Sunday, June 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃ ប្ដេជ្ញាដ៏មុះមុតក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ជាពិសេសដោះស្រាយបញ្ហាព្រំដែន ដោយផ្តោតសំខាន់ទៅលើតំបន់ដែលបានកើតហេតុនាពេលថ្មីនេះ

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ជំនួបរវាងរដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ បានជួបពិភាក្សាគ្នានៅទីក្រុងតូក្យូ ក្នុងឱកាសអមថ្នាក់ដឹកនាំអញ្ជើញចូលរួមវេទិកានីក លើកទី៣០ ស្តីពី «អនាគតរបស់អាស៊ី» ។

រដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់ថា បន្ទាប់ពីជំនួបរវាងមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសទាំងពីរកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ សភាពការណ៍បានវិលត្រឡប់ ទៅរកស្ថានភាពដើមវិញ ដូចមុនការប៉ះទង្គិចនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោ មរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ការប៉ះទង្គិចនេះបានកើតឡើង បន្ទាប់ពីយោធាថៃ បើកការវាយប្រហារមកលើកងកម្លាំងឈរជើងរបស់កម្ពុជា នៅក្នុងតំបន់ខាងលើនេះ។

រដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់អំពីការប្រាស្រ័យទាក់ទងគ្នាភ្លាមៗ រវាងសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រថៃ ដែលបានបញ្ជាក់អំពីការប្តេជ្ញារក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជា អ្នកជិតខាងល្អ ការយោគយល់និងជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងការដោះស្រាយរាល់ជម្លោះដែល កើតឡើងជាយថាហេតុដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពអធិបតេយ្យភាព និងបូរណភាព ទឹកដីរៀងៗខ្លួន ។

រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពប្រកាន់ស្មារតី នៃការគោរពអនុស្សណាទ នៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា ថៃ និងប្រើប្រាស់គ្រប់យន្តការដែលមានស្រាប់ ជាពិសេសជំរុញយន្តការគណៈកម្មាធិការព្រំដែនចម្រុះ(JBC) ជួបពិភាក្សាការងារគ្នាឱ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីដោះស្រាយបញ្ហាព្រំដែន ដោយផ្តោតសំខាន់ទៅលើតំបន់ដែលបានកើតហេតុនាពេលថ្មីនេះ។

ជាមួយនឹងការប្ដេជ្ញាដ៏មុះមុតក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន កម្ពុជា ប្រកាន់ជំហររឹងមាំ ក្នុងការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង ឱ្យក្លាយទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីជាផលប្រយោជន៍របស់ប្រទេស និងប្រជាជនរៀងៗខ្លួន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×