Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីភ្នំពេញ សេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារាំតុងភ្នំពេញ លើកទី១៣

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ លើកទី១៣ នៅសួនច្បារមុខវត្តបទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្ត ទៅនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៥:០០នាទី ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មគម្រប់៨៩ យាងចូល ៩០ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។

ដើម្បីឱ្យព្រឹត្តិការណ៍ទិវារត់ប្រណាំងខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ អាជ្ញាធរមាន
សមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នដែលធ្វើដំណើរតាម តម្រាយផ្លូវរត់ប្រណាំងចាប់ពីសួនច្បារមុខវត្តបទុមវតី តាមមហាវិថីសម្ដេចសុធារស បត់ឆ្វេងតាមផ្លូវលេខ២៤០ បត់ស្តាំតាមមហាវិថីព្រះនរោត្តម ឆ្ពោះទៅរង្វង់មូលវត្តភ្នំ បន្តតាមផ្លូវលេខ៤៧ ឆ្ពោះទៅរង្វង់មូលកួចកាណុង បត់ស្តាំតាមផ្លូវឧកញ៉ាឃ្លាំងមឿង បត់ស្តាំតាមតិរវិថីព្រះស៊ីសុវត្ថិ ឆ្ពោះទៅរង្វង់មូលសម្តេចព្រះសង្ឃរាជ ជួន ណាត រួចបត់ឆ្វេងតាមផ្លូវមុខសណ្ឋាគារណាហ្គាវើលដ៍ រួចបត់ស្តាំតាមផ្លូវសបិត (មុខក្រសួងបរិស្ថាន) បត់ឆ្វេងតាម ស្ពានឥន្ទធនូ បន្តតាមវិថីកោះពេជ្រ ឆ្ពោះទៅស្ពានកោះនរា រហូតទៅដល់រង្វង់មូលកោះនរា បត់ឆ្វេងទៅផ្លូវមាត់ ទន្លេកោះនរា រហូតដល់ចុងកោះនរា រួចបត់ត្រលប់ក្រោយតាមផ្លូវមាត់ទន្លេកោះនរា ឆ្ពោះមកស្ពានកោះនរា បត់ស្តាំតាមវិថីកោះពេជ្រ ឆ្ពោះមកស្ពាននាគ រហូតដល់ទីផ្តាច់ព្រ័ត្រនៅសួនច្បារមុខវត្តបទុមវតីវិញ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវរត់ប្រណាំង ខាងលើមេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរដោយអនុគ្រោះ ចាប់ពីវេលាម៉ោង ០៥:០០នាទី រហូតដល់បញ្ចប់កម្មវិធី។ ក្រោយបញ្ចប់ព្រឹត្តិការណ៍ទិវារត់ប្រណាំងខាងលើ អាជ្ញាធរមានសមត្ថកិច្ច នឹងបើកឱ្យចរាចរណ៍ជាធម្មតាវិញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×