ខេត្តព្រះសីហនុ ៖ រដ្ឋបាលក្រុងព្រះសីហនុ បានបង្ហាញលទ្ធផលស្តីពី ការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ វាយតម្លៃអំពីសកម្មភាព របស់ក្រុមហ៊ុនKSWM ក្នុងការផ្តល់សេវាប្រមូលសំរាមរយៈពេលមួយឆ្នាំកន្លងមក។ កិច្ចប្រជុំនេះ រៀបចំដោយរដ្ឋបាលក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨។
នៅក្នុងកិច្ចប្រជុំនោះ មានមតិយោបល់របៀបជាដំណោះស្រាយចំនួន៣ ដែលសមាជិកអង្គប្រជុំលើកឡើង៖
១- គួររកក្រុមហ៊ុនដៃគូរបន្ថែមដើម្បីឲ្យស្របកំណើនសំរាមក្នុងក្រុង ក្រោមហេតុផលថា ខ្លាចក្រុមហ៊ុន KSWM មិនមានសមត្ថភាពប្រមូលអស់។
២- គួររៀបចំដាក់ឲ្យដេញថ្លៃក្រុមហ៊ុនប្រមូលសំរាមឡើងវិញ សំដៅរកក្រុមហ៊ុន ដែលមានសមត្ថភាព ក្នុងនោះក្រុមហ៊ុនKSWM ក៏មានសិទ្ធិក្នុងការដេញថ្លៃថ្មីដូចគ្នា។
៣- មតិភាគច្រើន សមាជិកអង្គប្រជុំលើកឡើងថា គួរអនុញ្ញាតិឲ្យក្រុមហ៊ុន KSWM ធ្វើសកម្មភាពបន្ត ក្នុងនោះរដ្ឋបាលក្រុងចាំបាច់ត្រូវចុះកិច្ចសន្យាផ្លូវការជាមួយក្រុមហ៊ុនប្រមូលសំរាម ព្រោះកន្លងមករដ្ឋបាលក្រុងនិងក្រុមហ៊ុនមិនទាន់មានចុះកិច្ចសន្យាទេ ដើម្បីបង្កើតទំនុកចិត្តទៅវិញទៅមក ដែលអាចយកធ្វើជាចំណុចគោលសម្រាប់វិនិច្ឆយ័ដល់ប្រតិបត្តិការប្រមូលសំរាម របស់ក្រុមហ៊ុន និងថាប្រសិនបើក្រុមហ៊ុនមិនអាចអនុវត្តន៍បានតាមកិច្ចសន្យា រដ្ឋបាលក្រុងមានសិទ្ធិបញ្ឈប់ក្រុមហ៊ុននេះ តាមនិតិវិធីច្បាប់ ហើយក្នុងដំណាក់កាលនេះក្រុមហ៊ុនគប្បីតម្លើងរថយន្តដឹកសំរាមបន្ថែមឲ្យលើសពី ៥០គ្រឿង យ៉ាងតិចក្នុងឆ្នាំនេះ និងបង្កើនឡើងបន្តបន្ទាប់ទៀតនៅឆ្នាំបន្ត។
នាឱកាសនោះដែរ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ មានប្រសាសន៍ថា នឹងដាក់ជូនមតិ ឬលទ្ធផល នៃកិច្ចប្រជុំខាងលើ ជូនក្រុមប្រឹក្សាក្រុងព្រះសីហនុ ដើម្បីពិនិត្យសម្រេច ថាតើត្រូវអនុញ្ញាតឲ្យក្រុមហ៊ុន KSWM បន្តសកម្មភាពទៀត ឬក៏អនុវត្តន៍តាមមតិយោបល់ទី១ ឬមតិយោបល់ទី២។
យ៉ាងនេះក្តី ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ដែលបសនអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ មានប្រសាសន៍ថា ការចូលរួម របស់ប្រជាពលរដ្ឋ មហាជន និងគ្រប់ផ្នែកពាក់ព័ន្ធទើបអាចដោះស្រាយបាន នូវបញ្ហាសំរាមនេះ។
ឯកឧត្តម យន្ត មីន បញ្ជាក់ថា ឆាប់ៗនេះរដ្ឋបាលខេត្ត-ក្រុង និងសហការជាមួយមហាជនក្នុងក្រុង ដើម្បីធ្វើយុទ្ធនាការរករថយន្តជួយប្រមូលដឹកជញ្ជូនសំរាម ដែលកកស្ទះក្នុងក្រុងឲ្យអស់ម្តងទៀត ដើម្បីដោះស្រាយបញ្ហា ចំពោះមុខនារដូវវស្សានេះ ស្របពេលក្រុមហ៊ុន KSWM បឋនលើកឡើងថា បច្ចុប្បន្នសំរាមក្នុងក្រុង ដែលបានដឹកចេញក្នុងមួយថ្ងៃៗ មានប្រមាណជិត ៥០០តោន ហើយចំណុចលំបាករបស់ក្រុមហ៊ុនគឺទី១ កន្លែងចាក់សំរាមឆ្ងាយទាំងទៅទាំងមកជិត ៧០គីឡូម៉ែត្រ។ទី២- ផ្លូវចូលកន្លែងចាក់សំរាមខែវស្សារអិលជាប់ផុង។ទី៣- ពិបាករកកម្មករប្រមូលដឹកសំរាម និងទី៤ បញ្ហាសំរាមក្នុងក្រុងកើនឡើងជារៀងរាល់ខែ ទាំងសំរាមវេចខ្ចប់រួច ទាំងសំរាម ដែលពលរដ្ឋបោះចោលតាមទីសាធារណៈនិងសំរាមកាកសំណល់ពីការដ្ឋានសំណង់មួយចំនួន៕ ដោយ៖ ដែន សីមា