រាជធានីភ្នំពេញ : នៅថ្ងៃទី៤ខែមិថុនា ឆ្នាំ២០២៥ អ្នកនាំពាក្យ នៃស្នងការដ្ឋានរដ្ឋបាលរាជធានីភ្នំពេញ
ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការឃាត់ខ្លួនចៅសង្កាត់រងទី២ គណបក្សភ្លើងទៀន សង្កាត់ស្ទឹងមានជ័យទី១។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅថ្ងៃ ទី០៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទីព្រឹក សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួន ជនសង្ស័យ ចំនួន០១នាក់ ឈ្មោះខឿន ឆាន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរ ចៅសង្កាត់រងទី២ សង្កាត់ស្ទឹងមានជ័យ ទី១ ខណ្ឌមានជ័យ ហើយនាំខ្លួនមកសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអនុវត្តតាមនីតិវិធី។
ការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនលេខ ២១៦ អ.យ.ន ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ របស់លោក សេង ហៀង ព្រះរាជអាជ្ញារង នៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលពាក្យបណ្តឹងពីឈ្មោះ ឡេង វ៉ាន់ឌី ហើយបានធ្វើការ ស្រាវជ្រាវស៊ើបអង្កេត ដោយយោងតាមចម្លើយសារភាព និងប្រមូលបានភស្តុតាង បុគ្គលនេះពិតជាបានប្រព្រឹត្ត សកម្មភាពក្លែងបន្លំឯកសារសារធារណៈ ប្រាកដមែន។
សូមបញ្ជាក់ថាការឃាត់ខ្លួនជនសង្ស័យខាងលើគឺសមត្ថកិច្ចអនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់នៃការប្រព្រឹត្ត បទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌដោយមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬការគាបសង្កត់ បំភិតបំភ័យ និង ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយដល់សមាជិកគណបក្សនយោបាយណាមួយឡើយ។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបដិសេធ និងច្រានចោលទាំងស្រុងការចោទប្រកាន់ ទាំងបំពាន ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សភ្លើងទៀន ដែលចុះផ្សាយនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥។
សូមរំលឹកថា លោក ឌឿក ឆាន ជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្ស ភ្លើងទៀន ខណ្ឌមានជ័យ និងជាចៅសង្កាត់រងទី២ នៃសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួន ក្រោយពេលដែលលោកត្រូវបានអញ្ជើញឲ្យទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្ទឹងមានជ័យទី១ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥៕រក្សាសិទ្ធដោយ៖សុទ្ធលី

