Thursday, June 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានស្នើសុំ JICA បន្តផ្តល់ការគាំទ្រលើការងារអភិបាលកិច្ចមូលដ្ឋានតាមរយៈការចុះតាមមូលដ្ឋាន ដើម្បីវាយតម្លៃជាក់ស្តែង បន្តផ្តល់ការឧបត្ថម្ភគាំទ្រដល់គម្រោងទីក្រុងឆ្លាតវៃ

រាជធានីភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក SANUI Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន (JICA) បានផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យមហាផ្ទៃ ពិសេសគម្រោងដែលផ្ដល់ការគាំទ្រដោយ JICA។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការ និងការផ្តល់ការគាំទ្ររបស់ JICA នាពេលកន្លងមករួមមាន វិស័យអភិបាលកិច្ចមូលដ្ឋានលើផ្នែកវិមជ្ឈការ និងវិសហមជ្ឈការ ការបណ្តុះបណ្តាលមន្ត្រី គម្រោងទីក្រុងឆ្លាតវៃខេត្តសៀមរាប ក្នុងគោលដៅផ្តល់សេវារដ្ឋបាលឱ្យកាន់តែកៀកជូនប្រជាជន និងការងារសុវត្ថិភាពចរាចរណ៍ដើម្បី កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។
លោក SANUI Kazumasa ក៏បានជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិត អំពីសមិទ្ធផលនានារបស់គម្រោងទីក្រុងឆ្លាតវៃដំណាក់កាលទី១ ដែលបានបញ្ចប់កាលពីខែឧសភា ឆ្នាំ២០២៥ ថ្មីៗនេះ ហើយ JICA នឹងបន្តកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធនានាក្នុងដំណើរការគម្រោងទីក្រុងឆ្លាតវៃដំណាក់កាលទី២ ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ជាបន្តទៀត។

ក្នុងជំនួបនោះដែរ លោក SANUI Kazumasa ក៏បានលើកឡើងពីការផ្តល់ការគាំទ្ររបស់JICA ក្នុងការចូលរួមចំណែកក្នុងការងារជួយសង្គ្រោះជនរងគ្រោះពីអំពើជួញដូរមនុស្ស ដូចជាការផ្តល់យោបល់លើសេចក្តីណែនាំស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ ព្រមទាំងការផ្តល់ការគាំទ្រលើជំនួញបច្ចេកទេស 3Es របស់ JICA ចំពោះគម្រោងធ្វើឱ្យប្រសើរឡើងលើគម្រោងផ្លូវជាតិលេខ៥។

ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណចំពោះ ការផ្តល់ការគាំទ្ររបស់ JICA លើគម្រោងទាំង៣ ខាងលើ និងបានស្នើសុំ JICA បន្តផ្តល់ការគាំទ្រលើការងារអភិបាលកិច្ចមូលដ្ឋានតាមរយៈការចុះតាមមូលដ្ឋាន ដើម្បីវាយតម្លៃជាក់ស្តែង បន្តផ្តល់ការឧបត្ថម្ភគាំទ្រដល់គម្រោងទីក្រុងឆ្លាតវៃ បន្តចូលរួមសហការក្នុងការងារការពារជនរងគ្រោះពីអំពើជួញដូរមនុស្ស បន្តផ្តល់ការបណ្តុះបណ្តាលពលរដ្ឋតាមមូលដ្ឋាន និងសហការជាមួយស្ថាប័នមានសមត្ថកិច្ចដើម្បីចូលរួមក្នុងការងារសុវត្ថិភាពចរាចរណ៍ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ហើយក្រសួងមហាផ្ទៃ ស្វាគមន៍ជានិច្ចចំពោះ កិច្ចសហការនានារវាងក្រសួងមហាផ្ទៃ និងJICA៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×