នៅពេលដែលអ្នកឮគេនិយាយថា ជំងឺមហារីកសាហាវឃាតករលាក់មុខ ពួនសម្លាប់មនុស្សច្រើននាក់ក្នុងមួយឆ្នាំៗ លោក-អ្នក នឹងច្បាស់ជាមិនសូវព្រឺ.ញញើតប៉ុន្មាននោះទេ ព្រោះវាគ្រាន់តែឮ , ប៉ុន្តែប្រសិនបើនរណាម្នាក់បានកើតវាផ្ទាល់ ហើយធ្លាក់ខ្លួនដល់លំដាប់ធ្ងន់ធ្ងរ ច្បាស់ជាចុះញោម ស្រែកថា រាងហើយ ខ្លាចហើយ និងអំពាវនាវដល់អ្នកដទៃឱ្យប្រុងប្រយ័ត្នផងដែរ, ម្យ៉ាង បើតាមកំណត់ត្រាគ្រូពេទ្យនៅកម្ពុជា បានបង្ហាញថា ជំងឺមហារីកបច្ចុប្បន្ន បានសម្លាប់ប្រជាជនកម្ពុជាប្រមាណ ១៤០០០នាក់ក្នុងមួយឆ្នាំ ហើយអ្នកជំនាញវេជ្ជសាស្ត្របានព្រមានថា ចំនួនអ្នកស្លាប់ដោយសារជំងឺដ៏សាហាវនេះ នឹងកាន់តែកើនឡើងដល់ជិត ២ម៉ឺននាក់នៅពេលវេលាទៅមុខទៀត គឺនៅត្រឹមឆ្នាំ២០៣០។
ផ្អែកតាមទិន្នន័យសុខាភិបាលថ្មី បានបង្ហាញថា ជារៀងរាល់ឆ្នាំ កម្ពុជាមានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២ម៉ឺនករណី និងមានអ្នកស្លាប់ជិត ១ម៉ឺន៤ពាន់នាក់, អត្រាអ្នកស្លាប់ដោយជំងឺមហារីកនេះ គឺខ្ពស់ជាង ៧០ភាគរយ នៃអត្រាជាមធ្យមនៅលើពិភពលោក គឺមានតែ៤៨ភាគរយប៉ុណ្ណោះ។ ក៏មានន័យថា នៅរៀងរាល់ ៤០នាទីម្តង មានមនុស្សម្នាក់ស្លាប់ដោយជំងឺមហារីកនៅកម្ពុជា ពោលគឺមានស្លាប់ប្រមាណ ៣៨នាក់ ក្នុងមួយថ្ងៃៗ។
ដោយឡែក សម្រាប់កុមារវិញ កម្ពុជាអាចព្យាបាលជំងឺមហារីកជាសះស្បើយក្នុងអត្រាដ៏ទាប គឺត្រឹម ២០ភាគរយ ខណៈអត្រាព្យាបាលកុមារកើតជំងឺមហារីកឲ្យជាសះស្បើយនៅក្នុងពិភពលោកមានដល់ទៅ ៨០ភាគរយ។
ដោយបែបនេះហើយ ទើបនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ កម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០»។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ឈាង រ៉ា ថ្លែងដោយការព្រួយបារម្ភថា ជំងឺមហារីកនៅកម្ពុជា នឹងឆក់យកជីវិតពលរដ្ឋខ្មែរក្នុងចំនួនមួយខ្ពស់ ក្នុងរយៈពេល ១៥ឆ្នាំខាងមុខ ដែលយើងគ្រប់គ្នាត្រូវប្រុងប្រយ័ត្ន និងអនុលោមតាមការណែនាំរបស់គ្រូពេទ្យ។
វេជ្ជបណ្ឌិតកម្ពុជាមួយរូប ដែលស្នើសុំមិនបញ្ចេញឈ្មោះបាននិយាយអំពីជំងឺមហារីកនេះ ប្រាប់ដល់អ្នកសារព័ត៌មាន នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ថា ដូច្នេះ គ្រប់គ្នាត្រូវតែយកចិត្តទុកដាក់ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក តាមការប្រកាសណែនាំរបស់ក្រសួងសុខាភិបាលកាលពីពេលថ្មីៗនេះ ដោយអនុលោមភាពអនាម័យចំណីអាហារ របបទទួលទាន, ពោលគឺ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ។
វេជ្ជបណ្ឌិតដដែលរូបនេះ បាននិយាយថា តាមកំណត់ត្រាពីស្ថាប័ននៃមន្ទីរពេទ្យនានាក្នុងប្រទេសកម្ពុជា បង្ហាញថា មានមនុស្សស្លាប់ជិត ១៤០០០នាក់ទៅហើយ កាលពីឆ្នាំ២០២២ ដោយសារជំងឺមហារីក។ តួលេខនេះ នឹងកើនឡើងប្រហែល ៤០% នៅត្រឹមឆ្នាំ២០៣០ មានន័យថា មនុស្សស្លាប់ដោយសារជំងឺមហារីកអាចនឹងកើនដល់ជិត ២ម៉ឺននាក់, ហើយ វានឹងកើនឡើងមួយជាបីនៅត្រឹមឆ្នាំ២០៣៥ ។ កំណើននេះ វាគឺជាចំនួនដ៏ច្រើន ដូច្នេះគ្រប់គ្នាត្រូវប្រយ័ត្ន។
គ្រូពេទ្យកម្ពុជាជាច្រើនបាននិយាយថា ប្រជាជនកម្ពុជាអាចបន្ថយហានិភ័យនៃការកើតជំងឺមហារីកបានតាមរយ:ការកាត់បនយការផឹកគ្រឿងស្រវឹង ការជក់បារី ការបរិភោគអហារផ្អាប់ និងកែច្នៃ គ្មានបច្ចេកទេសស្តង់ដារ, ព្រមទាំងធ្វើលំហាត់ប្រាណ ហើយពិនិត្យសុខភាពទៀងទាត់ បន្ទាប់មកអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ។
ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឈាង រ៉ា បានបញ្ជាក់ថា ជំងឺមហារីកជានិមិត្តរូបនៃសំណាងអាក្រក់ ដូច្នេះហើយយើងត្រូវប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់។ គ្រូពេទ្យមានកាតព្វកិច្ច ជា «មធ្យោបាយព្យាបាល ថែទាំ» រីឯអ្នកពាក់ព័ន្ធទាំងឡាយ ជា អ្នកដែលត្រូវ «ទទួលស្គាល់លទ្ធផល» ដែលទាំងអស់គ្នា ត្រូវប្រឹងប្រែង ប្រែក្លាយសំណាងអាក្រក់នេះ ឱ្យទៅជាសេចក្តីសង្ឃឹម។ អ្នកដែលចាប់ផ្តើមប្រែក្លាយឱ្យទៅជាសេចក្តីសង្ឃឹម គឺអ្នកដឹកនាំ គ្រូពេទ្យ អ្នកថែទាំ អ្នកស្រាវជ្រាវ អ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺ សហគមន៍ ដែលត្រូវធ្វើយ៉ាងណាបង្កើនការយល់ដឹងឱ្យបានច្យាស់លាស់ទាំងអស់គ្នាអំពីជំងឺមហារីកនេះ។ សរុបមក បញ្ហាប្រឈមនៃជំងឺមហារីកនេះជាភារកិច្ចរបស់មនុស្សគ្រប់រូបទាំងអស់គ្នា៕ រក្សាសិទ្ធដោយ៖ ពិសិដ្ឋ CEN

















