Saturday, June 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចនាយករដ្ឋមន្ត្រី អំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ជុំវិញបញ្ហាព្រំដែនកម្ពុជា និងថៃ

រតនគិរី៖ សម្ដេចហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី បានបន្តអំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ជុំវិញបញ្ហាព្រំដែនកម្ពុជា និងថៃ ដោយធ្វើយ៉ាងណា បញ្ចៀសជម្លោះជាតិសាសន៍ ហើយត្រូវជឿជាក់លើរដ្ឋាភិបាល ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ជម្លោះដោយសន្តិវិធី គ្រប់យន្តការដែលមានស្រាប់ ។
កម្ពុជា នៅតែរក្សាជំហរយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាជាងបន្សល់ទុកបញ្ហាឱ្យនៅបន្តស្រពិចស្រពិលរយៈពេលវែង ដែលអាចបង្កឱ្យកើតមានជាជម្លោះប្រដាប់អាវុធសារជាថ្មី។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងដូច្នេះ នៅព្រឹកថ្ងៃសៅរ៍នេះ ពីខេត្តរតនគិរី ។

នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលទាំងឡាយក្នុងវិស័យអប់រំនៅខេត្តរតនគិរី ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តរតនគិរី គឺជាខេត្តមួយឆ្ងាយជាងគេ ពីរាជធានីភ្នំពេញ បើធៀបជាមួយខេត្តដទៃ។ ទោះស្ថិតនៅឆ្ងាយ តែរតនគិរី មានការអភិវឌ្ឍ និងរីកចម្រើន បើធៀបនឹងអតីតកាល បន្ទាប់ពីប្រទេសបញ្ចប់សង្គ្រាម និងរក្សាបានសុខសន្តិភាពពេញលេញជិត ៣០ឆ្នាំមកនេះ។

ពីលើទឹកដីខេត្តរតនគិរី ដែលជាខេត្តមួយស្ថិតក្នុងកិច្ចសហប្រតិបត្តិការ CLV កាលពីអតីតកាលនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកឡើងវិញ ពីគោលបំណងនៃការបង្កើតកិច្ចសហប្រតិបត្តិការ CLV។ CLV គឺជាកិច្ចសហប្រតិបត្តិការមួយ បង្កើតឡើង ដើម្បីជំរុញការអភិវឌ្ឍខេត្តភាគឦសាន ហើយមិនបានធ្វើឱ្យបាត់បង់ដីនោះឡើយ ក្នុងរយៈពេលប្រមាណ២០ឆ្នាំកន្លងមកនេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍនៅខេត្តរតនគិរី គឺអភិវឌ្ឍន៍រុញផលឱ្យទទួលបានទាំងអស់គ្នា មិនមែនបោះបង់នរណា ឬលុបចោលជនជាតិដើមភាគតិចនោះឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើទោះបីកិច្ចសហប្រតិបត្តិការ CLV ត្រូវបានបិទបញ្ចប់ តែកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជាតិខាងនៅតែបន្ត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីការពារទឹកដីមិនអាចជ្រើសយកការធ្វើរបងនោះឡើយ គឺត្រូវជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមព្រំដែន។ សម្រាប់សម្តេចនាយករដ្ឋមន្ត្រី ការរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅតាមព្រំដែន ជាខឿនការពារទឹកដីដ៏រឹងមាំ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មវិធីពិសេសនៃការវិនិយោគនៅខេត្តភាគឦសាន មិនមែនជាកម្មវិធីដណ្តើមការងារ ឬដណ្តើមដីរបស់ប្រជាពលរដ្ឋនោះឡើយ គឺជាកម្មវិធីមួយជំរុញបន្ថែមដល់ការអភិវឌ្ឍនៅក្នុងខេត្ត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាង២០ឆ្នាំមកនេះ រតនគិរី បានប្រែក្លាយពីខេត្តគ្មានការអភិវឌ្ឍ ទៅជាខេត្តមានការអភិវឌ្ឍ។ រាជរដ្ឋាភិបាលនៅតែបន្តប្រឹងប្រែងជំរុញកិច្ចអភិវឌ្ឍន៍នៅក្នុង ដោយមិនដកដៃនោះឡើយ។ ប៉ុន្តែដើម្បីរក្សាបានកិច្ចអភិវឌ្ឍន៍ ត្រូវរក្សាឱ្យបាននូវសុខសន្តិភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ពលរដ្ឋខេត្តភាគឦសាន ដែលបានចេញមុខការពារសន្តិភាព និងបង្ហាញសច្ចភាព នៅពេលគេញុះញង់រឿង CLV កាលពីពេលកន្លងទៅ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ថានភាពនៃសង្គមនីមួយៗ គឺស្តែងពីសកម្មភាពរបស់ប្រជាពលរដ្ឋនៅក្នុងសង្គម។ ក្រុងបាន​លុងអត់សំរាម អានាម័យល្អ គឺស្តែងពីឥរិយាបថនៃការរស់នៅរបស់ប្រជាពលរដ្ឋ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងពេលធ្វើដំណើរតាមឧទ្ធម្ភាគចក្រមកកាន់ខេត្តរតនគិរី សម្តេចបានឆ្លៀតឈ្វេងយល់ពីបណ្តឹងនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ លើទំនាស់ព្រំដែនរវាងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី គ្រាកម្ពុជាកំពុងរៀបចំការប្តឹងទៅ ICJ ក្នុងជម្លោះព្រំដែនជាមួយថៃ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីដោះស្រាយបញ្ហាជាមួយប្រទេសថៃ កម្ពុជាប្រើយន្តការចំនួនរួមមាន៖ យន្តការទ្វេភាគី, យន្តការអន្តរជាតិ និងការប្រើកម្លាំងតបត បើថៃប្រើកម្លាំងបំពានលើកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អរគុណប្រជាពលរដ្ឋខ្មែរ ដែលជួយទប់ទល់មិនឱ្យបញ្ហាព្រំដែនកម្ពុជា-ថៃ រីករាលដាល។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ពលរដ្ឋខ្មែរ កុំឱ្យបញ្ហានៅមុំ៣ ក្លាយទៅជាជម្លោះជាតិសាសន៍។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅថៃមានជនជ្រុលនិយម អំពាវនាវឱ្យចាប់បញ្ជូនពលករខ្មែរត្រឡប់មកស្រុក និងឈប់លក់ទំនិញឱ្យខ្មែរ។ ប៉ុន្តែការអំពាវនាវរបស់ក្រុមជ្រុលនិយមនេះ មិនមានការធ្វើតាមនោះឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការយកជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ទៅ ICJ មិនមែនជាការបញ្ឆេះសង្គ្រាមទេ តែជាការរំលត់​បញ្ហា។ តុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រេចបែបណា កម្ពុជានឹងទទួលយក។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា មិនបោះបង់យន្តការទ្វេភាគីនោះឡើយ ក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ប្តឹងទៅកាន់តុលាការ ICJ ក៏ដូចជាការបញ្ចប់កិច្ចសហប្រតិបត្តិការ CLV មិនមែនធ្វើតាមការលើកឡើងរបស់ក្រុមប្រឆាំងនោះឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តុលាការយុត្តិធម៌អន្តរជាតិ ICJ មានបណ្តឹងច្រើនណាស់សម្រាប់ដោះស្រាយ មិនមែនអង្គុយចាំតែដោះស្រាយរឿងរបស់កម្ពុជានោះទេ។ ការទទួលយកបណ្តឹង គឺគេពិនិត្យលើបញ្ហានោះល្អិតល្អន់ណាស់។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនចង់ឱ្យបញ្ហាព្រំដែនជាមួយប្រទេសជិតខាងដែលបន្សល់រាប់រយឆ្នាំមកនោះ ឱ្យបន្តនៅស្រពិចស្រពិល និងបង្កើតជាបញ្ហាបន្តទៀតនោះឡើយ។ អាស្រ័យហេតុនេះហើយ ទើបរាជរដ្ឋាភិបាលប្រកាន់យកជំហរប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់កងទ័ពទាំងអស់ ដែលបានត្រៀមលក្ខខណៈរួចជាស្រេចក្នុងការឆ្លើយតប បើមានការឈ្លានពានដោយកម្លាំងប្រដាប់អាវុធ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×