តាមប្រព័ន្ធផ្សព្វផ្សាយនោះ នាងតូច Kimberly Gordon បានកើតមកក្រោយពេលម្តាយរបស់វាត្រូវរន្ទះបាញ់ចំ ពេលកំពុងឈរក្រោមដើមឈើធំមួយ ខណៈពេលភ្លៀងកំពុងធ្លាក់នៅ Albuquergue , New Mexico អាមេរិក ។
រន្ទះបានបាញ់លើលោក Ian Gordon ជាឪពុករបស់ក្មេងស្រី Kimberly រួចក៏ជ្រិះប៉ះនឹងនាង Kendra Villanueva ជាម្តាយកំពុងពរពោះ ធ្វើឲ្យអ្នកទាំង២ ខ្ទាតចេញឆ្ងាយរងឥទ្ធិពលយ៉ាងដំណំ ។
សំណាងណាស់ដែលពួកគេទាំង ២ នៅមានជីវិត ហើយអ្នកស្រី Kendra បានសម្រាលកូនមួយសន្ទុះក្រោយមកនៅមន្ទីរពេទ្យ ។
ចម្លែកណាស់! ពេលកើតចេញពីផ្ទៃភ្លាមសក់របស់ក្មេងស្រីនេះបះត្រង់ឡើងលើច្រូង ហាក់មានបន្ទុកអគ្គិសនី ។
ក្រុមអ្នកជំនាញការសុខាភិបាលបារម្ភថា នាងតូច Kimberly អចរងផលប៉ះពាល់លើសរសៃប្រសាទធ្វើឲ្យការលូតលាស់របស់នាងមានបញ្ហាជាអាទិ៍ ៖ មិនអាចអង្គុយ លូន ឈរ បរិភោគ និយាយស្តីបានដូចក្មេងដទៃ ។
ប៉ុន្តែសំណាងម្តងទៀតហើយ ដែលក្មេងស្រីនេះពុំមានរោគសញ្ញាដូចការប៉ាន់ស្មានរបស់អ្នកជំនាញការឡើយ ។ ប្រតិកម្មបណ្តាលមកពីរន្ទះតែ១គត់ បន្សល់ទុកគឺ… សក់ប៉ះច្រូងឡើងលើ ពីពេលកើតរហូតដល់ពេលនេះ ។ ដូច្នេះឯងគេហៅនាងថា Kimberly Flash Gordon ។
ក្រោយពេលប្រព័ន្ធផ្សព្វផ្សាយបង្ហាញរឿងនេះឡើង គេទាំងឡាយជឿថា នាងតូចនឹងមានលក្ខណៈពិសេសអ្វីមួយ ព្រោះនាងចាប់កំណើតក្នុងហេតុការណ៍ដ៏អស្ចារ្យ ហើយបន្សល់ទុកសម្លាក “សក់បះច្រូង” ទុកចំណាំ ៕ ចន្ទ្រា