ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានសមាជរដ្ឋសភានិងព្រឹទ្ធសភា សូមជម្រាបជូនសាធារណជនមេត្ត ជ្រាបថា នៅព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទី អង្គសមាជរដ្ឋសភានិងព្រឹទ្ធសភា បានបន្តកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅវិមានរដ្ឋសភា ដោយមានវត្តមានសមាជិកអង្គសមាជចំនួន១៧៩រូប នៅពេលផ្តើមកិច្ចប្រជុំ ដើម្បីពិភាក្សា និងអនុម័ត លើរបៀបវារៈទី៣ គឺប្រធានបទស្តីពី វិស័យកសិកម្ម។
ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត តំណាងក្រុមជំនួយការគណៈកម្មាធិការសមាជរដ្ឋសភា និង ព្រឹទ្ធសភា ទទួលបន្ទុកប្រធានបទអំពីវិស័យកសិកម្ម ជាអ្នករាយការណ៍អំពីលទ្ធផលនៃការពិនិត្យសិក្សាប្រធាន បទជូនអង្គប្រជុំសមាជ ។ តាមការសិក្សារបស់ជំនួយការគណៈកម្មាធិការសមាជវិស័យកសិកម្មកម្ពុជា សម្រេចបានលទ្ធផលគួរជាទីមោទនៈក្នុងរយៈពេលកន្លងមក។ គិតត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មបន្តចូលរួម ចំណែកប្រមាណ ១៦,៧% ក្នុងផលិតផលសរុបក្នុងស្រុក ហើយតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម (Gross Value Added in Agriculture) បន្តកើនឡើងជារៀងរាល់ឆ្នាំ ពី ១៩ ៨០៥ ពាន់លានរៀល(ប្រមាណ ៤,៩៥ ពាន់លានដុល្លារ) នៅឆ្នាំ២០១៥ ដល់ ២៤ ២៨២ ពាន់លានរៀល(ប្រមាណ ៦,០៧ពាន់លានដុល្លារ) នៅឆ្នាំ ២០២០ និងដល់ ៣១២៩២ពាន់លានរៀល (ប្រមាណ ៧,៨២ពាន់លានដុល្លារ) នៅឆ្នាំ២០២៤។ ការចូល រួមចំណែករបស់អនុវិស័យនានាក្នុងវិស័យកសិកម្ម រួមមានផ្នែកដំណាំ ៦១,៣% ផ្នែកផលិតកម្មសត្វ ១៥,៤% ផ្នែកជលផល ២០% និងផ្នែកព្រៃឈើ ៣,៣%។
រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលគួរជាទីមោទនៈតាមរយៈការអនុវត្តយ៉ាងសកម្មនូវគោលនយោបាយ
ទូទៅ និងផែនការយុទ្ធសាស្ត្រក្នុងវិស័យកសិកម្ម ជាពិសេសយុទ្ធសាស្ត្រដែលត្រូវបានដាក់ចេញ និងអនុវត្តចាប់ តាំងពីឆ្នាំ១៩៨៧មក ស្តីពី «ការផ្ទេរការអនុវត្តផ្ទាល់បែបបើកទូលាយ មកកាន់ការអភិវឌ្ឍបែបស៊ីជម្រៅ» ព្រម ទាំងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលគួរបន្ត អនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជន។
រាជរដ្ឋាភិបាល នីតិកាលមុនៗ និងនីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវស្របនឹងស្ថានភាព
សេដ្ឋកិច្ច និងសង្គមគ្រប់កាលៈទេសៈ ដោយឡែក សម្រាប់កាលៈទេសៈបច្ចុប្បន្ន ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ ឱ្យកាន់តែមានប្រសិទ្ធភាព រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីគោល នយោបាយអាទិភាព ទី៥ និងទី៦ ចំនួន ៣ចំណុច មាន៖ ១)ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ ២) រក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន ទី៣)ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ និងការអភិវឌ្ឍ សហគមន៍កសិកម្មទំនើប។
ផ្អែកលើការពិនិត្យ និងការសិក្សាលើប្រធានបទអំពីវិស័យកសិកម្មយ៉ាងលម្អិត ជាទម្រង់ច្បាប់ / គតិ ច្បាប់ គោលបំណង អត្ថប្រយោជន៍ និងខ្លឹមសារសំខាន់ៗ ដែលរួមមានគោលនយោបាយទូទៅ យុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី១ កម្មវិធីគោលនយោបាយអាទិភាព វិធានការសេដ្ឋកិច្ច និងការអនុវត្តដើម្បីដោះ ស្រាយបញ្ហាប្រឈមផ្សេងៗ គណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ពិនិត្យឃើញថា ប្រធានបទអំពី វិស័យកសិកម្មដែលរាជរដ្ឋាភិបាលស្នើដាក់ក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា មានលក្ខណៈគ្រប់គ្រាន់ សម្រាប់គណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា ដំណើរការសមាជបានប្រកបដោយលទ្ធផលជាវិជ្ជមាននិងអាចដាក់ចេញនូវសេចក្តីសម្រេចរបស់សមាជលើប្រធានបទអំពីវិស័យកសិកម្មនេះបាន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមដោយឥស្សរជន ជំនាញ បានអញ្ជើញផ្តល់បទអន្តរាគមន៍ ជូនអង្គសមាជ។ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមាន កម្មវិធីគោលនយោបាយ ២ សំខាន់ ទាក់ទងវិស័យកសិកម្ម គឺ ១)យន្តការសម្របសម្រួលនិងកម្មវិធី ហិរញ្ញ ប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និង ២) ការដាក់ពង្រាយមន្ត្រីកសិកម្មទៅគ្រប់ឃុំ សង្កាត់ ដែលមានសកម្មភាពនៅទូទាំងប្រទេស ការរៀបចំសហគមន៍ កសិកម្មនៅតាមទីជនបទ ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍វិស័យកសិកម្មឱ្យក្លាយជាកម្លាំងចលករដ៏រឹងមាំនៅក្នុង ការធានាសន្តិសុខស្បៀង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
គោលនយោបាយវិស័យកសិកម្ម បានផ្ដល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់រូប ដែលរួមមាន ទាំងអ្នករកទទួលទាន និងប្រជាកសិករ អ្នកបង្កបង្កើនផល តាមរយៈការអនុវត្តន៍គោលនយោបាយសាមញ្ញ ៤ ចំណុច គឺ «មានហូប មានបើ មានបាន និងមានរហូត»។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្មឆ្នាំ ២០១៩-២០២៣ និងកម្មវិធីគោលនយោបាយអាទិភាព ២ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ របស់ រាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល នៅតែបន្តយកចិត្តទុកដាក់ និងផ្ដល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍន៍វិស័យកសិកម្ម ដែលនៅតែជាវិស័យអាទិ ភាព និងបន្តដើរតួនាទីសំខាន់ក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ បើទោះបីសេដ្ឋកិច្ចកម្ពុ ជាកំពុងរីកចម្រើនលើគ្រប់វិស័យក៏ដោយ។ ជារួមវិស័យកសិកម្ម នឹងនៅតែជាវិស័យយុទ្ធសាស្ត្រគន្លឹះសំរាប់ ធានាឱ្យបាននូវសន្តិសុខស្បៀងរបស់កម្ពុជា។
អង្គសមាជរដ្ឋសភានិងព្រឹទ្ធសភា បានពិភាក្សាអំពីគោលនយោបាយ ផែនការសកម្មភាព ស្ថានភាព ជាក់ ស្តែង បញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធនឹងវិស័យកសិកម្ម ដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត ដោយមាន សមាជិកអង្គសមាជ ចំនួន២៣រូប បានឡើងមានមតិ បញ្ចេញយោបល់។ អង្គសមាជ បានគាំទ្រទាំងស្រុងនូវ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងវិធានការទាំងឡាយដែលបានអនុវត្តកន្លងមកថាស្របនឹងគោល នយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម ដែលបានដាក់ចេញហើយដែលបម្រើដល់ផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាពលរដ្ឋទាំង មូល រួមទាំងប្រជាកសិករ និងអ្នកផលិតកែច្នៃ ដោយគិតគូរដល់និរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន។
ជាមួយគា្ននេះ អង្គសមាជរដ្ឋសភានិងព្រឹទ្ធសភា បានលើកទឹកចិត្តដល់រាជរដ្ឋាភិបាលឱ្យបន្តអនុវត្ត គោលនយោបាយទូទៅ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ កម្មវិធីគោលនយោបាយអាទិភាពរបស់ រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម និងយុទ្ធសាស្ត្រដែលបានដាក់ចេញចាប់តាំងពីឆ្នាំ១៩៨៧ ស្តីពីការផ្ទេរ ការអនុវត្តផ្ទាល់បែបបើកទូលាយ មកកាន់ការអភិវឌ្ឍបែបស៊ីជម្រៅ តាមរយៈការដោះស្រាយទឹក ការបង្កើនការ ដាំដុះ និងការធ្វើប្រពលវប្បកម្មលើផ្ទៃដីដែលមាន ដើម្បីឱ្យវិស័យកសិកម្មមានភាពធន់ទៅនឹងការប្រែប្រួល អាកាសធាតុ និងវិបត្តិខាងក្រៅ បន្តធានាសន្តិសុខស្បៀងប្រកបដោយនិរន្តរភាព ជួយលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ និងចូលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចជាតិ។ សមាជរដ្ឋសភានិងព្រឹទ្ធសភា បានលើកទឹក ចិត្តឱ្យព្រឹទ្ធសភា និងរដ្ឋសភា បន្តគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការអនុម័តច្បាប់ទាំងឡាយ ដែលជួយដោះ ស្រាយនូវបញ្ហាប្រឈម និងតម្រូវការរបស់រាជរដ្ឋាភិបាលនិងសូមថ្លែងអំណររគុណចំពោះស្ថាប័នថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ដែលបានគាំ ទ្រចំពោះកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងសូមអំពាវនាវ បន្តចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍ ឱ្យបានគង់វង្សនិងមានចីរភាពជានិរន្តន៍។
បន្ទាប់ពីការពិភាក្សាលើប្រធានបទអំពីវិស័យកសិកម្ម និងការបកស្រាយរបស់រាជរដ្ឋាភិបាលទៅលើមតិ ពិភាក្សាដែលអង្គសមាជរដ្ឋសភានិងព្រឹទ្ធសភា បានលើកឡើង អង្គប្រជុំសមាជបានអនុម័តសេចក្តីព្រាងសេចក្តី សម្រេចស្ដីពី វិស័យកសិកម្ម ដោយទទួលបានការគាំទ្រចំនួន ១៧៩សំឡេង នៃចំនួនសមាជិក សមាជរដ្ឋសភា និងព្រឹទ្ធសភាទាំងមូល។
សេចក្តីសម្រេចស្តីពី វិស័យកសិកម្ម ដែលអង្គសមាជបានអនុម័នាពេលនេះ ជាឯកសារគតិយុត្តមាន តម្លៃខ្ពស់បំផុត ដែលនឹងក្លាយជាត្រីវិស័យចូលរួមគាំទ្រ លើកទឹកចិត្តដល់រាជរដ្ឋាភិបាល អនុវត្តកម្មវិធី នយោបាយកាន់តែមានប្រសិទ្ធភាពក្នុងការបម្រើឧត្តមផលប្រយោជន៍ប្រទេសជាតិនិងប្រជាពលរដ្ឋ។
សូមជម្រាបថានៅក្នុងរយៈពេលពីរថ្ងៃនេះ អង្គសមាជបានប្រជុំពិភាក្សាអនុម័តប្រធានបទចំនួនបីដែល សំខាន់ក្នុងការលើកកម្ពស់ជីវភាព សេដ្ឋកិច្ចនិងសុខុមាលភាពប្រជាពលរដ្ឋ មានប្រធានបទស្តីពីប្រព័ន្ធគាំពារសង្គមប្រធានបទស្តីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងប្រធានស្តីពីវិស័យកសិកម្មនេះ៕រក្សាសិទ្ធដោយ៖សុទ្ធលី













