ភ្នំពេញ ៖ ថ្ងៃទី៧ មិថុនា ឆ្នាំ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា សូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនម៉ូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូសី្លមនៅទូទាំងសកលលោកផងដែរ ដោយរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉ាយ៉ាហាជី នាថ្ងៃចន្ទ ទី១០ ខែហ្សុលហិជ្ជះ ឆ្នាំ១៤៤៦ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី ១២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា “ខ្ញុំ និងភរិយា សូមអបអរសាទរចំពោះបងប្អូនម៉ូស្លីមកម្ពុជា ចំនួន ១២០០នាក់ ដែលបានទៅចូលរួមប្រារព្ធពិធីបុណ្យហាជី ដែលជាកាតព្វកិច្ចរបស់ជនម៉ូស្លីមដែលមានលទ្ធផល និងជាសសរស្តម្ភទី៥ ក្នុងសាសនាឥស្លាម ដោយប្រារព្ធឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត ជាមួយនឹងបងប្អូនមកពីគ្រប់ជាតិសាសន៍ជុំវិញសកលលោក ។
ខ្ញុំ និងភរិយា សូមផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនម៉ូស្លីមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាពជាមួយបងប្អូនប្រជាពលរដ្ឋកម្ពុជា ប្រកបដោយសុខដុមនីយកម្មសាសនា និងជាតិសាសន៍ ស្របតាមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។
ខ្ញុំ និងភរិយា សូមជូនពរបងប្អូនម៉ូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស សូមទទួលបាននូវរ៉ស់ម៉ាត់ ស្លើម៉ាត់ និងប៉ារ៉ាកាត់ នៅក្នុងឱកាសនៃថ្ងៃរ៉ាយ៉ាហាជី ទាំងបងប្អូនដែលកំពុងបំពេញកាតព្វកិច្ចហាជី នៅប្រទេសអារ៉ាប៊ីសាអូឌីត និងបងប្អូនម៉ូស្លីមដែលកំពុងរីករាយសាទរ ជួបជុំញាតិមិត្តបងប្អូនផងដែរ” ៕រក្សាសិទ្ធដោយ៖សុទ្ធលី









