Saturday, June 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តរតនគិរី ជាខេត្តដែលមានចម្ងាយឆ្ងាយជាងគេ ធៀបនឹងបណ្តាខេត្តទូទាំង​ប្រទេស តែរាជរដ្ឋា​ភិបាល​មិនបានមើលរំលង ឬទុកចោលនោះទេ ដោយបានដាក់ចេញនូវគោល​នយោបាយ និងផែន​ការ​អភិវឌ្ឍ និងការតភ្ជាប់យ៉ាងច្រើន​​ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍលើ​គ្រប់​វិស័យ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​សម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ ស្ថិតក្នុងសង្កាត់ឡាបាន​សៀក ក្រុងបានលុង ខេត្តរតនគិរី នាព្រឹកថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥ ថាខេត្តរតនគិរី ជាខេត្តដែលមានចម្ងាយឆ្ងាយជាងគេ ធៀបនឹងបណ្តាខេត្តទូទាំង​ប្រទេស តែរាជរដ្ឋាភិបាល​មិនបាន​មើលរំលង ឬទុកចោលនោះទេ ដោយបានដាក់ចេញនូវគោល​នយោបាយ និងផែនការអភិវឌ្ឍ និង​ការតភ្ជាប់យ៉ាងច្រើន​ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍលើ​គ្រប់​វិស័យ ក្រោមស្ថិរភាព ក្រោម​ម្លប់​សន្តិភាព ហើយបន្តដើរទៅមុខជានិច្ច។ ការអភិវឌ្ឍនៅទីនេះ គឺមិនមានការរើស​អើងនោះ​ទេ ហើយ​បាន​ជំរុញដល់គ្រប់ជនជាតិ​ខ្មែរយើងបានរួមរស់ជាមួយគ្នា ប្រកបដោយសុខុដមរមនា​ ហើយធានាបាននូវឱកាសក្នុងការ​ទទួល​បានមនុញ្ញផល​នៃ​ការអភិវឌ្ឍក្នុងខេត្ត និងផែនការកសាងផ្លូវក្រវាត់ព្រំដែន ក្រោយពី​ការ​ដក​ខ្លួន​អំពី​គម្រោងការអភិវឌ្ឍតំបន់ CLV-DTA គឺយើងរឹតតែមានការ​អភិវឌ្ឍតាមព្រំដែន តាមរយៈការ​អភិវឌ្ឍ ដោយយកប្រជាជនជាខឿនការ​ពារ ជាតិ, ការពារទឹកដី, បើកច្រកសេដ្ឋកិច្ច, ជំរុញប្រជាជន​ទៅរស់នៅ ដែលនឹងក្លាយជារបង​ការពារទឹកដីប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញច្បាស់អំពីការអភិវឌ្ឍនៅខេត្តរតនគិរី ដោយ​ថែរក្សាការពារ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ជាពិសេសការលើកកម្ពស់ទីកន្លែងជូន​ប្រជាជន សម្រាប់កំសាន្តផង និងកីឡាផង។​ ជាក់ស្តែង, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ប្រកាស​បញ្ជាក់អំពីគម្រោងផ្លាស់ប្តូរមន្ទីរសុខាភិបាលខេត្ត ដែលមានទីតាំងនៅបឹងកន្សែង ដោយផ្លាស់ប្តូរ​ទៅទីតាំងផ្សេង ប្រែក្លាយអគារដែលមានស្រាប់នៅជាទ្រព្យសម្បត្តិសាធារណៈ សម្រាប់ប្រជាជន​អាចប្រើប្រាស់ និងជាផលប្រយោជន៍រួម។ ជាមួយគ្នានេះ, ប្រមុខរាជរដ្ឋាភិបាល ក៏បានកោត​សរសើរ​រដ្ឋបាលខេត្ត ដែលបានប្រែក្លាយ និងរៀបចំសួនកំសាន្តយ៉ាងស្រស់ស្អាត និងទាក់ទាញសម្រាប់​ប្រជាជនទៅសម្រាកលំហែ​, លេងកីឡា, អានសៀវភៅ​ និង សួនកុមារ ដែលផ្តល់នូវសេចក្តីសុខ និង​លើក​កម្ពស់ការរស់នៅប្រកបដោយសុខុមាលភាព។

ព្រមជាមួយគ្នានេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់បងប្អូន​ប្រជា​ពលរដ្ឋខេត្តរតនគិរី និងបណ្តាខេត្តតាមព្រំដែននាទិសឦសានដែលមានជំនឿទុកចិត្តលើ​រាជ​រដ្ឋាភិបាល និងនឹងនរក្នុងចិត្ត មិនចាញ់បោកការបំផុសកាលពីកន្លងទៅ ដោយរក្សាបានស្ថិរភាព និង​ផ្សព្វផ្សាយការពិតដែលកើតមាននៅខេត្តដែលខ្លួនកំពុងរស់នៅ រក្សាបានលំនឹង និង​ទប់​ស្កាត់​ការរុញស្ថានការណ៍ធ្លាក់ទៅក្នុងសភាពការមិនល្អ តាមផែនការរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច។ រាជ​រដ្ឋា​ភិបាល និងប្រជាជន គឺត្រូវរួមគ្នាតែមួយ ដោយផ្តល់សិទ្ធិសេរីភាព ផ្តល់ហិញ្ញវត្ថុ និងចាប់ឱកាស។ តួយ៉ាងការបណ្តុះបណ្តាលលើវិស័យអប់រំថ្ងៃនេះ ប្រសិនបើ​រាជរដ្ឋាភិបាលខិតខំកសាងអគារសិក្សា ពង្រីកហេដ្ឋារចនាសម្ព័ន្ធជាច្រើនយ៉ាងណា បើបងប្អូន​ប្រជាជន មិនពេញចិត្ត ហើយមិនជំរុញកូនៗចូលរៀន នោះក៏មិនទទួលបានផលវិជ្ជមានដែរ។

មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីជំហរកម្ពុជា ក្នុងការដោះ​ស្រាយ​បញ្ហាព្រំដែនដោយឈរលើយន្តការចំនួន ៣៖ ១/ យន្តការបច្ចេកទេស, ២/ យន្តការអន្តរ​ជាតិ និង៣/ យន្តការយោធា។ ក្នុងនោះ, ទី១/​ យន្តការបច្ចេកទេស គឺជាការខិតខំ​ដោះស្រាយព្រំដែន​​ តាមបែបបច្ចេកទេសស្របតាមឯកសារបទដ្ឋានគតិយុត្ត ដោយឈរ​លើ​ផែនទីដែល​គណៈកម្មការកំណត់ព្រំដែនបារាំង-សៀម ជាគោល គឺផែនទី ១/២០០.០០០។ ទី២/​ យន្តការអន្តរជាតិ​ គឺជាយន្តការច្បាប់អន្តរជាតិ ដោយផ្អែកលើមូលដ្ឋានអន្តរជាតិ​ ហើយ ទី៣/ យន្តការយោធា​ គឺកម្ពុជារក្សាសិទ្ធិក្នុងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ប្រសិនបើ​មាន​ការ​ឈ្លានពានបូរណភាពទឹកដី។ ជាមួយគ្នានេះ, កម្ពុជាប្រកាន់ជំហរ ៤ គឺ៖ ១/ កម្ពុជាប្រកាន់ខ្ជាប់​នូវគោល​ជំហរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ, ២/ ការសម្រេចចិត្តរបស់​កម្ពុជា​ដើម្បី​យក​បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការ​យុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែន​នៅតំបន់ទាងនោះដោយ​សន្តិវិធី​ ឱ្យបានឆាប់​ចប់​ ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាឱ្យនៅបន្តស្រពិចស្រពិលរយៈពេលវែង ដែលអាចបង្កឱ្យកើតមានជាជម្លោះប្រដាប់អាវុធសាជាថ្មី, ៣/​ បន្តសហការជាមួយភាគី​ថៃដើម្បី​ជំរុញ​ការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពី​តំបន់​ទាំង៤ខាងលើ) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ និងទី​ ៤/ បន្តទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តម​ប្រយោជន៍​​សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ កម្ពុជា-ថៃ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×