ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារសាន់&មូន ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាថ្នាក់ជាតិស្តីពីការបង្កើតមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងប្រព័ន្ធព័ត៌មានធនធានទឹកនៅកម្ពុជា។
សូមជម្រាបថា ពិធីសិក្ខាសាលាថ្នាក់ជាតិនេះ មានការអញ្ជើញចូលរួមពីលោកជំទាវ JYOTSANA Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិនិងអន្តរជាតិ ជាច្រើនរូប។
ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា ការបង្កើតមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងប្រព័ន្ធព័ត៌មានធនធានទឹក គឺជាការចាប់ផ្ដើមបោះជំហានដ៏សំខាន់មួយទៀតរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការផ្តល់នូវការព្យាករធាតុអាកាសប្រចាំថ្ងៃ និងការព្យាករអំពីហានិភ័យនានាមានជាអាទិ៍ ទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីមានជាវិធានការ ការពារអាយុជីវិត ទ្រព្យសម្បត្តិ និងគាំពារបរិស្ថានសង្គម ព្រមទាំងចូលរួមចំណែកប្រកបដោយចីរភាព បង្ការ ទប់ស្កាត់ កាត់បន្ថយគ្រោះមហន្តរាយពីធម្មជាតិ ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិស្តីពីជលវិទ្យា ឧតុនិយម និងអាកាសធាតុ៕រក្សាសិទ្ធដោយ៖សុទ្ធលី












