Friday, June 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន បានជំរុញឲ្យ មានការព្រមព្រៀងគ្នា និងជំរុញបន្ថែមទៀត ក្នុងការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមដែលនៅសេសសល់១៦%ទៀតឲ្យបានឆាប់នាពេលខាងមុខ

ភ្នំពេញ ៖ នៅវិមាន៧មករា ព្រឹកថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ នាយឧត្ដមសេនីយ៍ ង្វៀន តិន គឿង(Nguyen Tan Cuong) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោបានសម្ដែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ Nguyen Tan Cuong ដែលជាមិត្តចាស់របស់កម្ពុជា ខណៈដែល ឯកឧត្តម អញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានាពេលនេះ។ សម្ដេចតេជោពេញចិត្តចំពោះទំនាក់ទំនង កម្ពុជា-វៀតណាម ដែលបន្តកាន់តែរឹងមាំ និងស្អិតរមួតផ្អែកលើស្មារតីមិត្តភាពប្រពៃណី សាមគ្គីភាព ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ លើគ្រប់វិស័យ។ សម្ដេចតេជោជឿជាក់ថា ទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ នឹងរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបន្ថែមទៀត ពិសេសនៅក្នុងវិស័យកងទ័ព។

នៅក្នុងឱកាសនោះ ឯកឧត្តម Nguyen Tan Cuong បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យឯកឧត្តមបានចូលជួបសម្ដែងការគួរសមនៅពេលនេះ។ ឯកឧត្តមក៏បាននាំនូវការផ្ដាំសួរសុខទុក្ខពី សំណាក់ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម និងឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ចំពោះសម្ដេចតេជោផងដែរ។
ឯកឧត្តមបានអរគុណចំពោះ សម្ដេចតេជោដែលបានដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងទិវាថ្ងៃរំដោះភាគខាងត្បូងនៃប្រទេសវៀតណាមនាពេលកន្លងទៅនេះ។ ឯកឧត្តមក៏បានសរសើរពីការរីកចម្រើនរបស់កម្ពុជា ជាពិសេសការថែរក្សាបាននូវស្ថិរភាព សន្តិភាពនៅក្នុងប្រទេស និងភាពរីកចម្រើននៃសេដ្ឋកិច្ច។
ឯកឧត្តមក៏បានលើកឡើងអំពីគម្រោងនៃការសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅសារមន្ទីរនៃប្រទេសវៀតណាម ដោយ ឯកឧត្តមបានបញ្ជាក់ថា គម្រោងនៃការសាងសង់ស្តូបនេះ នឹងបង្ហាញទៅកាន់ប្រទេសជាតិ និងអន្តរជាតិឱ្យបានយល់កាន់តែស៊ីជម្រៅ អំពីទំនាក់ទំនងដ៏ស្អិតរមួនរវាង កម្ពុជានិងវៀតណាមនៅគ្រប់កាលៈទេសៈ ជាពិសេសក្នុងវិស័យកងទ័ព ដែលបានតវ៉ាងើបពីអាណានិគមនាពេលកន្លងមក។
ឯកឧត្តមក៏បាននាំនូវការអញ្ជើញរបស់ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម ចំពោះសម្ដេចតេជោ អញ្ជើញចូលរួមក្នុងទិវាអបអរសាទរថ្ងៃជ័យជំនះ៨០ឆ្នាំ នៃថ្ងៃឯករាជ្យជាតិវៀតណាម នៅពេលខាងមុខ ។

ជាការឆ្លើយតប សម្ដេចតេជោបានមានប្រសាសន៍លើកឡើង ដោយផ្ដាំផ្ញើសួរសុខទុក្ខត្រឡប់ទៅវិញចំពោះ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងឯកឧត្តមប្រធានរដ្ឋសភាវៀតណាមផងដែរ។ សម្ដេចបានអរគុណដល់ភាគីវៀតណាម ដែលកន្លងទៅបានទទួលស្វាគមន៍សម្ដេច និងប្រតិភូ ក្នុងឱកាសសម្ដេចចូលរួមក្នុងថ្ងៃ ទិវាខួប៥០ ថ្ងៃរំដោះវៀតណាមភាគខាងត្បូងនាពេលកន្លងទៅនេះ។ សម្ដេចតេជោបានមានប្រសាសន៍ពីទំនាក់ទំនង រវាងកម្ពុជា និងវៀតណាម ជាពិសេសរំលឹកព្រឹត្តិការណ៍ថ្ងៃ២០ មិថុនា ឆ្នាំ២០២៥ ខាងមុខ ដែលជាខួបទី៤៨ ឆ្នាំ នៃដំណើររបស់សម្ដេចឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីឈានទៅរកការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ហើយនៅពេលខាងមុខនោះរដ្ឋមន្ត្រីការពារជាតិកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតី។
សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា សម្រាប់ខួបទី៥០ (ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ) សម្ដេចនឹងអញ្ជើញទៅផ្ទាល់តែម្ដង ដើម្បីរំលឹកនូវប្រវត្តិសាស្ត្រ ក្នុងពេលដែលសម្ដេចធ្វើដំណើរចូលទៅកាន់ប្រទេសវៀតណាម ដោយយកអាយុជីវិតជាដើមទុនដើម្បីមករំដោះប្រទេសជាតិ។

សម្ដេចតេជោបានមានប្រសាសន៍លើកឡើងផងដែរអំពីកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងវិស័យកងទ័ព ដោយកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ មានភាពស្អិតរមួត ហើយក៏ជាផ្នែកមួយនៃការជំរុញបន្ថែមទៀត ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត។
សម្ដេចតេជោក៏បានរំលេចផងដែរ ទាក់ទងទៅនឹងការកសាងស្តូបអនុស្សាវរីយ៍កម្ពុជា-វៀតណាម ដែលស្តូបនេះ;គឺជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោដែលស្នើតាំងពីមុនឆ្នាំ២០២០ គឺមុនកូវីដ១៩ ដើម្បីធ្វើយ៉ាងណាឱ្យមានស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅក្នុងប្រទេសវៀតណាម ដែលនេះគឺជាការឆ្លុះបញ្ចាំងអំពីការដឹងគុណគ្នាទៅវិញទៅមក។ ទាក់ទងទៅនឹងការអញ្ជើញរបស់ ឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម អញ្ជើញសម្ដេចចូលរួមក្នុងខួបអនុស្សាវរីយ៍លើកទី៥០ នៃថ្ងៃឯករាជ្យជាតិវៀតណាម សម្ដេចនឹងអញ្ជើញទៅចូលរួមនាពេលខាងមុខផងដែរ។

នៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោក៏បានប្រាប់ទៅដល់ឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ពាក់ព័ន្ធទៅនឹងព្រំដែន កម្ពុជា-វៀតណាមជាពិសេសទាក់ទងទៅនឹងការបោះបង្គោលព្រំដែនដែលនៅសេសសល់ ១៦%ទៀត ដោយសម្ដេចបានជំរុញឲ្យ មានការព្រមព្រៀងគ្នា និងជំរុញបន្ថែមទៀតក្នុងការបោះបង្គោលព្រំដែនដែលនៅសេសសល់ឲ្យបានឆាប់នាពេលខាងមុខផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×