Saturday, May 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសទួរគីយ៉េ បង្ហាញពីចំណាប់អារម្មណ៍ក្នុងការពិចារណាចូលរួមចំណែកជាមួយកម្ពុជា ដល់កិច្ចជួយសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ភ្នំពេញ៖ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋទួរគីយ៉េប្រចាំនៅកម្ពុជា និងលោក Burak Saritarla អ្នកសម្របសម្រួលថ្នាក់តំបន់នៃទីភ្នាក់ងារសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការទួរគីយ៉េ(TIKA) ប្រចាំប្រទេសកម្ពុជា ឡាវ និងវៀតណាម ដែលមានបំណងចូលរួមក្នុងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។

ក្នុងជំនួបពិភាក្សានេះ លោកជំទាវ Ülkü Kocaefe បានបង្ហាញពីចំណាប់អារម្មណ៍របស់ប្រទេសទួរគីយ៉េ ដើម្បីចូលរួមចំណែកជាមួយកម្ពុជា ក្នុងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គោះ ក្នុងនោះរួមមានការផ្តល់អវយវៈសិប្បនិម្មិតដល់ជនមានពិការភាព ជាដើម។ ជាមួយគ្នានោះ លោកជំទាវឯកអគ្គរដ្ឋទូត បានស្នើសុំឱ្យមានកិច្ចសហការពីអាជ្ញាធរមីនក្នុងការផ្តល់ការគាំទ្រដល់ទីភ្នាក់ងារ TIKA និងសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យការរៀបចំកម្មវិធីរបស់ខ្លួនទទួលបានជោគជ័យ។

ឯកឧត្តមទេសរដ្ឋមន្រ្តី លើកឡើងថា ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាប្រធាន អាជ្ញាធរមីន មិនត្រឹមតែគ្រប់គ្រង និងសម្របសម្រួលលើកិច្ចការបោសសម្អាតមីន ប៉ុណ្ណោះទេ ថែមទាំងយកចិត្តទុកដាក់ក្នុងការសម្របសម្រួលលើកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងសហគមន៍របស់ពួកគាត់ ផងដែរ។

ឯកឧត្តមទេសរដ្ឋន្រ្តី បន្តទៀតថា ពាក់ព័ន្ធនឹងកិច្ចការនេះ កម្ពុជា មានមជ្ឈមណ្ឌលផ្តល់សេវាស្តារនីតិសម្បទាចំនួន ១១ កំពុងផ្តល់ឧបករណ៍សិប្បនិម្មិត ការព្យាបាលដោយចលនា និងការបណ្តុះបណ្តាលស្តារនីតិសម្បទាដោយឥតគិតថ្លៃ។ ជាងនេះទៅទៀត អាជ្ញាធរមីន ក៏បានកសាងនូវបណ្តាញអ្នកស្ម័គ្រចិត្តជនរងគ្រោះនៅទូទាំងប្រទេសកម្ពុជា ក្នុងការសម្របសម្រួល និងគ្រប់គ្រងនូវព័ត៌មានជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនេះ ជាពិសេសការផ្តល់សេវាខិតឱ្យកាន់តែជិតដល់សហគមន៍ជនរងគ្រោះ។

តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសរបស់ប្រទេសទួរគីយ៉េ តាមរយៈស្ថានទូតទួរគីយ៉េប្រចាំកម្ពុជា ដែលបានពិចារណាចូលរួមជាមួយកម្ពុជា ក្នុងកិច្ចសង្រ្គោះជនរងគ្រោះ។ ឯកឧត្តមបន្តទៀតថា អាជ្ញាធរមីន សូមលើកទឹកចិត្តដល់ទីភ្នាក់ងារ TIKA ព្រមទាំងសន្យាផ្តល់ការគាំទ្រ ការសម្របសម្រួល និងផ្តល់លទ្ធភាពងាយស្រួលគ្រប់បែបយ៉ាង សម្រាប់កម្មវិធីមនុស្សធម៌នេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×