ថ្លែងទៅកាន់ក្រុមមន្ត្រីចម្រុះ និងវិស័យឯកជន ក្នុងវេទិកានីកកៃ (Nikkei) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ស្តីពី អនាគតរបស់អាស៊ី ក្រោមប្រធានបទ «បញ្ហាប្រឈមរបស់អាស៊ីនៅក្នុងពិភពលោកដ៏ច្របូកច្របល់» , សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សង្កត់ថា ដល់ពេលដែលយើងត្រូវស្វែងរកការស្ដារកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការកសាងភាពសុខដុមរមនា ជំនួសឱ្យការបែងចែក, ការកាត់ផ្តាច់ និងការប្រឈមមុខគ្នា។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា កិច្ចសហប្រតិបត្តិការអន្តរជាតិ មិនគួរត្រូវបានជួញដូរនោះទេ, ជាមួយគ្នានេះ អត្ថប្រយោជន៍ដែលបានមកពីកិច្ចសហប្រតិបត្តិការអន្តរជាតិ គឺមានច្រើនលើសពីតួលេខទៅទៀត។ កិច្ចសហប្រតិបត្តិការ គឺមានតម្លៃណាស់ ទាក់ទងនឹងការបង្កើតទំនុកចិត្ត, មិត្តភាព និងជំរុញគោលការណ៍មនុស្សធម៌។
ស្ដីពីបញ្ហាក្រុមជ្រុលនិយមវិញ បញ្ហាជ្រុលនិយមតែងតែកើតមាននៅក្នុងសង្គមរបស់ប្រទេសនានា ដោយចៀសមិនផុត ប៉ុន្តែក្នុងនាមជាមេដឹកនាំដែលមានឆន្ទៈអភិវឌ្ឍន៍ប្រទេសពិតប្រាកដ តើគួរលើកទឹកចិត្តដល់អ្នកបង្កើតអង្គហេតុក្លែងក្លាយ ឬក៏លើកទឹកចិត្តដល់ព័ត៌មានពិត និយាយពិត ធ្វើពិត អនុវត្តពិត ?! មានន័យថា ជម្រើសណាក៏ដោយ ក៏ត្រូវធ្វើឡើងដោយគិតគូរពីផលប្រយោជន៍ប្រជាជន ប្រទេសជាតិ ដែលពួកជ្រុលនិយម កំពុងរាយការណ៍ធ្វើឱ្យប៉ះពាល់ទៅដល់ទំនាក់ទំនងអន្តរជាតិផងដែរ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បញ្ហាប្រឈមនេះ អ្នកដឹកនាំសាធារណមតិទាំងអស់ រួមទាំងអ្នកនយោបាយ, អ្នកសិក្សាស្រាវជ្រាវ, ជុរជន រួមទាំងសា្ថប័នសារព័ត៌មានផងដែរ ត្រូវមានការទទួលខុសត្រូវក្នុងការជូនដំណឹងដល់សាធារណជន ដែលផ្អែកលើហេតុផល ការពិត និងអំណះអំណាងត្រឹមត្រូវ ជាជាងការទាក់ទាញយកចំណាប់អារម្មណ៍ដោយការបំផ្លើស និងការទាមទារចង់បានប្រជាប្រិយភាពនៅក្នុងកិច្ចការការបរទេស ដោយការបំផ្លើស មួលបង្កាច់ , ប្រព័ន្ធផ្សព្វផ្សាយមានជម្រើសមួយដែលត្រូវធ្វើ គឺថា តើយើងចង់ធ្វើជាអ្នកបន្ថែមភ្លើង ឬជាអ្នកពន្លត់ភ្លើង។
«យើងមិនត្រូវបណ្ដោយឱ្យនយោបាយជ្រុលនិយមកើតមានក្នុងសង្គមរបស់យើងនោះទេ យើងក៏គួរតែផ្ដល់តម្លៃដល់អ្នកដែលរក្សាសន្តិភាព, ស្វែងរកសន្តិភាព , ជំនួសឱ្យការផ្ដល់លំហ (អត់មានអ្វីសោះ) និងប្រសើរជាងទៅការពារដល់អ្នកនយោបាយជ្រុលនិយម ដែលចង់ធ្វើឱ្យសន្តិភាព រង្គោះរង្គើ, ញុះញង់ឱ្យមានការប្រយុទ្ធគ្នាជាមួយប្រទេសជិតខាង, ដំឡើងរបាំងរឹតត្បិតពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជន, និងលើកតម្កើងជាតិនិយមជ្រុលហួសហេតុ កាត់ផ្ដាច់កិច្ចសហប្រតិបត្តិការ»៕ ពិសិដ្ឋ CEN















