ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ វិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ សហការជាមួយ Cyber Law International របស់អូស្ត្រាលី បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ច្បាប់អន្តរជាតិនៃប្រតិបត្តិការសាយប័រ» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឃី សុវណ្ណរតនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងតំណាងភាគីអូស្ត្រាលីដោយលោកស្រី Bridget Collier អនុប្រធានបេសកកម្មនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ត្រីជំនាញចំនួន២៥រូប មកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងយុត្តិធម៌ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់លើការពង្រឹងសមត្ថភាពថ្នាក់ជាតិ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើបញ្ហាសាយប័រ ដែលជាយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ក្នុងការកសាងសមត្ថភាព និងកិច្ចសន្ទនាផ្លូវច្បាប់របស់កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ ស្របពេលដែលកម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពី «បទល្មើសសាយប័រ» និង «សន្តិសុខសាយប័រ»៕ រក្សាសិទ្ធដោយ៖សុទ្ធលី






