កំពង់ស្ពឺ ៖ កងកម្លាំងនគរបាល សហការបង្ក្រាបករណីចោរលួចរថយន្ត កាម៉ារីបាឡែន មួយគ្រឿង ពីរាជធានីភ្នំពេញ ដោយក្រុមជនល្មើសយកមកប្លុងចោលនៅក្នុងទឹកដីស្រុកសំរោងទង ក្រោយពីដឹងថាគ្មានផ្លូវអាចគេចរួចពីអន្ទាក់សមត្ថកិច្ចនគរបាលខេត្ដកំពង់ស្ពឺ។
នគរបាលខេត្តកំពង់ស្ពឺ បើកកិច្ចប្រតិបត្ដិការបង្ក្រាបករណីចោរលួចរថយន្ត កាម៉ារី បាឡែន ពីរាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ ២ រំលងអធ្រាត្រ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ក្រោយពីទទួលបានព័ត៌មាន លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកងកម្លាំងនគរបាលគ្រប់ស្រុកត្រៀមនៅតាមបណ្ដាគោលដៅចំណុចខ្ពស់ ដោយមានកិច្ចសហការល្អក្នុងការផ្ដល់ព័ត៌មានពីម្ចាស់រថយន្ដមកសមត្ថកិច្ច ក្រុមចោបានយករថយន្ដមកផ្លុងចោល នៅចំណុចដីឡូទំនេរមួយកន្លែង នៅតាមផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ ៤១-៤២ ស្ថិតក្នុងភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រថយន្ត កាម៉ារីបាឡែន ពណ៌ទឹកប្រាក់ស្លាកលេខ ភ្នំពេញ 2AB.3664 ជាកម្មសិទ្ធរបស់ឈ្មោះម៉ាក់ គុណ ភេទប្រុស អាយុ31ឆ្នាំ ចតនៅមុខផ្ទះ ស្ថិតនៅភូមិចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានអោយដឹងថា ក្រោយពេលទទួលព័ត៌មាន កម្លាំងបានចេញប្រតិបតិ្ដការ ធ្វើការល្បាតនៅតាមផ្លូវជាតិ អនុវត្តតាមផែនការប្រទាក់ក្រឡា ធ្វើឲ្យក្រុមចោរដឹងថាមិនគេចបាន គឺទុករថយន្ដចោលរត់គេចខ្លួនតែម្ដង។
ចំពោះវត្ថុតាង រថយន្ត កាម៉ារីបាឡែន ជំនាញបានរាយការណ៍ស្នើសុំយោបល់ និងបានប្រគល់ជូនម្ចាស់រថយន្តវិញន្ដ៕ ដោយ៖កូឡាប