តាមសត្ថកិច្ច ហេតុការណ៍នេះកើតឡើងកាលពី៣ខែមុន នៅបន្ទប់ជួល១ នាខេត្ត ហាទិន (HATINH) ។ ប៉ូលិសសក្តិ១ ម្នាក់និងសង្សារវ័យ ២០ឆ្នាំ បានឈ្លោះប្រកែកគ្នា ។ នាងទាមទាររើអីវ៉ាន់ចាកចេញទៅ តែប៉ូលិសស័ក្តិ១ ជាសង្សារបានយកខ្នោះដៃវាយជាប់ចម្រឹងបង្អួច ។
ក្មេងស្រីត្រូវវាយខ្នោះជាប់ចម្រឹងបង្អួច
រឿងរ៉ាវនេះត្រូវបានពលរដ្ឋជិតខាងយកទូរស័ព្ទថតទុក រួចរាយការណ៍ប្រាប់ប៉ូលិស ។ ប៉ូលិសបានទៅធ្វើកំណត់ហេតុ តែដោយនាងពុំប្តឹងប្តល់សមត្ថកិច្ចក៏លែងរវល់ ។
ស្រាប់តែនៅយប់ថ្ងៃទី ៥ ខែកញ្ញា កន្លងមកវីដេអូ ២នាទីនេះ ត្រូវបានបង្ហោះលើបណ្តាញសង្គម ។ ប៉ូលិសស្រុក CAM Xuyen បានកោះហៅប៉ូលិសស័ក្តិ១ ឈ្មោះ ហ្វុក (PHUC) មកធ្វើជីវទស្សន៍ ។
ប៉ូលិសសក្តិ១ រូបនេះបានសារភាពថា ខ្លួនពិតជាបានធ្វើមែន ។ តែវាជារឿងឯកជន ។ ហ្វុកជាប៉ូលិសឃុំ ។
ប្រធានប៉ូលិសស្រុក បានឲ្យដឹងថា ៖ “ថ្វីត្បិតរឿងរ៉ាវជារឿងឯកជនតែទង្វើយកឧបករណ៍បម្រើការងារ (ខ្នោះ) ទៅធ្វើបែបនេះ នាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំង ។ យើងកំពុងទាក់ទងជួបនឹង “ជនរងគ្រោះ” ហើយធ្វើរបាយការណ៍សំយោគ សុំយោបល់ថ្នាក់លើដាក់វិន័យឲ្យបានត្រឹមត្រូវតាមច្បាប់កងកម្លាំង ៕ លីសា