Thursday, June 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំបកស្រាយជូនប្រជាពលរដ្ឋពីការរងផលប៉ះពាល់ នៃគម្រោងព្រែកជីកហ្វូណនតេជោ កំណាត់ទី១ ស្ថិតក្នុងភូមិពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល

កណ្ដាល៖ នាព្រឹកថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមហេង សុធី អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានដឹកនាំក្រុមការងារជំនាញ ចូលរួមកិច្ចប្រជុំបកស្រាយជូនប្រជាពលរដ្ឋពីការរងផលប៉ះពាល់ នៃគម្រោងព្រែកជីកហ្វូណនតេជោ កំណាត់ទី១ ស្ថិតក្នុងភូមិពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីលោកអគ្គនាយករង នៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អភិបាលស្រុកស្អាង និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពន្យល់ និងបកស្រាយពីការរៀបចំតម្រាយផ្លូវព្រែកជីក និងលក្ខខណ្ឌបច្ចេកទេសការកំណត់ទំហំតម្រាយផ្លូវ គម្រោងអភិវឌ្ឍន៍ដែលនៅអមសងខាងព្រែកជីកហ្វូណនតេជោ ព្រមទាំងនីតិវិធីលម្អិតក្នុងការងារដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ។នាឱកាសនោះ ឯកឧត្តមអគ្គនាយកក៏បានធ្វើការពន្យល់លម្អិតអំពីលក្ខណៈបច្ចេកទេស និងការកំណត់តម្រាយផ្លូវ កំណាត់ទី១ នៃព្រែកជីកហ្វូណនតេជោ ដែលភ្ជាប់ពីព្រែកតាកែវ ទៅព្រែកពោធិផងដែរ ។

សូមបញ្ជាក់ជូនថា ការសិក្សាកន្លងមកមានជម្រើសមួយចំនួន រួមមាន៖ ព្រែកតាឯក ព្រែកពោធិ និងជម្រើសផ្សេងៗទៀត។ ដោយឡែក ផ្អែកតាមលក្ខណៈបច្ចេកទេសផ្លូវទឹក និងស្ថានភាពព្រែក ព្រែកពោធិគឺមានភាពអំណោយផលជាងជម្រើសដទៃទៀត ដោយមានសភាពត្រង់ និងមានភាពងាយស្រួលក្នុងការតភ្ជាប់ទៅព្រែកតាកែវ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×