ខេត្តរតនគិរី ៖ អនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ភោធអគារសិក្សា អគារទីចាត់ការ អគារសយនដា្ឋន និង អគារពិសោធន៍ និងសមិទ្ធផលនានា នៅក្នុងខេត្តរតនគិរី ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។
អនុសាសន៍របស់សម្តេចមហាបវរធិបតី៖
១. រដ្ឋបាលខេត្ត និង រដ្ឋបាលក្រុង ស្រុក ត្រូវពង្រឹង គាំទ្រ និង ទទួលខុសត្រូវលើមុខងារ ដែលរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និង កីឡាបានប្រគល់ជូន។ គ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ ត្រូវសហការ និង បន្តស្មារតីពូនជ្រំ ចូលរួមកសាង និង អភិវឌ្ឍមូលធនមនុស្ស របស់យើង ឱ្យក្លាយជាធនធានប្រកបដោយចំណេះដឹង គុណភាព គុណធម៌ និង មាន សមត្ថភាពប្រកួតប្រជែងទាំងក្នុងតំបន់ និង នៅលើឆាកអន្តរជាតិ។
២. សម្ដេចបវរធីបតី លើកទឹកចិត្ត ដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ន គ្រប់គ្រឹះស្ថានសិក្សាក្នុងខេត្ត បន្តសហការ ដើម្បីលើកស្ទួយវិស័យអប់រំ ឱ្យកាន់ត ល្អប្រសើរ តាមរយៈការផ្តល់សេវាបង្រៀនប្រកបដោយគុណភាពខ្ពស់ កិច្ចខិតខំបន្ត អភិវឌ្ឍសមត្ថភាពជាប្រចាំ ក្នុងការពង្រឹងអភិបាលកិច្ចសាលារៀន និងការអភិវឌ្ឍប្រព័ន្ធអប់រំ ឱ្យកាន់តែរឹងមាំ មានភាពបុរេសកម្ម, ទំនើបកម្ម, ព្រមទាំងយកចិត្តទុកដាក់លើធនធាន យុវជនសម្រាប់ជាអ្នកបន្តវេន និង ជាសសរទ្រូងដ៏រឹងមាំ សំដៅឈានឆ្ពោះទៅដល់ ការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។
៣. សម្ដេចបវរធីបតី គាំទ្រ និង ជំរុញការរៀនសូត្រពេញមួយជីវិត និង ការអភិវឌ្ឍជំនាញ បង្កើតគំនិតផ្តួចផ្តើម ដែលលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិត សម្រាប់មនុស្សពេញវ័យ ក្នុងការទទួលបានឱកាសសិក្សាជាបន្តបន្ទាប់ ដើម្បីរក្សាការប្រកួតប្រជែង និង សម្របខ្លួន នៅក្នុងកម្លាំងការងារក្នុងយុគសម័យឌីជីថល។
៤. បន្តកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដោយត្រូវលើកកម្ពស់គុណវុយិ គ្រូបង្រៀន ចេញថ្មី និង បន្តធ្វើវិក្រឹតការគ្រូបង្រៀន ឱ្យស្របតាមស្ដង់ដាវិជ្ជាជីវៈគ្រូបង្រៀន រួមទាំង ការផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និងផ្តល់ឧបករណ៍គាំទ្រចាំបាច់ ស្របតាមតម្រូវការ ក្នុងការអនុវត្តវិធីសាស្ត្របង្រៀនបែបថ្មី និង ការអប់រំឌីជីថល។ គ្រូបង្រៀន គឺជាបេះដូង នៃប្រព័ន្ធអប់រំ, ដូច្នេះតាមរយៈការពង្រឹងជំនាញរបស់គ្រូបង្រៀន យើងនឹងធានាបាននូវ ការអប់រំប្រកបដោយគុណភាព ភាពច្នៃប្រឌិតថ្មី និង ការផ្សាភ្ជាប់គំនិតច្នៃបង្កើតទាំងនោះ ទៅនឹងជីវភាពរស់នៅជាក់ស្តែង។
៥. មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំ យុវជន និងកីឡាស្រុក និងគណៈគ្រប់គ្រង សាលារៀន ត្រូវបន្តសហការក្នុងការលើកកម្ពស់សុខភាពអនាម័យនៅតាមគ្រឹះស្ថានសិក្សា និង ត្រៀមវិធានការឆ្លើយតប និង ចូលរួមទប់ស្កាត់ភ្លាមៗ ព្រមទាំងបង្កើនការអប់រំ អំពី សុវត្ថិភាពសុខភាពសិក្សា, សុវត្ថិភាពចំណីអាហារ, កែលម្អហេដ្ឋារចនាសម្ព័ន្ធសុខភាព, ដូចជា រៀបចំបន្ទប់សុខភាពស្ដង់ដា បរិស្ថានសាលារៀនបៃតង សាលារៀនស្អាតគ្មានសំរាម និងការលើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និងអនាម័យ។ ការដោះស្រាយសុខភាពផ្លូវចិត្ត និង សុខុមាលភាពរបស់សិស្សានុសិស្សនៅក្នុងសាលារៀន រួមបញ្ចូលទាំងកម្មវិធីអប់រំ សុខភាពផ្លូវចិត្ត និង សុខុមាលភាពនៅក្នុងសាលារៀន។ សាលារៀន ត្រូវតែជាកន្លែង សុវត្ថិភាពដែលចិញ្ចឹមទាំងការសិក្សា និង ការលូតលាស់ផ្លូវចិត្ត។
៦. មន្ទីរ និងការិយាល័យ ចំណុះ ក្រសួងអប់រំ យុវជន និង កីឡា និងគណៈគ្រប់គ្រងសាលារៀន ត្រូវសហការ ជាមួយភាគីពាក់ព័ន្ធនៅថ្នាក់មូលដ្ឋាន ជំរុញភាពជាដៃគូសាធារណៈ និង សហគមន៍ក្នុងការអប់រំ ដោយចាប់ផ្តើមអនុវត្ត នៅតាមសាលារៀនគំរូ និង សាលារៀន គោលដៅគ.វ.អ ដោយត្រូវបន្តធ្វើសុខុដុមនីយកម្ម និងរៀបចំសេចក្ដីណែនាំអនុវត្តឱ្យបាន គ្រប់ជ្រុងជ្រោយ ព្រមទាំងផ្សព្វផ្សាយឱ្យបានទូលំទូលាយ និង បំផុសស្មារតីចូលរួម តាមគោលការណ៍ស្ម័គ្រចិត្ត សម្រាប់គាំទ្រដល់ការបន្ថែមមុខវិជ្ជាថ្មីៗ ឬការបន្ថែមម៉ោង អនុវត្ត ដើម្បីឱ្យសិស្សចំណាយពេលកាន់តែច្រើននៅក្នុងសាលារៀន ក្រោមការគ្រប់គ្រង និង ដឹកនាំរបស់គ្រូបង្រៀន និងបង្កើតទំនាក់ទំនងរវាងមាតាបិតាសិស្ស និងគ្រូបង្រៀន ដើម្បីផ្ដល់ព៌ត័មាន និង ជួយគ្នាទៅវិញទៅមកអំពីការអប់រំសិស្ស និង លើកទឹកចិត្តមាតាបិតាឱ្យចូលរួមជាមួយការសិក្សាររបស់សិស្សឱ្យកាន់តែច្រើន។
៧. ក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធក្នុងសហគមន៍ មាតាបិតា និងអាណាព្យាបាល ត្រូវសហការក្នុងការបន្តអភិវឌ្ឍកុមារ និង យុវជន ឱ្យមានស្មារតីទទួលខុសត្រូវ មានជំនឿ លើសមត្ថភាពរបស់ខ្លួន និង ប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គម មានសីលធម៌ និង ការរស់នៅក្នុងភាពជាពលរដ្ឋល្អ តាមរយៈការបំផុសចលនា “កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ” កម្មវិធីយុវជនស្ម័គ្រចិត្ត និង ការលើកទឹកចិត្តឱ្យយុវជនចុះជួយដល់មូលដ្ឋាន នៅតាមសហគមន៍ ព្រមទាំងបន្តបណ្តុះបណ្តាលជំនាញបច្ចេកទេស និង ជំនាញទន់ដល់ យុវជនសំដៅឆ្លើយតបបានទៅនឹងឱកាសការងារ និង ភាពរឹងមាំនៃកោសិកាសង្គម។
៨. ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តលើកកម្ពស់វិស័យ កីឡា ដើម្បីកសាងមនុស្សគ្រប់រូប ឱ្យមានសុខភាព និងសុខុមាលភាពល្អ កាយសម្បទាមាំមួន ឆ្ពោះទៅកាន់ភាពមានអំណត់។
៩. ក្រសួងអប់រំ យុវជន និង កីឡា, គ្រឹះស្ថានសិក្សារដ្ឋ និង ឯកជន ត្រូវសហការគ្នាក្នុង ការលើកកម្ពស់ការអប់រំវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម, សិល្បៈ និង គណិតវិទ្យានៅ គ្រប់កម្រិត ដើម្បីរៀបចំសិស្ស និង និស្សិតឱ្យកាន់តែប្រសើរឡើង និង ទទួលបាននូវ បំណិនសតវត្សរ៍ទី ២១ ជាពិសេស ជំរុញការបំពាក់បំប៉នជំនាញ ។
១០.គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្ស ត្រូវជួយថែរក្សានូវ សមិទ្ធផលដ៏ថ្លៃថ្លានេះឱ្យមានអនាម័យល្អ សោភណភាពស្អាត បរិស្ថានល្អ មានផាសុកភាព និង ស្ថិតស្ថេរយូរអង្វែង សម្រាប់ជាថ្នាលបណ្តុះបណ្តាលកុមារ និង យុវជនកម្ពុជាយើង បន្តទៅមុខទៀត។
១១. ប្អូនៗសិស្សានុសិស្ស យុវជន យុវនារីទាំងអស់ ត្រូវបន្តខិតខំរៀនសូត្របន្ថែមទៀត ៕ រក្សាសិទ្ធដោយ៖សុទ្ធលី







