នារសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម NUKAGA Fukushiro ប្រធានរដ្ឋសភាជប៉ុន ក្នុងឱកាសទស្សនកិច្ចការងារផ្លូវការ នៅថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានរដ្ឋសភា បានគូសបញ្ជាក់ពីបំណងក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ឱ្យកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត។ ឯកឧត្តមប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា រដ្ឋសភាជប៉ុនបន្តយកចិត្តទុកដាក់ និងគាំទ្រចំពោះគ្រប់សកម្មភាពទាំងឡាយ ដែលរួមចំណែកដល់ការជំរុញចំណងមិត្តភាពប្រទេសទាំងពីរ។ ជាមួយគ្នានេះ, ឯកឧត្តមក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងបង្កបរិយាកាសអំណោយផលចំពោះវិនិយោគិនជប៉ុននៅក្នុងប្រទេសកម្ពុជា ។ ឯកឧត្តមមានជំនឿជឿជាក់ថា តាមរយៈទស្សនកិច្ចរបស់សម្ដេចបវរធិបតីនាឱកាសនេះ ទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ជប៉ុន នឹងកាន់តែមានភាពស៊ីជម្រៅថែមទៀត។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា ការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា នាពេលកន្លងមកនេះ គឺមិនអាចកាត់ផ្ដាច់ចេញពីការរួមចំណែក និងការគាំទ្ររបស់ប្រទេសជាមិត្ត រួមទាំងប្រទេសជប៉ុនផង ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការស្វែងរកសន្តិភាព និងកសាង អភិវឌ្ឍន៍របស់ប្រទេសកម្ពុជា នាពេលកន្លងមក ។ សម្ដេចបវរធិបតីបានប្ដេជ្ញាបន្តពូនជ្រំទំនាក់ទំនង និងជំរុញ“ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” រវាងប្រទេសទាំងពីរ ឱ្យកាន់ស៊ីជម្រៅបន្ថែមទៀត។
សម្ដេចបវរធិបតី និងឯកឧត្តមប្រធានរដ្ឋសភា បានពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច។ ឯកឧត្តមប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់សម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យនាវាកងស្វ័យការពារជើងទឹកជប៉ុន ២គ្រឿង ចូលចតមុនគេបង្អស់ នៅកំពង់ផែសមុទ្ររាម បន្ទាប់ពីការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីចុងខែមេសា កន្លងទៅ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី








