Sunday, June 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រីទាំងពីរ បានប្រកាសដាក់ចេញនូវ «កញ្ចប់សហបង្កើតសេដ្ឋកិច្ចជប៉ុន-កម្ពុជា»

ជប៉ុន ៖ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញបំពេញ ទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន ពីថ្ងៃទី២៨ ដល់ ៣១ ខែឧសភា ឆ្នាំ២០២៥។ នៅក្នុងជំនួបកំពូល ទ្វេភាគី នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អ៊ុំស៊ីបាក់ ស៊ីហ្គើរឺ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានបញ្ជាក់អំពីសារៈ សំខាន់នៃការពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» រវាងប្រទេសទាំងពីរ រួមមាន សហបង្កើតគុណតម្លៃសេដ្ឋកិច្ច និងសង្គម និងកិច្ចសហប្រតិបត្តិការសន្តិសុខផ្អែកលើទំនុកចិត្ត និង មិត្តភាពដែលប្រទេសទាំងពីរបានកសាងជាច្រើនឆ្នាំកន្លងមក។
ភាគីទាំងពីរក៏បានឯកភាពធ្វើការជាមួយគ្នាបន្ថែមទៀតដើម្បីរក្សា និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើនីតិរដ្ឋ ក៏ដូចជាប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី។

១. សហបង្កើតគុណតម្លៃសេដ្ឋកិច្ច និងសង្គម
នាយករដ្ឋមន្ត្រីទាំងពីរបានស្វាគមន៍នូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជាក់ស្ដែង រួមមាន «សហបង្កើត សម្រាប់គំនិតផ្តួចផ្តើមរបៀបវារៈរួម» ក្នុងវិស័យឌីជីថល ចាប់តាំងពីការបង្កើត “អភិក្រមថ្មីចំនួនបីនៃកិច្ចសហ- ប្រតិបត្តិការ កាលពីខែកក្កដាកន្លងទៅ ដែលរួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គមក្នុងវិស័យទឹក និង ឌីជីថល ការតភា្ជប់តាមផ្លូវសមុទ្រ និងសកម្មភាពមីនមនុស្សធម៌។

នាយករដ្ឋមន្ត្រីទាំងពីរបានប្រកាសដាក់ចេញនូវ «កញ្ចប់សហបង្កើតសេដ្ឋកិច្ចជប៉ុន-កម្ពុជា» ដូចមាន ភ្ជាប់ជាមួយ និងបានឯកភាពគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀត ដូចជាការកែលម្អបរិយាកាស ធុរកិច្ចនៅកម្ពុជា តាមរយៈការចូលរួមចំណែករបស់ជប៉ុនចំពោះអង្គការសម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និង អភិវឌ្ឍន៍ (OECD) ការគាំទ្រក្រុមហ៊ុនជប៉ុន ការបង្កើតគម្រោងភាពជាដៃគូរដ្ឋ-ឯកជន និងការគាំទ្រការធ្វើឱ្យ រីកចម្រើនបណ្តាញទូរគមនាគមន៍ ដើម្បីពង្រឹងឧស្សាហកម្ម និងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់។
នាយករដ្ឋមន្ត្រីទាំងពីរបានបញ្ជាក់ថា ការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ រួមចំណែកដល់ការតភ្ជាប់ ក្នុងតំបន់ និងជំរុញពាណិជ្ជកម្ម ព្រមទាំងបានបញ្ជាក់សាជាថ្មីក្នុងការបន្តកិច្ចសហប្រតិបត្តិការ ដើម្បីរក្សា និង អភិវឌ្ឍកំពង់ផែនេះទៅជាកំពង់ផែស្នូល និងមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់។ ភាគីទាំងពីរក៏បានអះអាងសាជាថ្មី ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងសមត្ថភាពនគរបាលការពារព្រំដែនទឹកកម្ពុជា និង គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ។

នាយករដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។
នាយករដ្ឋមន្ត្រី អ៊ុំស៊ីបាក់ បានបង្ហាញពីបំណងរបស់ជប៉ុនក្នុងការបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា តាមរយៈការផ្ដល់ជំនួយបច្ចេកទេសផ្នែកច្បាប់ និងការគាំទ្រដល់ការបោះឆ្នោត ក៏ដូចជាការចែករំលែកបទ ពិសោធន៍របស់ជប៉ុនអំពីលទ្ធិប្រជាធិបតេយ្យ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះការបន្ត គាំទ្រដ៏មានតម្លៃរបស់ជប៉ុនក្នុងវិស័យនេះ ហើយបានបង្ហាញពីបំណងក្នុងការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បី បញ្ចូលលទ្ធផលនៃការគាំទ្រទាំងនេះទៅក្នុងសង្គមកម្ពុជា។ ក្នុងន័យនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃចំពោះតួនាទីរបស់ជប៉ុនក្នុងនាមជាអ្នករៀបចំសេចក្តីសម្រេចចិត្តស្ដីពីសេវាផ្តល់យោបល់ បច្ចេកទេសសម្រាប់កម្ពុជា នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស។

នាយករដ្ឋមន្ត្រីទាំងពីរបានបញ្ជាក់ថា ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនក្នុងវិស័យធុរកិច្ច ទេសចរណ៍ ស្រាវជ្រាវអប់រំ ស្ថាប័ន កីឡា និងការផ្លាស់ប្តូរវប្បធម៌ បង្កើតជាមូលដ្ឋាននៃទំនាក់ទំនងសហបង្កើត រវាងប្រទេសទាំងពីរ ហើយបានបង្ហាញពីគោលបំណងក្នុងការជំរុញការផ្លាស់ប្ដូរខាងលើបន្ថែមទៀតនៅកម្រិត រដ្ឋាភិបាល។ ភាគីទាំងពីរយល់ថា ព្រឹត្តិការណ៍ Expo2o25 នៅអូសាកា ប្រទេសជប៉ុន និង GREEN-EXPO 2027 នឹងក្លាយជាឱកាសដ៏ល្អ ដើម្បីជំរុញការផ្លាស់ប្ដូរ និងអះអាងសាជាថ្មីក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ។

២. កិច្ចសហប្រតិបត្តិការសន្តិសុខ
ដោយពិចារណាលើការផ្លាស់ប្តូរដ៏យូរអង្វែងរវាងកងទ័ពជើងគោកកម្ពុជា និងកងកម្លាំងស្វ័យការពារ
ជើងគោកជប៉ុន នាយករដ្ឋមន្ត្រីទាំងពីរបានបង្ហាញពីបំណងក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ សន្តិសុខបន្ថែមទៀត។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានស្វាគមន៍ជប៉ុន ដែលបានតែងតាំងអនុព័ន្ធយោធាអម ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាឡើងវិញ។ នាយករដ្ឋមន្ត្រីទាំងពីរបានបង្ហាញក្តីរំពឹងចំពោះភាពរលូននៃកិច្ច សហប្រតិបត្តិការ និងការផ្លាស់ប្តូរទ្វេភាគីលើវិស័យការពារជាតិ ក៏ដូចជាការប្រាស្រ័យទាក់ទងគ្នា រួមទាំងការ ពិចារណាលើគម្រោងជំនួយសន្តិសុខផ្លូវការ នាពេលអនាគត។ នាយករដ្ឋមន្ត្រីទាំងពីរបានសម្តែងការស្វាគមន៍ ដែលប្រទេសទាំងពីរបាននិងកំពុងរួមចំណែកក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ តាមរយៈការកសាង សមត្ថភាពក្នុងការថែរក្សាសន្តិភាពក្រោមកម្មវិធីភាពជាដៃគូត្រីភាគីរបស់អង្គការសហប្រជាជាតិ (TPP)។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះទស្សនកិច្ចសុច្ឆន្ទៈរបស់នាវាកងកម្លាំងស្វ័យការពារ ជើងទឹកជប៉ុន (JMSDF) នៅមូលដ្ឋានសមុទ្ររាម ពីថ្ងៃទី១៩ ដល់២២ ខែមេសា ឆ្នាំនេះ ដែលជានាវាកងទ័ព ជើងទឹកបរទេសដំបូងគេចូលចតនៅកំពង់ផែនេះ បន្ទាប់ពីបញ្ចប់ការជួសជុលរួច ដោយនាយករដ្ឋមន្ត្រី អ៊ុំស៊ីបាក់ បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានអនុញ្ញាតឱ្យនាវាជប៉ុនចូលចតនេះ។ សម្ដេចធិបតីនាយករដ្ឋមន្តី បានបង្ហាញពីបំណងស្វាគមន៍ការចូលចតនាវារបស់បណ្តាប្រទេសជាមិត្ត នៅមូលដ្ឋានសមុទ្ររាម។

៣. ការដោះស្រាយបញ្ហាឆ្លងដែន
នាយករដ្ឋមន្ត្រីទាំងពីរបានទទួលស្គាល់ថា បញ្ហាឆ្លងដែននានា ដូចជាការឆបោកតាមប្រព័ន្ធអនឡាញ (ការបោកប្រាស់តាមប្រព័ន្ធអនឡាញ និងតាមទូរស័ព្ទ) ការលេងល្បែងខុសច្បាប់ ការជួញដូរមនុស្ស ការសម្អាតប្រាក់ និងឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំងផ្សេងៗទៀត ព្រមទាំងគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ការ បំពុលខ្យល់ និងការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាដែលមិនអាចដោះស្រាយបានដោយប្រទេសមួយតែឯង នោះទេ។ នាយករដ្ឋមន្ត្រីទាំងពីរក៏បានគូសបញ្ជាក់ជាមួយនឹងការព្រួយបារម្ភផងដែរអំពីការកើនឡើងនៃការ លួចរូបិយប័ណ្ណគ្រីបតូ និងការផ្តល់ហិរញ្ញប្បទានដល់សកម្មភាពបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) ខុសច្បាប់ដោយប្រើរូបិយប័ណ្ណគ្រីបតូ ដែលអាចប៉ះពាល់ដល់សន្តិសុខអន្តរជាតិ។ ភាគីទាំងពីរបានឯកភាព អំពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងតំបន់ រួមមានតាមរយៈក្របខ័ណ្ឌមួយចំនួនដូចជា កិច្ច សហប្រតិបត្តិការមេគង្គ-ជប៉ុន អាស៊ាន-ជប៉ុន និងសហគមន៍បំភាយឧស្ម័នកម្រិតសូន្យអាស៊ី (AZEC) ហើយ បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចរបស់ខ្លួនពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការចាត់វិធានការនានាប្រកបដោយប្រសិទ្ធភាព ដូចជាការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

៤. កិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ
នាយករដ្ឋមន្ត្រីទាំងពីរបានអះអាងសាជាថ្មីអំពីការគោរពអធិបតេយ្យជាតិ និងបូរណភាពទឹកដី ស្រប តាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងសម្ដែងនូវបំណងពង្រឹងកិច្ចសហ- ប្រតិបត្តិការបន្ថែមទៀត ដើម្បីឈានទៅសម្រេចបាននូវឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ដែលគាំទ្រដល់ ឯកភាព និងមជ្ឈភាពរបស់អាស៊ាន និងស្របតាមធម្មនុញ្ញអាស៊ាន និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ព្រមទាំងរក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយឈរលើនីតិរដ្ឋ។ ផ្អែកលើការទទួលស្គាល់រួមគ្នាចំពោះ «សេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុន» ចេញផ្សាយកាលពីខែមីនា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រី ទាំងពីរបានអះអាងសាជាថ្មីក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និង វិបុលភាពក្នុងតំបន់ និងពិភពលោក។
នាយករដ្ឋមន្ត្រីទាំងពីរបានយល់ឃើញដូចគ្នាអំពីសារៈសំខាន់នៃភាពធន់សេដ្ឋកិច្ច និងសន្តិសុខ
សេដ្ឋកិច្ច រួមមានការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ ព្រមទាំងបានឯកភាពគ្នាបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងការរក្សា និងពង្រឹងសណ្ដាប់ធ្នាប់សេដ្ឋកិច្ចអន្តរជាតិផ្អែកលើវិធានច្បាប់ដែលសេរី និងយុត្តិធម៌ សំដៅ រួមចំណែកដល់កំណើនប្រកបដោយស្ថិរភាព ចីរភាព និងបរិយាបន្ន។
ដោយមើលឃើញបទពិសោធន៍របស់កម្ពុជាក្នុងដំណើរការសន្តិភាព និងការស្តារប្រទេសជាតិឡើងវិញ នាយករដ្ឋមន្ត្រី អ៊ុំស៊ីបាក់ បានស្វាគមន៍ចំពោះតួនាទីជាសកលរបស់កម្ពុជា រួមមានការចូលរួមចំណែករបស់កងទ័ពមួកខៀវកម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (PKO) និងកិច្ចសហប្រតិបត្តិការតាមរយៈសន្និសីទស្ដីពីកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសអាស៊ីបូព៌ាសម្រាប់ការអភិវឌ្ឍប៉ាឡេស្ទីន (CEAPAD)។ នាយករដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ក្នុងការ ដោះស្រាយបញ្ហាប្រឈមអន្តរជាតិនានា ដូចជាការបណ្តុះបណ្តាលអ្នកដោះមីនរបស់អ៊ុយក្រែន ក្នុងគោល បំណងមនុស្សធម៌ តាមរយៈកិច្ចសហប្រតិបត្តិការត្រីភាគី ដោយកម្ពុជាដើរតួជាមជ្ឈមណ្ឌលបណ្តុះបណ្តាល ព្រមទាំងការទទួលស្វាគមន៍គណៈប្រតិភូប៉ាឡេស្ទីនធ្វើទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចកម្ពុជា
ដើម្បីស្វែងយល់ពី បទពិសោធន៍របស់កម្ពុជា ក្នុងការអភិវឌ្ឍនប្រទេសក្រោយសង្គ្រាម។ នាយករដ្ឋមន្ត្រីទាំងពីរបានអះអាងសាជាថ្មី ក្នុងការបង្កើនបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ដើម្បីស្វែងរកសន្តិភាព និងស្ថិរភាពអន្តរជាតិ។
ចំពោះស្ថានភាពនៅឧបទ្វីបកូរ៉េ នាយករដ្ឋមន្ត្រីទាំងពីរបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការ
បន្តបាញ់មីស៊ីលបាលីស្ទីករបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងបានអំពាវនាវឱ្យសាធារណរដ្ឋ
ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ គោរពឱ្យបានពេញលេញតាមសេចក្ដីសម្រេចចិត្តទាំងអស់របស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ។ ភាគីទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃកិច្ចសន្ទនាដោយសន្តិវិធី ក្នុង គោលបំណងសម្រេចបាននូវស្ថិរភាព និងសន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ និងបញ្ជាក់សាជាថ្មីអំពីកិច្ចខិតខំ ប្រឹងប្រែងជាលក្ខណៈអន្តរជាតិ និងមធ្យោបាយការទូត ដើម្បីសម្រេចបាននូវការលុបបំបាត់ទាំងស្រុង ដែល អាចផ្ទៀងផ្ទាត់បាន និងមិនឱ្យមានអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ស្របតាមសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិដែលពាក់ព័ន្ធ ព្រមទាំងបានអះអាងសាជាថ្មីពីការប្តេជ្ញាចិត្តអនុវត្តឱ្យបាន ពេញលេញនូវសេចក្តីសម្រេចចិត្តទាំងនេះ។ នាយករដ្ឋមន្ត្រី អ៊ុំស៊ីបាក់ បានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្ត របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានា ដើម្បីឱ្យមានដំណោះស្រាយ បន្ទាន់ចំពោះបញ្ហាចាប់ពង្រត់ជនជាតិជប៉ុន។
ចំពោះស្ថានភាពមីយ៉ាន់ម៉ា នាយករដ្ឋមន្ត្រីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្តល់ជំនួយ
មនុស្សធម៌ដែលផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាជនមីយ៉ាន់ម៉ា ដែលទទួលរងការខូចខាតដោយសារ គ្រោះរញ្ជួយដី ដែលបានកើតឡើងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ ភាគីទាំងពីរក៏បានឯកភាពថាការបន្ត និងការអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់ដោយគ្រប់ភាគីពាក់ព័ន្ធ គឺជាការចាំបាច់ដើម្បីសម្រេចគោល
បំណងនេះ។ នាយករដ្ឋមន្ត្រីទាំងពីរក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនៅមីយ៉ាន់ម៉ា
ដោយសារជីវភាពរបស់ប្រជាជនមីយ៉ាន់ម៉ាជាច្រើនត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង។ នាយករដ្ឋមន្ត្រី អ៊ុំស៊ីបាក់ បានបញ្ជាក់សាជាថ្មីអំពីការគាំទ្ររបស់ជប៉ុនចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន រួមមានការអនុវត្ត «ការ ព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច» ស្របពេលដែលទទួលស្គាល់សារៈសំខាន់នៃឯកភាព និងមជ្ឈភាពរបស់អាស៊ាន។ នាយករដ្ឋមន្ត្រីទាំងពីរបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សានៅមីយ៉ាន់ម៉ា និងឱ្យមានកិច្ចសន្ទនាប្រកបដោយភាពស្មោះត្រង់រវាងភាគីពាក់ព័ន្ធទាំងអស់ តាមរយៈដំណើរការនយោបាយមួយដែលមីយ៉ាន់ម៉ា ជាម្ចាស់ និងដឹកនាំដោយមីយ៉ាន់ម៉ា។

ចំពោះស្ថានភាពនៅសមុទ្រចិនខាងត្បូង នាយករដ្ឋមន្ត្រីទាំងពីរបានទទួលស្គាល់អំពីអត្ថប្រយោជន៍ នៃសមុទ្រចិនខាងត្បូង ដែលជាសមុទ្រនៃសន្តិភាព ស្ថិរភាព និងវិបុលភាព។ នាយករដ្ឋមន្ត្រីទាំងពីរបានអះអាង សាជាថ្មីអំពីសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាព សេរីភាពនៃការធ្វើនាវាចរណ៍នៅ និងការ ហោះហើរពីលើសមុទ្រចិនខាងត្បូង ការអត់ធ្មត់រៀងៗខ្លួន ភាពគ្មានយោធូបនីយកម្ម និងការដោះស្រាយ ជម្លោះដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ នាយករដ្ឋមន្ត្រីទាំងពីរក៏បានអះអាងសាជាថ្មីអំពីភាពចាំបាច់ក្នុងការពង្រឹង ទំនុកចិត្ត និងការជឿជាក់ទៅវិញទៅមក ប្រកាន់ការអត់ធ្មត់នៅក្នុងការធ្វើសកម្មភាពនានា ដែលធ្វើឱ្យជម្លោះ កាន់តែតានតឹង ឬស្មុគ្រស្មាញ និងប៉ះពាល់ដល់សន្តិភាព និងស្ថិរភាព ព្រមទាំងចៀសវាងសកម្មភាពណាដែល អាចធ្វើឱ្យសភាពការណ៍កាន់តែស្មុគស្មាញថែមទៀត។ នាយករដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រ ចិនខាងត្បូង (DOC)និងបានស្វាគមន៍វឌ្ឍនភាពនៃការចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) និង បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបញ្ចប់ការចរចាឱ្យបានឆាប់ នូវ COC ប្រកបដោយប្រសិទ្ធភាព និងមាន អត្ថន័យ ដែលស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ ១៩៨២។
នាយករដ្ឋមន្ត្រីទាំងពីរបានទទួលស្គាល់អំពីភាពចាំបាច់ក្នុងការធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខនៃ អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលដ៏ធ្ងន់ធ្ងរ ហើយបានបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញា ចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការដើម្បីសម្រេចកិច្ចការនេះ។ នាយករដ្ឋមន្ត្រី អ៊ុំស៊ីបាក់ បានថ្លែងអំណរគុណ កម្ពុជា ចំពោះការបន្តគាំទ្រការធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ រួមទាំងការគាំទ្រ ប្រទេសជប៉ុន ដើម្បីក្លាយជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សានេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×