ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា ការតែងតាំងមេទ័ពកំពូលថ្មីចំនួន៣រូប ឱ្យចូលកាន់តំណែងជាផ្លូវការសម្រាប់អាណត្តិទី៦នេះ គឺដើម្បីពង្រឹងខឿនការពារជាតិ ឲ្យកាន់តែប្រសើរឡើង មិនមានបញ្ហាផ្ទៃក្នុងនៃជួរកងទ័ពអ្វីនោះទេ។ ជាពិសេសការតែងតាំងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមេបញ្ជាការកងទ័ពជើងគោកនោះ គឺគ្មានរងនូវឥទ្ធិពលរបស់ឪពុកនោះទេ គឺដោយសារសមត្ថភាពជាក់លាក់ សមស្របជាទីបំផុតក្នុងពេលបច្ចុប្បន្ននេះ។
មានប្រសាសន៍នាឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ការប្រកាសតែងតាំងមុខតំណែងនាពេលនេះ គឺដើម្បីឆ្លើយតបអោយបានទាន់ពេលវេលា ក្នុងការបំពេញភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៦នេះ។
សម្តេចពិជ័យបានបញ្ជាក់ទៀតថា បន្ទាប់ពីធ្វើពិធីប្រកាសតែងតាំងមុខតំណែងអគ្គបញ្ជាការ និងកងទ័ពជើងគោកនេះទៅ ត្រូវបន្តធ្វើពិធីបែងចែកភារកិច្ចបន្តទៀត ទាំងនៅអគ្គបញ្ជាការ និងកងទ័ពជើងគោក ដើម្បីបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាព។ សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា ការបង្កើនប្រសិទ្ធភាពការងាររបស់យើង គឺជាភារកិច្ចស្នូលចាំបាច់បំផុត ដើម្បីអោយមានភាពរីកចំរើន និងរឹងមាំក្នុងកងយោធពលខេមរភូមិន្ទ។
ដើម្បីជម្រះមន្ទិលរបស់មហាជនពាក់ព័ន្ធនឹងការតែងតាំងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមេបញ្ជាការកងទ័ពជើងគោកនោះ ត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ការតែងតាំងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាមេបញ្ជាការកងទ័ពជើងគោក គឺជារឿងដ៏ស័ក្តិសមបំផុត ហើយការ តែងតាំងនេះទៀតសោតមិនដោយសារតែឥទ្ធិពលឪពុកជានាយករដ្ឋមន្ត្រីនោះទេ តែដោយសារតែលោក ហ៊ុន ម៉ាណែត មានសមត្ថភាពគ្រប់គ្រាន់លើការងារក្នុងជួរកងទ័ព។ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បន្ថែមថា “ទាំងអ្នកចាស់ ទាំងអ្នកថ្មី សុទ្ធតែបានយក់យ៉ាងច្បាស់ចំពោះកិច្ចការទាំងនេះ ហើយខ្ញុំមិនមានអ្វីដែលហៅថា អើចំពោះអ្វីដែលអ្នកនិយាយវិភាគ ទៅអីចេះទៅអីចុះ ជារបៀបមួយផ្សេងនោះទេ ។ អ្នកខ្លះបានហៅការបូកបញ្ចូលពីឥទ្ធិពលរបស់ឪពុក ប៉ុន្តែគេអត់បានមើលពីសមត្ថភាព របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាក់លាក់ទេ ប៉ុន្តែបើគេបានមើលហើយ គេត្រូវតែដឹង និងត្រូវទទួលស្គាល់ ។ ចំពោះកងយោធពលខេមរភូមិន្ទ ទាំងអស់គឺសុទ្ធសឹងតែទទួលស្គាល់ អំពីសមត្ថភាព និងកិច្ចការទាំងឡាយរបស់គេ ដែលបានធ្វើក្នុងរយៈពេលកន្លងមកហ្នឹង យ៉ាងល្អប្រសើរគ្រប់កិច្ចការងារទាំងអស់ ដែលបានសាកល្បង និងដឹកនាំការងារហ្នឹង គឺទទួលបានជោគជ័យជាបន្តបន្ទាប់ ហើយវាជាទីសមរម្យណាស់ សមរម្យជាទីបំផុត ដែលទៅកាន់ជាមេបញ្ជាការកងទ័ពជើងគោកនេះ គឺចាត់ទុកថា ជាកម្លាំងមានសមត្ថភាពរបៀបនេះ ទើបយើងចាត់ទុកថាកិច្ចការងារនេះ បើទោះបីជានរណាចង់ថាយ៉ាងម៉េចក៏ដោយ ប៉ុន្តែទូទាំងកងយោធពលខេមរភូមិន្ទ មានការឯកភាពខ្ពស់ ហើយទទួលស្គាល់តួនាទីនេះសមស្របជាទីបំផុតចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ននេះ”។
សម្តេច ទៀ បាញ់ បានថ្លែងថា៖ ការរកប្រសិទ្ធភាពការងារនេះ លុះត្រាតែរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធឲ្យវាសមស្របដែរ។ ដោយសារថា អគ្គមេបញ្ជាការចាស់គាត់ទៅកាន់តួនាទីថ្មី នៅក្នុងរដ្ឋាភិបាល យើងដឹងហើយតួនាទីដ៏ធំគួរសមដែរ គឺជាទេសរដ្ឋមន្ត្រី ទទួលកិច្ចការងារពិសេស។
សម្តេចពិជ័យសេនា បានបញ្ជាក់បន្តថា យើងត្រូវរៀបចំនិរន្តរភាពការងារតាមស្ថានប័ននីមួយៗ នៅក្នុងរចនាសម្ព័ន្ធរបស់កងទ័ព វាតោងតែរៀបចំរបៀបនេះតែម្តង។ ហេតុនេះ ការរៀបចំឡើងវិញនូវអគ្គបញ្ជាការ ក៏ដូចជាមេបញ្ជាការកងទ័ពជើងគោក គឺជារឿងធម្មតាទេ គឺយើងរៀបចំឲ្យមានក្បាលម៉ាស៊ីនដឹកនាំ បញ្ជាដ៏ជាក់លាក់មួយ គឺមិនមានអ្វីចម្លែកទេ។
គ្មានរឿងអ្វីនៅក្នុងកងទ័ពទេ រឿងសំខាន់បំផុតយើងបង្កើនប្រសិទ្ធភាព ការងាររបស់យើងនៅក្នុងកងទ័ពពង្រឹងកងទ័ពយើងឲ្យកាន់តែរឹងមាំ កាន់តែទទួលភារកិច្ចឲ្យបានកាន់តែមានប្រសិទ្ធភាពទៀត នៅពេលខាងមុខនេះ។
នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចពិជ័យសេនា ប្រកាសដំឡើងឋានន្តរស័ក្តិ និងតែងតាំងមុខតំណែងដល់មេទ័ពកំពូលថ្មីចំនួន៣រូប រួមមាន៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។
នៅក្នុងឱកាសនោះ លោក នាយឧត្តមសេនីយ៍ មាស សំអុល អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជានាយក នាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ បានឡើងអានព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ដែលក្នុងព្រះរាជក្រឹត្យបានតែងតាំង និងតម្លើងឋានន្តរស័ក្តិជូន ឧត្តមសេនីយ៍ឯក វង្ស ពិសេន អត្តលេខ ០០៣៥៧ ជាអគ្គបញ្ជាការ នៃកងយោធិពលខេមរភូមិន្ទ និងដំឡើងឋានន្តរស័ក្តិថ្នាក់ នាយឧត្តមសេនីយ៍, ព្រះរាជាក្រឹត្យបានតែងតាំង នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អត្តលេខ ០០៣៣៤ ជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្ន និងតែងតាំង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អត្តលេខ ០៣៣៨៨៣ ជាមេបញ្ជាការកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន។ ដោយឡែកនៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ ស្តីពីការកែសម្រួលផ្ទេរក្របខ័ណ្ឌអង្គភាពកងយោធពលខេមរភូមិន្ទ បានប្រកាសធ្វើការកែសម្រួល ផ្ទេរក្របខ័ណ្ឌកងពលធំអន្តរាគមន៍ និងកងពលតូចអន្តរាគមន៍ ពីអគ្គបញ្ជាការដ្ឋាន មកចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលក្នុងនោះរួមមាន កងពលធំអន្តរាគមន៍លេខ២ កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ១ កងពលតូចទ័ពពិសេសឆត្រយោងលេខ៩១១ និងកងពលតូចលេខ៧០៕ ដោយ ៖ កូឡាប