កំពត ៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥អ្នកនាំពាក្យសាលាដំបូងខេត្តកំពត សូមជម្រាបជូនសាធារណជនថា ៖ គិតចាប់ពីថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ២០២៥ រហូតដល់បច្ចុប្បន្ន សាលាដំបូងខេត្តកំពត និង សាលាខេត្តកំពត បាននឹងកំពុងទទួលពាក្យស្នើសុំ ពីជនរងគ្រោះ និងដើមបណ្តឹងរដ្ឋប្បវេណីដែលពាក់ព័ន្ធនឹង ក្រុមហ៊ុន ជា សារ៉ន រៀលឌី ឯ.ក ។ ចំពោះពាក្យស្នើសុំ ត្រូវបានពិនិត្យផ្ទៀងផ្ទាត់ ឃើញថាមានការស្នើសុំមួយចំនួនតូចដែលត្រូវធ្វើការបញ្ជាក់ និងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធ ដើម្បី ភាពច្បាស់លាស់ ហើយមានការស្នើសុំជាច្រើនដែលត្រូវបានពិនិត្យរួចរាល់ ។
យ៉ាងណាមិញ នៅអំឡុងពេលដែលសាលាដំបូងខេត្តកំពត កំពុងធ្វើការកោះហៅអ្នកដាក់ពាក្យសុំមកធ្វើការបញ្ជាក់ និងពិនិត្យឯកសារពាក់ព័ន្ធ ឃើញថា មានបុគ្គលមួយចំនួនតូចបានធ្វើសកម្មភាពអូសទាញបង្កើតជាគ្រុប នៅក្នុង បណ្តាញប្រព័ន្ធតេឡេក្រាម (Group Telegram) នៅក្នុងគ្រុបតេឡេក្រាមនោះផងដែរ មានការបំផុសបំផុល ញុះញង់ បំភ្លៃព័ត៌មានខុសពីការពិត បង្កើតការភូតកុហក ពាក់ព័ន្ធនឹងការមកសាកសួរបញ្ជាក់នៅសាលាដំបូងខេត្តកំពត ដូចជា ការផ្ដិតយកម្រាមដៃចំនួន១០ម្រាម ទៅភូតកុហក ញុះញង់ក្នុងន័យផ្សេង ដូចមានរូបភាពភ្ជាប់ជាមួយ និងការលើក ឡើង ថាមានការបង្ខិតបង្ខំពីសាលាដំបូងខេត្តកំពត ជាដើម ។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពត សូមបញ្ជាក់ជូនសាធារណជនជ្រាបថា សាលាដំបូងខេត្តកំពត មិនបានធ្វើការបង្ខិតបង្ខំណាមួយនោះទេ ហើយករណីផ្តិតម្រាមដៃចំនួន១០ម្រាម ធ្វើឡើងដើម្បីធ្វើកោសលវិច័យលើករណីសង្ស័យ ឯកសារក្លែងតែប៉ុណ្ណោះ ពុំដូចការនិយាយបំផុសបំផុល ភូតកុហកនោះឡើយ។ សូមរំលឹកជូនថា ការបញ្ចេញមតិ គឺជាសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ៗ ប៉ុន្តែរាល់ការបញ្ចេញមតិ មិនត្រូវលើសពីព្រំដែនកំណត់នៃច្បាប់ឡើយ ។ ចំពោះ សកម្មភាពញុះញង់ និងបំភ្លៃការពិត គឺជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និងបញ្ញត្តិឱ្យផ្តន្ទាទោស តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។ ដូច្នេះ ស្នើសុំឱ្យមានការបញ្ឈប់សកម្មភាពខាងលើជាបន្ទាន់ ហើយប្រសិនបើ មិនបញ្ឈប់សកម្មភាពនេះទេ សាលាដំបូងខេត្តកំពត នឹងអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹងបំផុត ។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពត សង្ឃឹម និងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ នឹងចូលរួមដោយការទទួលខុសត្រូវខ្ពស់ ។ សាលាដំបូងខេត្តកំពត នឹងអនុវត្តយន្តការដំណោះស្រាយប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ តម្លាភាព និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ៕ រក្សាសិទ្ធដោយ៖សុទ្ធលី










