ភ្នំពេញ ៖ យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីផ្សព្វផ្សាយឆបោកប្រាក់លក់ម៉ូតូតាមបណ្ដាញទំនាក់ទំនងសង្គម។
ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១រូប ឈ្មោះ ឈ.ណ.រ ភេទប្រុស។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះពិតបានទិញគណនីហ្វេសប៊ុក ដើម្បីធ្វើការផ្សព្វផ្សាយលក់ម៉ូតូ តាមអនឡាញ និងបានឆបោកជនរងគ្រោះដែលបានបញ្ជាទិញម៉ូតូចំនួន០៣គ្រឿង ក្រោមរូបភាពទៅកន្លែងលក់ម៉ូតូ សម្ដែងធ្វើជាទិញ និងថតរូបផ្ញើរទៅជនរងគ្រោះអោយជឿជាក់ និងតម្រូវឱ្យទូទាត់ប្រាក់ជាមុនតាម QR code ទ្រូម៉ាន់នី ទីបំផុតមិនបានប្រគល់ម៉ូតូ និងបានផ្តាច់ទំនាក់ទំនងជាមួយជនរងគ្រោះតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជន សូមមេត្តាប្រុងប្រយ័ត្ន មុននឹងធ្វើការទិញទំនិញតាមអនឡាញផ្សេងៗ សូមពិនិត្យ និងវិភាគឲ្យបានជាក់លាក់ពីប្រភពនៃការទិញលក់ ជៀសវាងការខាតបង់ផលប្រយោជន៍ផ្សេងៗដោយប្រការណាមួយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


