Saturday, June 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា បានសម្រេចបញ្ជូនតំបន់ព្រំដែនរសើបកម្ពុជា-ថៃ រកដំណោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ រួចទៅហើយ ដូច្នេះកិច្ចប្រជុំ JBC មិនមានរបៀបវារៈព្រំដែននេះទៀតទេ ! 

ដោយហេតុថា បញ្ហានៅតំបន់រសើបទាំង៤ កម្ពុជា-ថៃ គឺតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី កម្ពុជាបានរៀបចំសំណុំរឿងដ៏ត្រឹមត្រូវ ច្បាស់លាស់ ហ្មត់ចត់ បញ្ជូនទៅកាន់តុលាការយុត្ដិធម៌អន្ដរជាតិ ICJ រួចទៅហើយ ដូច្នេះករណីព្រំដែនរសើបទាំង៤នេះ នឹងមិនត្រូវបានបញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក ( JBC ) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះទេ។

ជាការប្ដេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការដោះស្រាយដោយសន្តិវិធីត្រូវបានស្ដែងឡើងតាមរយៈអាកប្បកិរិយាជាប្រវត្តិសាស្ត្ររបស់ខ្លួន រួមទាំងការបញ្ជូនវិវាទព្រំដែនទៅកាន់តុលាការអន្តរជាតិ ( ICJ ) ដែលបានកាត់ក្ដីឱ្យកម្ពុជាឈ្នះម្ដង នៅឆ្នាំ១៩៦២ និងឈ្នះម្ដងទៀតនៅ ឆ្នាំ២០១៣ នៅក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃ។ សកម្មភាពទាំងនេះ ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា ចំពោះច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី។

ចាប់តាំងពីទទួលបានឯករាជ្យមក លើកលែងតែក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមមួយប៉ុណ្ណោះ កម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រែក្លាយព្រំដែនរួមទាំងនេះ ទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ដំណើរជាតិរបស់យើងតែងជួបការប្រឈមជាច្រើន ប៉ុន្តែកម្ពុជាតែងផ្ដល់អាទិភាពដល់ការដោះស្រាយរាល់បញ្ហាព្រំដែន ដោយសន្តិវិធី ទោះបីជាខណៈខ្លះប្រឈមនឹងភាពតានតឹង និងការបាត់បង់គួរឱ្យសោកស្ដាយនូវអាយុជីវិតទាហានដ៏អង់អាចក្លាហានរបស់យើង ដែលឈរជើងការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។

ដូច្នេះ ដើម្បីផលប្រយោជន៍ជាតិកម្ពុជា និងធានាបាននូវដំណោះស្រាយមួយដោយយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង គឺនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ជូនវិវាទនៅតំបន់ដែលមានភាពរសើប ចំនួន ៤ គឺតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមមាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នៅទីក្រុងឡាអេ ព្រោះតំបន់ទាំងបួននេះនៅតែមិនទាន់ដាច់ស្រេចនិងមានភាពរសើបយូរណាស់មកហើយ។ដែលអាចបង្ករភាពតានតឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើមិនមានការដោះស្រាយនោះទេ។

ទោះជារាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនសំណុំរឿង ក៏ដូចជាស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ រួចហើយក៏ដោយ ក៏កម្ពុជានៅតែនឹងបន្តចូលរួមរកដំណោះស្រាយតាមរយៈក្របខ័ណ្ឌទ្វេភាគីដែលមានស្រាប់ ហើយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក ( JBC ) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នារាជធានីភ្នំពេញ, នេះជាសណ្ដានចិត្តទន់ភ្លន់ធំធេងរបស់កម្ពុជាជាមួយនឹងថៃ។

ប៉ុន្តែទោះជាយ៉ាងណាក្ដី ដោយសារសំណុំរឿងរសាប់នូវតំបន់ព្រំដែនដូចបានរៀបរាប់ខាងលើត្រូវបានបញ្ជូនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ រួចទៅហើយនោះ ដូច្នេះករណីតំបន់ទាំង៤ខាងលើ ( ប្រាសាទតាមាន់ធំ ប្រាសាទតាមមាន់តូច និងប្រាសាទតាក្របី ) មិនត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈនៃសម័យប្រជុំ JBC នាពេលខាងមុខនេះទេ៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN

×