%នៃការនាំចេញសរុបពីតំបន់សេដ្ឋកិច្ចពិសេសទាំងអស់។
ការទទួលបាននូវសមិទ្ធផលដ៏ត្រចេះត្រចង់នាពេលនេះគឺដោយសារចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ កម្ពុជា-ចិន ដែលបានចាក់គ្រឹះយ៉ាងជ្រៅ និងត្រូវបានពង្រីកឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ហើយដែលបច្ចុប្បន្ននេះ កម្ពុជា-ចិន បានឈានដល់កម្រិតក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលជាក្របខណ្ឌកិច្ចសហប្រតិបត្តិការកម្រិតកំពូលមួយរវាងប្រជាជាតិនៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការក៏បានលើកឡើងពីសារៈសំខាន់នៃការពន្លឿនការកសាង “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ” ក្នុងការជំរុញទាក់ទាញការវិនិយោគ ហើយរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់ទំនិញនាំចេញពីកម្ពុជា។ ឯកឧត្តមអគ្គលេខាធិការសង្ឃឹមយ៉ាងមុតមាំថា តាមរយៈជំនួបពិភាក្សាលើកនេះ ថ្នាក់ដឹកនាំរបស់ទីក្រុងអ៊ូស៊ីនឹងបន្តជំរុញវិនិយោគិនពីទីក្រុងអ៊ូស៊ី ជាពិសេសនាំយកនូវឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើប និងគម្រោងវិនិយោគក្នុងវិស័យថាមពលបៃតង និងឌីជីថលមកកាន់កម្ពុជា។
មួយវិញទៀត ឯកឧត្តមអគ្គលេខាធិការក៏បានស្នើសូមឱ្យភាគីចិនជួយជំរុញឱ្យមានការវិនិយោគក្នុងការផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់។
ជាការឆ្លើយតប លោក ចាវ ជានជីន (Zhao Jianjun) អភិបាលក្រុងអ៊ូស៊ីបានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបគណៈប្រតិភូ។ ឆ្លៀតក្នុងឱកាសនេះដែរ លោក ចាវ ជានជីន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែបានផ្តល់ការគាំទ្រដល់កិច្ចដំណើរការនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានធ្វើឱ្យតំបន់សេដ្ចកិច្ចពិសេសនេះមានការរីកចម្រើនជាបន្តបន្ទាប់។
លោក ចាវ ជានជីន ក៏បានបង្ហាញនូវការប្តេជ្ញាក្នុងការបន្តជំរុញធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសនេះកាន់តែមានការរីកចម្រើនមួយកម្រិតទៀតតាមរយៈការខិតខំជំរុញឱ្យវិនិយោគិនចិន ពិសេសវិនិយោគិនមកពីខេត្តជាំងស៊ូ និងទីក្រុងអ៊ូស៊ី មកបណ្តាក់ទុនវិនិយោគបន្ថែមទៀត។ ក្នុងន័យនេះហើយដែលនៅពេលថ្មីៗនេះ ក៏មានការតភ្ជាប់ជើងហោះហើរផ្ទាល់ពីខេត្តអ៊ូស៊ី មកកាន់ខេត្តព្រះសីហនុ ហើយនៅពេលខាងមុខ ក៏នឹងមានការតភ្ជាប់ការដឹកជញ្ជូនទំនិញផ្ទាល់រវាងខេត្តជាំងស៊ូ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
បន្ថែមលើនេះ លោក ចាវ ជានជីន បានជម្រាបជូនថា ភាគីចិនបានមានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរទៀតនៅកម្ពុជា គឺទី១-តំបន់សេដ្ឋកិច្ចពិសេសសម្រាប់ឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើប និងទី២-តំបន់សេដ្ឋកិច្ចពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម។ រក្សាសិទ្ធដោយ៖សុទ្ធលី







