ភ្នំពេញ ៖ កាលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង២៣៖៣៤នាទី នៅចំណុចភូមិព្រៃភ្លាំង ឃុំដំរីពូន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានករណីឃាតកម្មកើតឡើងបង្កដោយជនសង្ស័យម្នាក់ឈ្មោះ ខុន ហ៊ុយ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ដោយបានធ្វើសកម្មភាពប្រើប្រាស់អាវុធខ្លីបាញ់ទៅលើជនរងគ្រោះឈ្មោះ ហ៊ួ ឡុង ភេទប្រុស អាយុ៣៩ឆ្នា ជនជាតិខ្មែរ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។
ក្រោយពីមានហេតុការណ៍ខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ។
លុះនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវ ដោយទទួលព័ត៌មានថា ជនសង្ស័យខាងលើបានគេចខ្លួនឆ្លងដែនខុសច្បាប់តាមច្រករបៀងក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចូលទៅកាន់ប្រទេសថៃ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ហើយបានបន្តទៅធ្វើការនៅកន្លែងកាប់ជ្រូកជាមួយបងស្រីរបស់ខ្លួន ដែលមានទីតាំងនៅក្នុង ភូមិផុងហៀង ឃុំបរណាង ស្រុកផាណាត់នី ខេត្តឈុនបុរី រួចបានធ្វើអត្តឃាតចង.ក សម្លាប់ខ្លួននៅទីនោះតែម្តង នៅវេលាម៉ោង១១៖៤០នាទី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ។
សូមរំលឹកថា បុរសម្នាក់ ត្រូវបានបុរសម្នាក់ទៀតដែលជាគូស្នេហ៍តាមបាញ់ប្រហារដល់លើផ្ទះបណ្ដាលឲ្យរងរបួសធ្ងន់ ដោយសារតែខឹងប្រុសស្នេហ៍រូបនោះរត់ចោលរូបគេ ហើយមកត្រូវគ្នាជាមួយប្រពន្ធនៅស្រុកកំណើតវិញ។ករណីបាញ់ប្រហារខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៩ និង ៣៥នាទីយប់ ថ្ងៃទី១ មិថុនា ឆ្នាំ២០២៥ នៅលើផ្ទះជនរងគ្រោះដែលស្ថិតនៅក្នុងភូមិព្រៃភ្លាំង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ជនបង្កដែលជាគូស្នេហ៍ឈ្មោះ ខុន ហ៊ុយ ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង។
មន្ត្រីនគរបាលស្រុកស្វាយអន្ទរ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហួរឡុង ធ្លាប់មានប្រពន្ធនៅស្រុកកំណើតរួចហើយ ប៉ុន្តែបានឈ្លោះបាក់បែកគ្នា ហើយរូបគេក៏ចេញទៅរកស៊ីនៅក្រុងប៉ោយប៉ែត។ ពេលទៅដល់ទីនោះ ក៏បានជួបនិងស្រឡាញ់គ្នាជាមួយជនបង្កឈ្មោះឃុនហ៊ុយ ហើយបានរកស៊ីនិងរួមរស់ជាមួយគ្នា នៅទីនោះ។
លុះដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ គូស្នេហ៍ប្រុសនិងប្រុសមួយគូនេះបានឈ្លោះប្រកែកគ្នា ហើយជនរងគ្រោះហួរ ឡុង ត្រឡប់មកផ្ទះនៅស្រុកស្វាយអន្ទរហើយបានត្រូវគ្នាជាមួយប្រពន្ធវិញ ចំណែកជនបង្កឈ្មោះ ខុន ហ៊ុយ ដែលជាគូស្នេហ៍ បានព្យាយាមទាក់ទងហៅជនរងគ្រោះឲ្យត្រឡប់ទៅវិញជាច្រើនដង តែជនរងគ្រោះមិនព្រមទៅ ទើបនៅយប់ថ្ងៃទី១មិថុនា ជនបង្កបានបើករថយន្តតាមមកដល់ផ្ទះនិងបាញ់សំដៅទៅលើជនរងគ្រោះដែលកំពុងដេកលើផ្ទះ ត្រូវ១គ្រាប់ចំថ្ពាល់ខាងស្ដាំធ្លុះទៅគុម្ពត្រចៀករងរបួសធ្ងន់ រួចជនបង្កបានរត់គេចខ្លួនបាត់។
ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកទៅសង្គ្រោះនៅឯរាជធានីភ្នំពេញភ្លាមៗ នឹងបានដាក់ពាក្យប្ដឹងទៅសមត្ថកិច្ចឲ្យតាមចាប់ខ្លួនជនបង្ក ដើម្បីផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ផងដែរ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី













